ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើអាម៉ុកត្រីចំហុយពិសេស!

22-Aug-2019 10:39 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់ត្រី ២០០ក្រាម កាត់ជាដុំៗល្មម, សាច់ត្រីចិញ្រ្ចាំ ឬកិន ២០០ក្រាម, គ្រឿងបុក ៨០ក្រាម (គល់ស្លឹកគ្រៃ, ក្រូចសើច, រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេសក្រៀម, កាពិ និងអំបិលបន្តិច បុកចូលគ្នា), ខ្ទិះដូងចុង ៥០០មីលីលីត្រ, ក្បាលខ្ទិះ ១០០មីលីលីត្រ, ស៊ុត ២គ្រាប់, ស្លឹកក្រូចសើច ហាន់ជាសរសៃៗ ២ស្លាបព្រាបាយ, ម្ទេសប្លោក ហាន់ល្អិតៗ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាកាហ្វេ, ម្សៅពោត ១ស្លាបព្រាកាហ្វេ, ស្លឹកញ ឬស្លឹកកន្ទួត, ស្លឹកចេក ឬកូនចានក៏បាន សម្រាប់ដាក់អាម៉ុកចំហុយ។

វិធីធ្វើ៖

១.បើដាក់ស្លឹកញត្រូវយកវាទៅហាន់ ហើយដាក់ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ដាក់ត្រាំទឹកកក ដើម្បីកាត់ជាតិល្វីង។

២.យកចានធំល្មមដាក់គ្រឿងបុក គោះស៊ុតដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់ត្រីចិញ្រ្ចាំច្របល់ចូលគ្នា ហើយដាក់ទឹកត្រី និងស្ករច្របល់ចូលគ្នា រួចដាក់ខ្ទិះដូងចុង, ស្លឹកក្រូចសើច និងសាច់ត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ។

៣.រៀបចំស្លឹកចេក រួចដាក់ស្លឹកញ ឬស្លឹកកន្ទួតចូលទ្រាបបាត ហើយដួសគ្រឿងអាម៉ុកដែលលាយហើយដាក់ចូលពីលើ បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល ២០នាទី។

៤.ធ្វើទឹកខ្ទិះ ដាំខ្ទះដាក់ក្បាលខ្ទិះ និងម្សៅពោតចូលកូរចូលគ្នាឲ្យខាប់ល្មម ទុកមួយរំពុះ។

៥.ពេលអាម៉ុកឆ្អិនហើយស្រោចទឹកខ្ទិះពីលើ ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ ហើយក៏អាចលំអរបន្ថែមដោយដាក់ស្លឹកក្រូចសើច និងម្ទេសប្លោកហាន់ពីលើជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។