ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំល្ហុងនៅក្នុងផើង ឆាប់ចេញផ្លែផ្កា និងដើមតឿងាយក្នុងការបេះ

21-Jan-2020 11:28 AM

រូបភាព


ដោយ: AdminII

+ការបណ្តុះកូន

-រៀបចំថ្នាលដែលមានដីមានជីជាតិ ឬថង់ខ្មៅសម្រាប់បណ្តុះគ្រាប់ល្ហុង

-ព្រោះគ្រាប់ល្ហុងលើថ្នាលនោះ ហើយយកដីមករោយ លុបពីលើសើរៗ ឱ្យស្តើងបំផុតដើម្បីឱ្យគ្រាប់ឆាប់ដុះ លូតលាស់

-នៅពេលកូនល្ហុងដុះលូតលាស់ ត្រូវដកកូនល្ហុងខ្លះចេញ ទុកតែកូនល្ហុងណាដែលរឹងមាំល្អប៉ុណ្ណោះ

+វិធីដាំដុះ

-ចាក់ដីដែលមានជីជាតិ ដោយលាយជាមួយជីធម្មជាតិ ឬជីលាមកសត្វឱ្យបានច្រើនតាមអាចធ្វើទៅបាន ក្នុងផើងដំណាំរបស់អ្នក ដើម្បីជួយឱ្យល្ហុងដុះលឿន ដើមថ្លោស និងឆាប់ផ្តល់ផល

-យកអំបែងក្បឿងកប់ក្នុងដី ពីក្រោមចំទីតាំងឫសកែវរបស់កូនល្ហុងក្នុងផើង (វិធីនេះនឹងជួយធ្វើឱ្យឫសកែវក្រិន ប្រៀបដូចជាយើងបានគ្រៀវឫសនោះដែរ

-ម្យ៉ាងបើសិនជាល្ហុងនោះជាល្ហុងឈ្មោល វាក៏អាចនឹងក្លាយទៅជាល្ហុងញីដែរ ផ្ទុយទៅវិញ បើសិនជាយើងទុកឱ្យឫសកែវចាក់ចុះទៅក្នុងដីជ្រៅ វានឹងធ្វើឱ្យដើមខ្ពស់ពេលមានផ្លែ ងាយរលំ ពេលមានខ្យល់បក់ខ្លាំងម្តងៗ)

-ដកកូនល្ហុងពីថ្នាល ដោយដាក់ឫសកែវចំអំបែងក្បឿងដែលយើងរៀបចំនោះ រួចកប់និងលុបដីឱ្យជិតវិញ ដោយសង្កត់ដីជុំវិញកូនល្ហុងឱ្យណែន រួចស្រោចទឹកឱ្យជោគ

-រក្សាទុកផើងកូនល្ហុងនៅទីតាំងដែលត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ពិសេសពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹម

-ក្រោយដាំរយៈពេល៥ ទៅ ៦ថ្ងៃ កូនល្ហុងនឹងអាចដុះឫស ពង្រឹងដើមបានខ្លះ

-ត្រូវបន្តស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ ២ដងក្នុងមួយថ្ងៃ ដើម្បីកុំឱ្យកូនល្ហុងក្រិន

+ការថែទាំ

-ក្រោយដាំដុះហើយ យើងត្រូវរកកម្ទេចចំបើង ឬស្លឹកឈើងាប់ផ្សេងៗ មកគ្របគល់ល្ហុង ស្រោចទឹក ពូនគល់ និងជំរះស្មៅនៅជុំវិញគល់ដើម្បីកុំឱ្យសត្វល្អិតមករស់នៅធ្វើជាជំរក

-ត្រូវបេះផ្លែល្ហុងចោលខ្លះ នៅពេលដើមល្ហុងមានផ្លែច្រើន ដើម្បីឱ្យផ្លែដែលនៅសល់ធំៗល្អ

+ការប្រមូលផល

-ជាទូទៅគេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែ តែសម្រាប់វិធីខាងលើនេះ យើងអាចប្រមូលផលបាន នៅពេលល្ហុងមានអាយុ៤ខែប៉ុណ្ណោះ

-ល្ហុងនឹងឱ្យផលច្រើននៅពេលវាមានអាយុពី២ទៅ៣ឆ្នាំ ចាប់ពីអាយុ៤ទៅ៥ឆ្នាំ ល្ហុងនឹងខ្សោយដើម ផ្កាផ្លែក៏ថយចុះដូចគ្នា 

+វិធីប្រមូលផល ៖

-ត្រូវកាត់ផ្លែល្ហុង នៅនឹងទងសណ្តងឱ្យកៀកជិតដើម រួចសឹមកាត់ទងដែលសល់វែងនោះចោល វិធីប្រមូលផលបែបនេះទើបត្រូវតាមក្បួនខ្នាត

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។