ចំណេះដឹងទូទៅ
រូបភាព
១.ការត្រៀមពូជសាប និងការសាបគ្រាប់
ជ្រើសរើសពូជដោយទិញពីផ្សារ។ ក្នុងការត្រៀមពូជសាប ត្រូវយកគ្រាប់ទៅខ្ចប់ក្រណាត់ ដែលងាយជក់ទឹកហើយត្រាំទុក ១យប់ ដើម្បីគ្រាប់ស្រូបយកទឹកឆាប់ដុះពន្លក។ នៅលើរងសាបត្រូវរៀបចំដោយដាក់ជីកំប៉ុស្តទ្រាប់បាត។ ក្រោយពីសាបគ្រាប់ហើយ ត្រូវកាប់ចិញ្ច្រាំកំទេចចំបើងគ្របពីលើការពារការខ្ទាតគ្រាប់នៅពេលស្រោចទឹក និងជួយថែរក្សាសំណើម។ ចំពោះការថែទាំក្នុងពេលសាបត្រូវស្រោចទឹកមួយថ្ងៃ ២ដង នៅរដូវប្រាំង និងដករំលោះកូនចេញខ្លះនៅកន្លែងដែលដុះញឹកពេក។ ត្រូវរក្សាទុកដើមដែលថ្លោសល្អសំរាប់យកទៅស្ទូងលើរង។ ក្រោយពីសាបគ្រាប់បានរយៈពេលពី ១០-១៥ថ្ងៃ ត្រូវដកកូនសាលាដយកទៅដាំនៅលើរង។
២.ការរៀបចំដី
រៀបចំរងដាំសាលាដដោយភ្ជួរហាលដីរយៈពេល ១៥ថ្ងៃ បន្ទាប់មកភ្ជួរត្រឡប់ដីរួចរាស់ឲ្យរាបស្មើ ទើបលើកជារងដែលមានទទឹង ១,២ម៉ែត្រ បណ្តោយ ២០ម៉ែត្រ និងកំពស់ ១,៥តឹក។ នៅលើរងនីមួយៗ ត្រូវដាក់ជីលាមកគោពុកផុយចំនួន ២៥បង្គី បន្ទាប់មកជ្រុំដីបញ្ចូលទៅក្នុងដីឲ្យសព្វ រួចទុករយៈពេល ៣ថ្ងៃ ទើបដកកូនមកដាំ។
៣.ការដាំ និងការថែទាំ
នៅពេលដាំត្រូវដកកូនសាលាដ ដែលមានសុខភាពល្អថ្លោសៗយកទៅស្ទូង។ ស្ទូងដោយទុកចន្លោះពីគុម្ពមួយទៅមួយ ១,៥តឹក។ ក្រោយពីស្ទូងកូនហើយ ត្រូវកាត់ចំបើងគ្រប រួចស្រោចទឹកមួយថ្ងៃ ២ដង។ ត្រូវឧស្សាហ៍ជ្រុំជ្រោយដកស្មៅ និងស្រោចទឹកជី(ជីផ្សំពីទឹកនោមមនុស្ស និងសត្វ)។ ការស្រោចជីបំប៉ននេះធ្វើនៅពេលសាលាដអាយុបាន ១២ថ្ងៃ ហើយស្រោចក្នុងរយៈពេល ១អាទិត្យម្តង។ ក្រៅពីធ្វើស្មៅ និងដាក់ជី ត្រូវពិនិត្យទៅលើការបំផ្លាញរបស់សត្វល្អិត ប៉ុន្តែគេសង្កេតឃើញថា ដំណាំសាលាដពុំមានសត្វល្អិតបំផ្លាញទេ ព្រោះស្លឹករបស់សាលាដរលោង និងមានជាតិជ័រ ហើយម្យ៉ាងទៀតបានស្រោចទឹកនោមធ្វើឲ្យធុំក្លិនដល់សត្វល្អិតមិនហ៊ានមកជិត។
៤.ការប្រមូលផល
គេចាប់ប្រមូលនៅពេលសាលាដមានអាយុ ៣៥ថ្ងៃ ក្រោយពីដាំ។ ត្រូវផ្អាកស្រោចទឹក ១ថ្ងៃ មុនប្រមូលផល។ នៅពេលប្រមូលផលប្រើចបចក់(ចបតូចមុខស្តើង) ដកផ្តាច់ឫសពី ២-៣ផឹង ពីគល់ការប្រមូលផលធ្វើនៅពេលព្រឹកព្រលឹម។ ក្រោយពីប្រមូលផលរួច ត្រូវធ្វើការសំអាតលាងទឹក(លាងគល់ដែលប្រឡាក់ដី) ការលាងទឹកទាំងស្លឹកធ្វើឲ្យសាលាដឆាប់រលួយ។ ក្រោយពីសំអាតរួចត្រូវរៀបចំដាក់ក្នុងកញ្ឆេ(កញ្ឆេមានទ្រាប់ស្លឹកចេញ ឬស្លឹកឈូក) ដោយត្រៀមជាជួររក្សាឲ្យមានចន្លោះខ្យល់ចេញចូលល្អ ដើម្បីជៀសវាងការឆាប់រលួយ។
សរុបមកបចេ្ចកទេសសំខាន់ៗក្នុងការដាំដំណាំសាលាដមាន៖
-ត្រៀមគ្រាប់ដាំដោយយកគ្រាប់ខ្ចប់ក្រណាត់រួចដាក់ត្រាំទឹក ១យប់ ឲ្យគ្រាប់ឆាប់ដុះពន្លក
-ថែទាំស្រោចទឹកសាលាដនៅលើថ្នាលសាប
-ដករំលោះដើមតូចៗចោល ទុកដើមធំថ្លោសៗ នៅលើថ្នាលសំរាប់ដាំ
-រៀបចំរងដាំដោយដាក់ជីលាមកគោពុកផុយទ្រាប់បាតរង
-ស្ទូវកូនសាលាដលើរងចន្លោះពីដើមមួយទៅដើមមួយ ១.៥តឹក
-ថែទាំស្រោចទឹក ដកស្មៅ និងកាត់ចំបើងខ្លីៗគ្របលើរង៕
សម្រួលអត្ថបទដោយ៖ សំណាង
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។