ឯកសារកសិកម្ម
រូបភាព
#បច្ចេកទេសចិញ្ចឹមកង្កែបក្នុងអាងស៊ីម៉ង់ត៍
* យើងអាចធ្វើអាងស៊ីម៉ង់មានទំហំ៖
- 2m x 3m = 6 ម៉ែត្រការ៉េ
- 2m x 5m = 10 ម៉ែត្រការ៉េ
- 3m x 5m = 15 ម៉ែត្រការ៉េ
- 4m x 6m = 24 ម៉ែត្រការ៉េ
- 5m x 6m = 30 ម៉ែត្រការ៉េ
ឬអាចធ្វើអាងធំជាងនេះក៏បានទៅតាមការចូលចិត្ត និងអាស្រ័យទៅតាមទីកន្លែងសម្រាប់ធ្វើវា។ អាងត្រូវមានកំពស់ 1.2 ទៅ 1.5 ម៉ែត្រ ដើម្បីការពារកុំឲ្យកង្កែបលោតចេញ។ បាតស្រះត្រូវធ្វើឲ្យមានជម្រាលទៅម្ខាងប្រមាណជា ៥ដឺក្រេ ដើម្បីឲ្យងាយស្រួលប្តូរទឹក ដោយរៀបឲ្យមានជាប្រព័ន្ធបង្ហូរទឹកចេញ-ចូល ឲ្យរួចស្រេច។ នៅពីលើអាងត្រូវមានដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ។ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ។ ចំណែកកម្រិតកំពស់ទឹកក្នុងអាង គឺត្រូវរក្សាឲ្យនៅត្រឹម ១ភាគ២ ឬ២ភាគ៣ នៃខ្លួនកង្កែបបាន ហើយមិនត្រូវឲ្យច្រើនជាងនេះឡើយ។ ត្រូវបាញ់ទឹកសាចដាក់កង្កែបជាប្រចាំ នៅពេលមេឃមានកំដៅខ្លាំង។
* ដង់ស៊ីតេកូនកង្កែបសម្រាប់ចិញ្ចឹម :
- នៅក្នុងខែទីមួយ : លែងកូនកង្កែប ១៥០-២០០
ក្នុងមួយម៉ែត្រការ៉េ
- នៅក្នុងខែទីពីរ : លែងកូនកង្កែប ១០០ ក្នុងមួយម៉ែត្រការ៉េ
- នៅក្នុងខែទីបី : លែងកូនកង្កែប ៨០-១០០ ក្នុងមួយម៉ែត្រការ៉េ
ក្រោយពេលព្រលែង និងចិញ្ចឹមបានពី ៧ ទៅ ១០ថ្ងៃ ត្រូវចាប់យកកូនកង្កែបក្នុងហ្វូង ជ្រើសយកតែកូនណាដែលធំជាងគេ ដើម្បីបញ្ចៀសកុំឲ្យវាស៊ីគ្នា។ នៅពេលកង្កែបមានទម្ងន់បានពី ៥០-៦០ក្រាម ការស៊ីគ្នារបស់កង្កែបនឹងថយចុះ តែគួរផ្លាស់ប្តូរទឹកជាប្រចាំឲ្យវា។ ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង ១ថ្ងៃ។
* ការឲ្យចំណី :
- ត្រូវផ្តល់ចំណីឲ្យកង្កែបស្មើ ៧ ទៅ ១០ភាគរយនៃទម្ងន់ខ្លួនកង្កែប ៥ ទៅ ១០០ ក្រាម ចំនួន ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។
- ត្រូវផ្តល់ចំណីចំនួន ៣ ទៅ ៥ភាគរយនៃទម្ងន់ខ្លួន សម្រាប់កង្កែប ១០០-២៥០ក្រាម ចំនួន ២ទៅ៣ដងក្នុងមួយថ្ងៃ។
កង្កែបវាស៊ីច្រើននៅពេលព្រលប់ និងពេលយប់ ពេលថ្ងៃវាមិនសូវស៊ីទេ ចំណីត្រូវផ្តល់ឲ្យវានៅពេលយប់ស្មើ ២ភាគ៣ នៃចំណី ដូច្នេះឲ្យវាស៊ីតែមួយភាគបានហើយនៅពេលថ្ងៃ។
ចំណីសម្រាប់ផ្តល់ឲ្យកង្កែបត្រូវលាយបន្ថែមវីតាមីនសេ (C) និងមេរំលាយចំណី ដើម្បីជួយឲ្យកង្កែបបង្កើនថាមពលសុខភាព និងអាចកិនរំលាយចំណីបានល្អ។
បើយើងចិញ្ចឹមក្នុងអាងស៊ីម៉ង់ត្រូវដាក់ទឹកឲ្យមានកំពស់ត្រឹម ១០ ទៅ ២០សង់ទីម៉ែត្របានហើយ លៃធ្វើយ៉ាងណាកុំឲ្យកម្រិតទឹកខ្ពស់ជាងនេះឲ្យសោះ ទោះបីទឹកមានជម្រៅរាក់ក៏ដោយ ក៏ត្រូវតែដាក់ក្បួនដោយប្រើបំពង់ទីបជ័រ ធ្វើជាពោងបិទចុងសងខាង ឬប្រើឫស្សីច្នៃធ្វើជាក្បួនក៏បាន សម្រាប់ឲ្យកង្កែបឡើងមកទំ នៅពេលវាត្រូវការ យើងអាចប្រើវត្ថុអ្វីក៏បាន បើយល់ថាអាចឲ្យកង្កែបឡើងទុំបាន។ អ្វីដែលប្រើសម្រាប់ឲ្យកង្កែបឡើងទុំនោះ គឺត្រូវធានាឲ្យបានថា កង្កែបទាំងអស់អាចឡើងទំបាន តែមិនត្រូវឲ្យចង្អៀតពេកសម្រាប់វាឡើយ គ្រឿងសម្រាប់ឲ្យកង្កែបឡើងទំអាចមានទំហំស្មើ ១ភាគ៣ ឬ ១ភាគ២ នៃទំហំអាង។* ការមើលថែកង្កែបពេញវ័យ
នៅពេលជ្រើសរើសកូនកង្កែបតាមខ្នាតទៅចិញ្ចឹមក្នុងអាងស៊ីម៉ង់ហើយ គួរដាក់ចក កំប្លោក ឬវត្ថុដែល អណ្តែត ទឹកដូចជាៈ បន្ទះឬស្សី ឬបន្ទះស្នរ ដើម្បីឱ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង នៅពេលដែលយកកូនកង្កែបបញ្ចូលទៅក្នុងអាងថ្មីៗ។ ក្នុងរយៈពេលនេះគួរឱ្យ ចំណីសម្រាប់កូន កង្កែបសិន នៅពេលដែលធំសឹមឱ្យចំណីគ្រាប់សម្រាប់កង្កែបធំ ២ ដងក្នុង១ ថ្ងៃ ព្រឹក ល្ងាច ក្នុងអាត្រា ៣% នៃទម្ងន់កង្កែប ឧទាហរណ៍ ប្រសិនជា កង្កែបមានទម្ងន់ ១០០ គីឡូក្រាម ត្រូវឱ្យចំណី ១ ថ្ងៃ ៣ គីឡូក្រាម។ ក្នុងដំណាក់កាលនេះ ប្រើរយៈពេល ៣ ខែ អាចចាប់លក់បាន។
* ប្រភពមេពូជៈ កសិដ្ឋាន ឬកន្លែងចិញ្ចឹមកង្កែបទូទៅ
ដកស្រង់អត្ថបទពី៖ pisithsiv.weebly.com