កសិកម្ម
រូបភាព
បើមានដីនៅទំនេរហើយទុកចោលពិតជាគួរឲ្យសោកស្ដាយណាស់ ព្រោះប្រសិនបើយើងច្នៃវាបង្កើតជាប្រភពចំណូលប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ នោះចំណូលរបស់អ្នកនឹងកើនឡើង។ មែនទែនទៅមិនមែនមានតែខ្ញុំដែលមើលឃើញបញ្ហានេះ ខ្ញុំជឿថាបងប្អូនក៏មិនចង់ទុកដីឲ្យនៅទំនេរដែរ គ្រាន់តែថា ពេលខ្លះបងប្អូនមិនដឹងគួរធ្វើអ្វីទើបអាចបង្កើតចំណូលបាន ហើយពេលខ្លះបងប្អូនក៏មិនបានចាប់អារម្មណ៍ថាដីដែលនៅទំនេរនោះពិតជាអាចបង្កើតចំណូលបានមែន។
ប្រសិនបើបងប្អូនសល់ដីទំនេរ ហើយមានទុនត្រឹម ៥០០ ដុល្លារ បងប្អូនគួរសាកល្បងរបសទាំងនេះ យ៉ាងហោចណាស់ក៏អាចរកចំណូលឲ្យបងប្អូនមួយខែមិនក្រោម ៣០០ ដុល្លារដែរ។
១.ចិញ្ចឹមកង្កែប
ជួបសម្ភាសជាមួយ Business Cambodia លោកពូ ថា រិទ្ធី ដែលជាម្ចាស់អាជីវកម្មចិញ្ចឹមកង្កែបបានមានប្រសាសន៍ថាគាតាត់ជាកសិករ ប៉ុន្តែនៅពេលរដូវច្រូតកាត់រួចរាល់ហើយគាត់ក៏ឆ្លៀតពេលចាប់យករបរចិញ្ចឹមកង្កែបនេះឡើងបន្ថែម ដោយដំបូងឡើយគ្រាន់តែចំណាយដើមទុនអស់ប្រមាណជា៥០០ដុល្លារតែប៉ុណ្ណោះ សម្រាប់ការធ្វើអាង យកពូជកូនមកចិញ្ចឹម និងចំណីរបស់កង្កែបជាដើម។
លោកពូបានជម្រាបបន្ថែមទៀតថា ពីមុនគាត់ចិញ្ចឹមកង្កែបសាច់លក់ តែឥឡូវគាត់ចិញ្ចឹមកូនលក់ម្តង ដោយសាមួយរយ:កន្លងមកនេះកំណើននៃការលក់កូនកង្កែបទៅឈ្មួញដទៃទៀតមានការកើនឡើងខ្លាំង យ៉ាងណាមិញសម្រាប់កង្កែបសាច់វិញតម្លៃ ១ គីឡូប្រមាណជា ១០០០០រៀល ឫអាចមានតម្លៃថ្លៃជាងនេះទៅតាមទីផ្សារ ដែលមួយរដូវការអាចរកចំណូលបានប្រមាណ ២ ពាន់ដុល្លារ ទៅ ៣ ពាន់ដុល្លារ ។
២. ដាំបន្លែសុវត្ថិភាព
ទាក់ទិននឹងបន្លៃសុវត្ថិភាពនេះ បងប្អូនច្បាស់ជាគិតថា ដាំធ្វើអីគ្មានទៅផ្សារលក់ចេញទេ ដាំបានគ្មានអ្នកទិញ សល់ពេញចំការ។ មែនទែនទៅបើគិតដូច្នេះគឺខុសហើយ ព្រោះបច្ចុប្បន្នបន្លៃសុវត្ថិភាព(បន្លែដែលដាំដោយមិនប្រើជីគីមី) គឺសម្បូរទីផ្សារ ហើយមានតម្លៃថ្លៃថែមទៀត។
បន្លែខ្លះអាចមានតម្លៃគុណនឹង ២ឬ ៣ ដងនៃបន្លែដែលដាំដាក់ជីគីមី ហើយរកតែបន្លែសុវត្ថិភាពនេះលក់មិនផង ព្រោះកំណើននៃមនុស្សដែលគិតគូរពីសុខភាពរបស់ខ្លួននិងគ្រួសារចេះតែកើនឡើង ដូច្នេះបងប្អូនចាប់យករបរនេះគឺមិនខុសឡើយ។
៣. ចិញ្ចឹមមាន់ស្រែ
យោងទៅតាមការចុះផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការបង្ហោះផ្សាយតាមរយៈវីដេអូឃ្លីបបានអោយដឹងថា កសិករម្នាក់ដែលរស់នៅខេត្តត្បូងឃ្មុំបានជោគជ័យយ៉ាងខ្លាំងក្នុងការចិញ្ចឹមមាន់ស្រែដើម្បីធ្វើការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក ទាំងការចិញ្ចឹមយកកូនលក់និងការចិញ្ចឹមយកសាច់ ជាមួយគ្នានេះផងដែរបច្ចុប្បន្នកសិកររូបនេះ មានមាន់មេចំនួន១៥០ក្បាល មានបាចំនួន៣០ក្បាល ចំណែកឯកូនមាន់មានប្រហែល ២០០ក្បាល។
កសិកររូបនោះបាននិយាយថាកត្តាដែលធ្វើអោយគាត់ចាប់យករបរចិញ្ចឹមមាន់ស្រែនេះក៏ព្រោះតែវាជាប្រភេទបក្សីស្រុកម្យ៉ាងដែលងាយស្រួលក្នុងការចិញ្ចឹមខ្លាំងបំផុត ហើយជាពិសេសនោះនៅពេលដែលចិញ្ចឹមបាន មិនខ្វះទីផ្សារឡើយ ថែមទាំងមានអ្នកទិញមកដល់កន្លែងថែមទៀតផង ម្យ៉ាងវិញទៀតសម្រាប់ការលក់មាន់សាច់ក្នុងមួយខែលោកអាចលក់បានប្រមាណជា ៣០ ទៅ ៥០ក្បាល និងកូនមាន់អាចលក់អាន២០០ទៅ៣០០ក្បាល ហើយអាចរកចំណូលបានប្រមាណជា៤០០ទៅ៥០០ ដុល្លារហើយក៏អាចលើនឹងថែមទៀតផង៕
អត្ថបទដោយ៖ សារ ធូរ៉ា