កសិកម្ម
សំណាបដើមថ្លោសល្អ ស្ទូងឆាប់លូតលាស់ ខាងក្រោមជាគន្លឹះខ្លះៗពីវិធីធ្វើអោយសំណាបដើមធំៗ…!!
រូបភាព
ដើម្បីទទួលបានសំណាបថ្លោសល្អសម្រាប់់យកទៅស្ទូងសូមណែនាំអោយកសិករសាកល្បងអនុវត្តតាម បច្ចេកទេសទាំង៩ដូចខាងក្រោម៖
១.រើសយកតែគ្រាប់ពេញសុទ្ឋល្អទៅសាបដោយរើសចេញនូវគ្រាប់ដែលមានពណ៌និងរាងខុសធម្មតាចោល។កសិករអាចត្រូវចំណាយពេលច្រើនបន្តិចមែនតែការប្រើពូជសុទ្ឋល្អនាំអោយកសិករទទួលបានផលច្រើន ហើយលក់ស្រូវបានថ្លៃទៀតផង។
២.យកគ្រាប់ដែលរើសហើយទៅត្រាំជាមួយទឹកមានជាតិស្តៅ(ទឹកដែលត្រាំជាមួយគ្រាប់សំបកឬស្លឹកស្តៅ)ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញពីសត្វល្អិតផ្សេងៗ។
៣.រៀបចំថ្នាលសំណាបគោកដូចរងស្ពៃ ដើម្បីជៀសវាងកុំអោយសំណាបលិចទឹក ដែលនាំឱ្យវាលូតរាងវែង (លូតតែកំពស់តែមិនសូវរីកទទឹង)។
៤.ប្រើជីកំប៉ុស ឬដីមមោកព្រៃ(ដីស្រទាប់លើនៅក្នុងព្រៃ)ឬគុម្ពោតព្រៃឱ្យបានច្រើន។ជីកំប៉ុសនាំឱ្យដីផុសហើយសើមបានល្អដែលជាអំណោយផល ដល់ការលូតលាស់ របស់សំណាប។
៥.សាបស្តើងជាងធម្មតាដើម្បីឱ្យដើមសំណាបនិមួយៗដុះរីកមាឌទទឹងបានល្អ (សំណាបថ្លោស) ។
៦.ក្រោយពេលសាបហើយគ្របដីដោយប្រើស្លឹកឈើ(ប្រើទាំងស្លឹកទាំងមែក)ហើយដកស្លឹកឈើចេញពេលសំណាបចាប់ផ្តើមដុះ។
៧.ដកសំណាបនៅកន្លែងដែលចង្អៀតពេកចេញខ្លះ។
៨.ស្រោចទឹកបន្ថែមប្រៀបដូចស្រោចកូនស្ពៃក្នុងករណីអត់មានភ្លៀង។គេគួរលាយទឹកជាមួយទឹកនោមគោក្នុងបរិមាណ១ចែក១០(ទឹកនោមដែលទុកឱ្យកាច់បានជាង៧ថ្ងៃ)ដើម្បីជំរុញការលូតលាស់បន្ថែម។
៩.នៅពេលដកសំណាបទៅស្ទូងដកតែដើមសំណាបថ្លោសជាងគេទៅស្ទូងបានហើយ។
លោកបណ្ឌិតយ៉ងសាំងកុមារប្រធានអង្គការសេដាកមានប្រសាសន៏បញ្ជាក់បន្ថែមថាក្នុងចំណោមបច្ចេកទេសទាំង ៩ ខាងលើនេះកសិករអាចជ្រើសរើសមួយណាមកអនុវត្តក៏បានដែរ តែការផ្តុំចូលគ្នាបានច្រើនចំណុច នាំមកនូវផលល្អជាងការអនុវត្តបានតិចចំណុច។
ទោះក្នុងករណីយ៉ាងណាក៏ដោយកសិករគួរអនុវត្តអោយបាននូវចំណុចទី១និងទី៩គឺរើសីសតែគ្រាប់ល្អៗទៅសាបនិងសំណាបថ្លោសទៅស្ទូង ដែលអាចទទួលបានផលល្អ៕