ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ ឆ្ងាញ់ពិសា!

29-Jul-2020 04:44 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម,អំបិល,គល់ស្លឹកគ្រៃ ១គល់,ស្លឹកក្រូចសើច ២-៣សន្លឹក,ខ្ទឹមក្រហម ៣មើមហាន់ស្តើងៗ,ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស,ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត),អំពិលទុំ ២ស្លាបព្រាបាយ,ទឹកត្រី ៥ស្លាបព្រាបាយ,ស្ករ ៥ស្លាបព្រាបាយ,អំបិលបន្តិច,ទឹក កន្លះចានចង្កឹះ,ប្រេងសម្រាប់បំពងត្រី,នំបញ្ចុក,បន្លែអន្លក់មានដូចជា សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ ជីរគ្រប់មុខ…។

វិធីធ្វើ៖

១.យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល ហើយយកគល់ស្លឹកគ្រៃរុំជាមួយស្លឹកក្រូចសើចញាត់ចូលក្នុងពោះត្រី

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ ដាក់ត្រីចូលបំពងអោយឆ្អិនក្រៀមល្មម(ប្រើភ្លើងតិចៗល្មម) រួចស្រង់ទុកអោយស្រស់ប្រេងទុកមួយអន្លើ។

៣.ធ្វើទឹកអំពិល ដាក់អំពិលទុំត្រាំទឹកច្របាច់អោយចេញសាច់អំពិល រួចស្រង់គ្រាប់ចេញ

៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលរំលីងអោយក្រហមបន្តិច រួចដាក់ខ្ទឹមក្រហមចូលឆា ២-៣ត្រលប់ ហើយដាក់ទឹកអំពិលទុំ ស្ករ ទឹកត្រី និងអំបិលឆាចូលគ្នាអោយសព្វ ទុកអោយពុះរាងខាប់បន្តិចភ្លក្សរសជាតិមើលល្មមតាមចំណូលចិត្ត (រសជាតិប្រៃ ជូរ ផ្អែម)។

៥.រួចរាល់ហើយរៀបចំអន្លក់ និងនំបញ្ចុកដាក់ចាន យកត្រីបំពងដាក់ចាន និងដួសទឹកអំពិលទុំដាក់ចាន ជាការស្រេចហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។