ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីជួយព្យាបាលពងបែកក្នុងមាត់យ៉ាងមានប្រសិទ្ធភាព!

27-Dec-2019 10:14 AM

រូបភាព


ដោយ: AdminI

អាការៈពងបែកក្នុងមាត់ គឺជាស្នាមពងបែកពណ៌សថ្លាមាននៅតាមបបូរមាត់ផ្ទៃខាងលើ និងខាងក្រោមមាត់ រួមទាំងមានលើអណ្តាតទៀតផង។ ពងបែកមាត់កើតឡើងនៅពេលដែលក្រពេញទឹកមាត់ស្ទះ ជាពិសេសនៅពេលដែលអ្នកខាំមាត់ ឬខាំសាច់ថ្ពាល់ខាងក្នុងរបស់អ្នកដោយចៃដន្យ។ ពងបែកទាំងនោះតូចៗ និងមិនបង្កជាការឈឺចាប់អ្វីទេ តែទោះជាយ៉ាងណា ប្រសិនបើអ្នកទុកចោលមិនព្យាបាលវានឹងអាចរីកធំ រួចបង្កជាការឈឺចាប់ខ្លាំង។ ជាក់ស្តែងបញ្ហាពងបែកមាត់នេះកម្របង្កជាសភាពធ្ងន់ធ្ងរណាស់ ប៉ុន្តែប្រសិនបើវាបង្កជាដំបៅរ៉ាំរ៉ៃ អ្នកត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាម។

ពងបែកក្នុងមាត់អាចកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្តែជាធម្មតាគេសង្កេតឃើញកើតមានលើមនុស្សមានអាយុចន្លោះពី ១០ឆ្នាំ ទៅ ២៥ឆ្នាំ ច្រើនជាងគេបំផុត។ ពងបែកមាត់ខ្លះមិនត្រូវការព្យាបាលទេ ដោយយូរៗទៅវានឹងជាដោយខ្លួនឯង។ ទន្ទឹមនឹងនោះដែរ អ្នកក៏អាចស្វែងរកការព្យាបាលតាមបែបវេជ្ជសាស្រ្តពីគ្រូពេទ្យជំនាញ ឬព្យាបាលដោយខ្លួនឯង តាមបែបធម្មជាតិងាយៗដូចខាងក្រោមនេះ ៖

វិធីព្យាបាលអាការៈពងបែកក្នុងមាត់ដោយខ្លួនឯង៖

១.អំបិល: គឺជាឱសថព្យាបាលពងបែកក្នុងមាត់ដ៏មានប្រសិទ្ធភាព និងរហ័សជាងគេបំផុត ដោយអាចជួយកាត់បន្ថយការឈឺចាប់ និងការរលាកបានថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែលាយអំបិល កន្លះស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកក្តៅឧណ្ណៗ ១កែវ រួចយកមកខ្ពុរមាត់មួយថ្ងៃ ៣-៤ដង នោះអ្នកនឹងសង្កេតឃើញពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាជាក់ជាមិនខាន។ 

២.ទឹកកក: មានប្រសិទ្ធភាពអាចជួយឲ្យសាច់ស្ពឹក និងបន្ធូរបន្ថយការឈឺចាប់របស់ពងបែកក្នុងមាត់បាន។ ងាយៗដោយអ្នកគ្រាន់តែយកក្រណាត់ស្អាតណាមួយមករុំដុំទឹកកក ២-៣ដុំ រួចយកមកស្អំលើបរិវេណ ដែលមានពងបែកប្រមាណជា ១នាទី និងត្រូវអនុវត្ត ២-៣ដង ក្នុងមួយថ្ងៃ។ បន្ថែមពីនេះទៅទៀត អ្នកអាចឧស្សហ៍ទទួលទានទឹកត្រជាក់ៗបន្ថែម ដើម្បីកាន់តែឆាប់ជាសះស្បើយផងដែរ។

៣.ប្រទាលកន្ទុយក្រពើ: មានលក្ខណៈសម្បត្តិអាចប្រឆាំងនឹងភាពរលាក ជួយបំបាត់ការឈឺចាប់ និងជួយឲ្យឆាប់ជាសះស្បើយ ជាពិសេសវាអាចការពារមិនឲ្យអ្នកកើតពងបែកញឹកញាប់បានសឹងតែមិនគួរឲ្យជឿ។ អ្នកគ្រាន់តែចិតសំបកចេញ រួចយកសាច់ថ្លារបស់វាមកបិទពីលើកន្លែងមានពងបែក និងទុកចោលប្រមាណជា ២០នាទី រួចលាងសម្អាតមាត់ចេញ ដោយទឹកក្តៅឧណ្ណៗ។ អ្នកអាចអនុវត្ត ២-៣ដងក្នុងមួយថ្ងៃ ត្រឹមតែ ២ ឬ ៣ថ្ងៃ ធានាថានឹងជាសះស្បើយ។

៤.ទឹកឃ្មុំ: អាចជួយកាត់បន្ថយការឈឺចាប់ ការរលាក និងជួយការពារមេរោគឲ្យឆាប់ជាសះស្បើយបាន។ អ្នកគ្រាន់តែលាយទឹកឃ្មុំសុទ្ធ ១ស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀត ១/៤ស្លាបព្រាកាហ្វេ រួចយកវាទៅបិទលើកន្លែងដែលមានពងបែក។ បន្ទាប់មកទុកចោលប្រមាណជា ១៥-២០នាទី សឹមខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ណៗជាការស្រេច។ អ្នកអាចអនុវត្ត ២-៣ដង ក្នុងមួយថ្ងៃ។ បើមិនដូច្នោះទេ អ្នកគ្រាន់តែលាបទឹកឃ្មុំតែមួយមុខក៏បាន ដើម្បីកាន់តែមានភាពងាយស្រួល។ 

៥.រមៀត: មានលក្ខណៈសម្បត្តិពិសេស អាចការពារបាក់តេរីក៏ដូចជាប្រឆាំងការរលាកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែយកម្សៅរមៀត មកលាយជាមួយទឹកដោះគោ រួចយកសំឡីមកជ្រលក់ និងផ្តិតនៅត្រង់បរិវេណពងបែក និងទុកវាចោល ៣០នាទី សឹមយកទឹកក្តៅឧណ្ណៗមកលាងសម្អាតជាការស្រេច។ 

វិធីមួយទៀត អ្នកអាចយករមៀតមកកាត់ជាចំណិតបិទផ្ទាល់លើកន្លែងពងបែកក៏បាន។ វិធីទាំងពីរនេះគួរអនុវត្តមួយថ្ងៃឲ្យបាន ២-៣ដង ទើបជាការប្រសើរ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។