ចំណេះដឹងទូទៅ
រូបភាព
១.ការរៀបចំដី និងការដាំដុះ: ចំពោះដីសំរាប់ដាំស្ពៃខៀវ ត្រូវធ្វើការភ្ជួររាស់ឱ្យរាបស្មើ និងម៉ដ្ឋល្អ រើសស្មៅចេញឱ្យអស់ រួចដាក់ជីទ្រាប់បាតដូចជា ជីអាចម៍គោ។ បន្ទាប់មកលើកជារង ដែលមានទទឹងពី ១ ទៅ ១,២ម៉ែត្រ កំពស់ ២ទឹក បណ្តោយទៅតាមទំហំដី និងចន្លោះពីរងមួយទៅមួយ ០,៥ម៉ែត្រ។
គេមិនធ្វើការសាបកូនទេ ព្រោះគ្រាប់យកតែម្តង ដោយយកគ្រាប់លាយជាមួយផេះ ដើម្បីសាបឱ្យបានស្មើល្អ។ ក្រោយពីព្រោះគ្រាប់រួចហើយ ត្រូវយកចំបើងគ្របពីលើ ដើម្បីការពារសត្វល្អិតចង្រៃ និងជំងឺផ្សេងៗ។ រួចស្រោចទឹកមួយថ្ងៃ ២ដង ព្រឹកម្តង និងល្ងាចម្តង។ ក្រោយពីព្រោះគ្រាប់បាន១សប្តាហ៍ ត្រូវដកចំបើងចេញវិញ ហើយនៅពេលដែលស្ពៃដុះបានរយៈពេលពី ១៥ ទៅ ២០ថ្ងៃ គាត់ចាប់ផ្តើមធ្វើការដករំលោះកូនស្ពៃ ដោយទុកតែកូនស្ពៃណាដែលថ្លោសល្អ និងរក្សាចំងាយពីដើមមួយទៅមួយប្រវែង ២តឹក។
២.ការថែទាំ: ចំពោះការថែទាំ នៅតែបន្តការស្រោចទឹកមួយថ្ងៃ ២ដងដដែល។ រហូតដល់ស្ពៃធំត្រូវបន្ថយការស្រោចទឹកនៅមួយថ្ងៃម្តង។ បន្ទាប់ពីធ្វើការរំលោះកូនស្ពៃរួចមក ចាប់ផ្តើមធ្វើការដកស្មៅជ្រុំគល់ និងដាក់ជីបំប៉នបន្ថែមលើដំណាំដោយប្រើជីអ៊ុយរ៉េ ១ស្លាបព្រា លាយទឹក ១ប៉ោត ស្រោចបន្ថែមជួយដល់ការលូតលាស់។ ចំពោះជីធម្មជាតិ (លាមកសត្វគាត់ដាក់ទ្រាប់បាតរងតែម្តងប៉ុណ្ណោះ)។
ចំពោះសត្វល្អិតដែលបំផ្លាញដំណាំមានដូចជា សត្វទៀកគូ ដង្កូវស៊ីត្រួយ ដង្កូវស៊ីស្លឹក ដង្កូវយោលទោង។ រីឯជំងឺដែលគេធ្លាប់ជួបប្រទះមានដូចជា ក្រាភ្លើង ក្រហមបណ្តូល និងរបួសត្រួយ។ ចំពោះវិធានការកំចាត់គឺត្រូវឧស្សាហ៍ចុះត្រួតពិនិត្យចាប់ដង្កូវ និងដកដើមដែលមានជំងឺចោល។
៣.ការប្រមូលផល: គិតពីដាំរហូតដល់ប្រមូលផលមានរយៈពេល ៤០ ទៅ ៥០ថ្ងៃ។ ដោយគេធ្វើការកាត់ត្រឹមគល់ស្ពៃ ហើយប្រមូលផលតែ ១សា ទាំងអស់តែម្តង។ ដោយមិនបានទុកពូជទេ នៅរដូវក្រោយគេនឹងទិញពូជពីផ្សារមកដាំទៀត ។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំស្ពៃមាន៖
-ភ្ជួររាស់ដោយកៀរឱ្យស្មើល្អ ទើបលើកជារងដាំ
-ព្រោះគ្រាប់លើរង ដោយយកគ្រាប់លាយជាមួយផេះ ហើយសាបគ្រាប់ឱ្យបានស្មើល្អ
-យកចំបើងគ្របពីលើគ្រាប់ ដែលទើបព្រោះនោះ ដើម្បីកុំឱ្យខ្ទាតគ្រាប់នៅពេលស្រោចទឹក
-នៅពេលកូនស្ពៃដុះ ត្រូវដកកូនចេញខ្លះ ដោយទុកតែកូនស្ពៃដែលថ្លោសល្អ និងទុកចន្លោះពីដើមមួយទៅមួយប្រវែង ២តឹក
-ធ្វើការថែទាំដកស្មៅ ជាពិសេសនៅពេលកូនស្ពៃនៅតូច
-ដាក់ជីលាមកសត្វទ្រាប់បាតរង និងស្រោចទឹកបំប៉នតាមការកំណត់ឱ្យបានត្រឹមត្រូវ៕
សម្រួលអត្ថបទដោយ៖ សំណាង
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។