ចំណេះដឹងទូទៅ
មិនគួរងូតទឹកទេ បើអ្នកកំពុងស្ថិតក្នុងស្ថានភាពទាំងនេះ ព្រោះវាអាចនឹងបង្កជាបញ្ហាដល់អ្នកបាន!!!
រូបភាព
ជាការពិតណាស់ការងូតទឹកអាចជួយលាងជម្រះក្អែលចេញពីរាងកាយបាន ប៉ុន្តែមិនមែនពេលណាក៏អ្នកអាចងូតទឹកបាននោះទេ។ ដូចច្នេះហើយអ្នកគួរតែយល់ដឹងពីពេលវេលាមួយចំនួនទាំងនេះ ដែលវាជាពេលមិនល្អក្នុងការងូតទឹកទាល់តែសោះ បើមិនអញ្ចឹងទេវានឹងធ្វើអោយអ្នកទៅជាឈឺ ឬមានបញ្ហាភ្លាមៗតែម្ដង។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីពេលវេលាដែលអ្នកមិនគួរងូតទឹក ឬមិនគួរងូតទឹកភ្លាមៗនោះទេ៖
១.ពេលរាងកាយកំពុងអស់កម្លាំង: កុំគិតថាការងូតទឹកពេលកំពុងអស់កម្លាំងវានឹងអាចជួយអោយរាងកាយបានសម្រាក និងមានកម្លាំងឡើងវិញ ព្រោះការពិតបែបនេះវាជារឿងមួយដែលគ្រោះថ្នាក់ទៅវិញទេ។ សាច់ដុំដែលអស់កម្លាំងអាចធ្វើអោយលំហូរនៃឈាមរបស់អ្នកមានការថយចុះ ដូច្នេះបើសិនអ្នកងូតទឹកក្នុងរយៈពេលនេះ វានឹងនាំអោយកើតជំងឺផ្ដាសាយ ក្ដៅខ្លួន ឬអស់កម្លាំងដល់ស្លាប់ក៏អាចថាបានដែរ។
២.ពេលកំពុងក្ដៅខ្លួន: បើសិនជារាងកាយរបស់អ្នកឡើងកម្ដៅដល់ ៣៨អង្សា ឬក៏ច្រើនជាងនេះហាមងូតទឹកជាដាច់ខាត ព្រោះវានឹងបង្កទៅជាជំងឺកាន់តែធ្ងន់ធ្ងរ ហើយនាំអោយដាច់សរសៃឈាម ឬប៉ះពាល់ដល់ជីវិតផងដែរ។
៣.ក្រោយពេលទទួលទានអាហាររួច: ងូតទឹកភ្លាមក្រោយពេលដែលលោកអ្នកទទួលទានអាហារហើយភ្លាមៗនឹងធ្វើអោយក្រពះទៅជាចុះខ្សោយ ហើយធ្វើអោយប្រព័ន្ធរំលាយអាហារក៏មិនអាចធ្វើការបានល្អផងដែរ ដែលជាមូលហេតុបណ្ដាលអោយមានអាការៈឈឺក្រពះ។ ក្រៅពីនេះទៀតវាក៏បណ្ដាលអោយមានបញ្ហាសរសៃឈាម និងរាំងស្ទះដល់លំហូររបស់ឈាម ហើយរាងកាយរបស់យើងក៏ចុះទន់ខ្សោយផងដែរ។
៤.នៅយប់ជ្រៅពេក: អ្នកជំនាញបាននិយាយប្រាប់ថាមិនគួរងូតទឹកនៅក្រោយម៉ោង ១១យប់ទេ ព្រោះរយៈពេលនេះ គឺសីតុណ្ហភាពអាកាសធាតុនឹងចុះមកទាបបំផុត ហើយរាងកាយរបស់យើងក៏ត្រូវបានចុះខ្សោយ និងអស់កម្លាំងបំផុត ហើយវាក៏ត្រូវការការសម្រាកដែរ។ ការងូតទឹកនៅវេលានេះនឹងធ្វើអោយសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកប្រែប្រួលភ្លាមៗ និងអាចឈានទៅរកការបង្រួញសរសៃឈាម ដែលវាអាចប៉ះពាល់ទៅដល់លំហូរឈាមទៅកាន់ខួរក្បាល ហើយវាអាចប៉ះពាល់សួតឬបណ្ដាលអោយអ្នកដាច់សរសៃឈាមបាន។
៥.ហាត់ប្រាណ ឬលេងកីឡារួចភ្លាម: នៅពេលដែលខ្លួនអ្នកកំពុងបែកញើសខ្លាំង រន្ធញើសរបស់អ្នកក៏បើកធំដែរ។ វេជ្ជបណ្ឌិតជាច្រើនបានធ្វើការណែនាំថា ការងូតទឹកភ្លាមបន្ទាប់ពីប្រើកម្លាំងលេងកីឡា ឬក៏ហាត់ប្រាណរួច វាអាចនាំអោយមានបញ្ហាគាំងបេះដូង ការនាំឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយមិនបានគ្រប់គ្រាន់ និងបង្កទៅជាជំងឺផ្សេងៗបានយ៉ាងឆាប់រហ័ស។ យកល្អលោកអ្នកត្រូវអង្គុយ ឬសម្រាកអោយស្ងួតញើសសិន សឹមងូតទឹកតាមពេលក្រោយ។
៦.ក្រោយពេលពិសាគ្រឿងស្រវឹង: កុំងូតទឹកក្រោយពេលដែលអ្នកពិសាគ្រឿងស្រវឹង ព្រោះជាតិអាល់កុលវានឹងរារាំងដល់ចលនាថ្លើមរបស់លោកអ្នក និងធ្វើអោយគ្លុយកូសនៅក្នុងឈាមមានដំណើរការមិនល្អ ដែលវាបណ្ដាលទៅជាឈឺក្បាល វិលមុខ និងអស់កម្លាំងល្ហិតល្ហៃជាដើម។ បើកាន់តែធ្ងន់ធ្ងរឡើង វាអាចឈានទៅដល់ការបាត់បង់ស្មារតី ឬសន្លប់ដោយសារតែខ្វះជាតិស្ករ។
បើសិនពេលវេលាខាងលើសុទ្ធតែមិនអាចងូតទឹកបាន ចុះពេលណាទៅទើបយើងងូតទឹកបានទៅ? ចម្លើយនោះគឺ គួរងូតទឹកនៅពេលព្រឹក និងពេលល្ងាច ប៉ុន្តែលោកអ្នកមិនត្រូវងូតយូរៗពេកនោះទេ ព្រោះវានឹងធ្វើអោយស្បែកបាត់បង់ជាតិសំណើម និងអាចបាត់បង់បាក់តេរីដ៏មានប្រយោជន៍មួយចំនួនដែលជួយការពារស្បែករបស់លោកអ្នកផងដែរ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។