វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ (សាច់ផុយជាប់ខ្លាញ់) ៨០០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ប័រ ១ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកអំពិលទុំ ៤ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករ ៣ស្លាបព្រាបាយ, ម្ទេសហុយ ៣ស្លាបព្រាបាយ, អង្ករលីង ២ស្លាបព្រាបាយ, ស្លឹកជីរណា ឬស្លឹកខ្ទឹមហាន់, ខ្ទឹមក្រហមហាន់ស្តើង (មិនដាក់ក៏បាន), បន្លែអន្លក់ ការ៉ុត, សណ្តែកកួរ, ស្ពៃក្តោប, ត្រសក់…តាមចំណូលចិត្ត។
វិធីធ្វើ៖
១.សាច់គោហាន់ជាបន្ទះធំៗល្មម យកសមដែកចាក់លើសាច់ឲ្យសព្វ (ដើម្បីពេលប្រឡាក់សាច់ចូលជាតិល្អ) រួចដាក់អំបិល, ម្រេច, ទឹកប្រេងខ្យង និងប្រេងសណ្តែកចូលប្រឡាក់ជាមួយសាច់ឲ្យសព្វល្អទុកចោលរយៈពេល ១០នាទី
២.ធ្វើទឹកជ្រលក់ លាយទឹកអំពិលទុំ, ស្ករ, ទឹកត្រី, ទឹកក្រូចឆ្មារ និងម្ទេសហុយចូលគ្នា រួចដាក់អង្ករលីងចូល កូរចូលគ្នា ហើយដាក់ស្លឹកជីរ ឬស្លឹកខ្ទឹម និងខ្ទឹមក្រហមចូលជាការស្រេច
៣.ដាំខ្ទះ (ខ្ទះធម្មតា ឬខ្ទះបន្ទះដែកសម្រាប់អាំងសាច់) លាបប័រឲ្យសព្វ រួចយកសាច់គោដាក់ចូល ចំអិនឲ្យឆ្អិនល្មម ឬក៏យកទៅអាំងបែបធម្មតាក៏បានតាមចំណូលចិត្ត
៤.រួចរាល់អស់ហើយយកសាច់គោហាន់ជាដុំៗតាមចំណូលចិត្ត ហូបជាមួយបន្លែអន្លក់ ជ្រលក់ជាមួយទឹកត្រីអំពិលទុំរសជាតិហឹរឆ្ងាញ់ ឬក៏ស្រោយទឹកជ្រលក់ចូលក៏បាន៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។