ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ស្វែងយល់ពីគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយដល់សុខភាពភ្នែកជាពិសេសសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ!

06-Sep-2019 04:54 PM

រូបភាព


ដោយ: Uddam

ការ​សម្លឹងមើលកញ្ចក់​កុំព្យូទ័រ​ពេញ​មួយថ្ងៃអាចដាក់​សម្ពាធ​ជាខ្លាំងទៅលើ​កែវភ្នែក​របស់​អ្នក​។ ខាងក្រោមនេះគឺជា​គ​ន្លឹះសំខាន់មួយចំនួនក្នុងការ​ជួយថែរក្សា​ភ្នែក​អ្នក​ពីភាព​នឿយហត់ ដែល​កើតមាន​ជាមួយនឹងការងារ​នៅក្នុងបន្ទប់ការិយាល័យ​របស់​អ្នក​៖

១.អនុញ្ញាតអោយភ្នែក​របស់​អ្នកមាន​ពេល​សម្រាក​ 

ចូរ​ប្រាកដថាអ្នក​បាន​ងាក​ចេញពី​កញ្ចក់​កុំព្យូទ័ររាល់​ ១៥​នាទី​ម្តង ប្រសិនបើ​អ្នក​មិនអាច​ធ្វើបាន​ច្រើនជាង​នេះ។ អ្នក​អាច​ក្រលេក​ទៅ​មើលអ្វីដែល​នៅ​ជិត ឬនៅ​ឆ្ងាយ​ពី​អ្នក ដើម្បី​ជួយ​ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​ដល់ជម្រៅ​នៃញាណ​មើលឃើញ​របស់​អ្នក​។ វា​ជាការ​ប្រសើរក្នុងការ​សម្លឹង​មើលទៅ​ខាងក្រៅ​បង្អួច នៅពេលដែល​អ្នក​ព្យាយាម​ផ្តោត​កែវភ្នែក​របស់​អ្នកទៅលើ​របស់​អ្វីដែល​នៅ​ឆ្ងាយ​។

២.ការព្រិច​ភ្នែក​

នៅពេលដែល​អ្នកសម្លឹងមើល​ទៅលើ​កញ្ចក់​អេក្រង់​របស់កុំព្យូទ័រ នោះ​យើង​ហាក់​នឹងធ្វើការ​ព្រិច​ភ្នែក ប្រហែលជា ​៥​ដងតិចជាង​ពេល​ធម្មតា​។ ការ​ព្រិច​ភ្នែកហាក់ដូចជា​សកម្មភាពមិន​សំខាន់​មួយ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់នូវ​ជាតិ​រំអិលទៅលើ​គ្រាប់ភ្នែក​ដែល​អាចធ្វើអោយ​ពួកវាធ្វើការ​បាន​យ៉ាង​រលូន​ល្អ​។

៣.ធ្វើ​លំ​ហាត់ប្រាណចំពោះ​គ្រាប់ភ្នែក​

វា​អាច​នឹង​មើលទៅ​រាង​ឆ្គង​បន្តិច ប៉ុន្តែ​វា​ពិតជា​អាចជួយ​អ្នកបាន​។ កន្លែង​ដែលមាន​ភាព​ឯកជន​សម្រាប់​អ្នកក្នុងការ​ធ្វើ​វា​នោះ គឺ​នៅក្នុង​បន្ទប់ទឹក​។ អ្នក​អាចចំណាយពេល ១​នាទី ក្នុងការ​ធ្វើ​ចលនា​បង្វិល​ បញ្ឆៀង និងព្រិច​ភ្នែក​​។

៤.ដាក់​ថ្នាំ​បន្តក់​ភ្នែក

ជាពិសេស​នៅក្នុង​រដូវរងារ កែវភ្នែក​របស់​អ្នក​គឺ​ហាក់​នឹងមានសភាព​ស្ងួត​ជាងពេល​ធម្មតា​។ ដូចនេះអ្នក​គួរ​ធ្វើការ​បន្តក់ថ្នាំ​ដាក់​ភ្នែកអោយបាន​ ២ ទៅ​ ៣​ដង ក្នុង​មួយថ្ងៃ​។

៥.កែតម្រូវ​ស្ថានភាពការងារ​របស់​អ្នក 

ដោយ​ដាក់​អក្សរដែល​អ្នក​ត្រូវ​មើលអោយ​ស្ថិត​ចំកម្រិតកែវភ្នែក​របស់​អ្នក​ ដែល​អាច​សម្លឹងបានដោយ​អ្នក​មិនត្រូវ​ខំប្រឹងងើយ​ឡើងលើ ឬចុះក្រោម​ពេកនោះទេ​។ កញ្ចក់​អេក្រង់​កុំ​ព្យូ​រ​ទ័​រ គួរ​ស្ថិតនៅ​អោយបាន​ឆ្ងាយ​ស្មើនឹងចម្ងាយ​ដៃ​របស់​អ្នក​។ អ្នក​ត្រូវដាក់​ខ្នងអោយនៅ​ផ្អែក​ទៅនឹងកៅអី​របស់​អ្នក​។ ការ​អង្គុយ​ក្នុងស្ថានភាព​បាន​ត្រឹមត្រូវក៏​អាចជួយ​អ្នក​ក្នុងការការពារ​នូវ​អាកា​រៈ​រោយត្រង់​កបាន​ផងដែរ​។

៦.ការទទួល​ទាន​អាហារអោយមាន​តុល្យភាព

ការទទួល​ទាន​អាហារអោយមាន​តុល្យភាពក៏បានផ្តល់​ផល​ល្អចំពោះ​សុខភាព​កែវភ្នែក​របស់​អ្នកដែរ​។ អាហារ​ទាំងនោះរួមមាន​ដូចជា​ ស៊ុត​ ការ៉ុត និងប្រភេទ​ស្ពៃខៀវ​ជាច្រើន​ប្រភេទ និងផ្លែ​ប៊័​រ​។ ប្រភេទ​អាហារ​ទាំងនេះ គឺ​សំបូរ​ទៅដោយសារជាតិ​បំប៉ន​មានដូចជា lutein ដែល​ពិតជាមាន​ភាព​វិសេសវិសាល​ចំពោះ​កែវភ្នែក​អ្នក​។

៧.​ញ៉ាំទឹក​អោយបាន​ច្រើន 

​ញ៉ាំទឹក​អោយបាន​ច្រើនក្នុងមួយថ្ងៃ ជាពិសេសប្រសិនបើ​អ្នក​បាន​ផឹកកាហ្វេនៅក្នុង​ពេលព្រឹក​។ សារជាតិ​កាហ្វេ​អ៊ី​នអាចធ្វើអោយ​គ្រាប់ភ្នែក​របស់​អ្នកឡើង​ស្ងួត​បាន​។

៨.សម្រាប់​អ្នកដែល​ត្រូវ​ប្រើ​កុំព្យូទ័រ​នៅផ្ទះ

នោះ​អ្នក​ក៏​អាចបង្កើត​នូវកន្លែងធ្វើការ​មួយដោយដាក់​តុ និងស្ថានភាព​ដូចដែល​បាន​រៀបរាប់​មកពី​ខាងលើ​នេះដែរ​។ វា​ជាការ​ប្រសើរសម្រាប់​អ្នកក្នុងការអង្គុយ​នៅលើ​កៅអី​ពូក ដែលមាន​កន្លែង​តម្រេក​ខ្លួនជាមួយនឹង​ការ​សម្រាក​បាន​ដ៏​ល្អ ប៉ុន្តែ​អ្នកមិនត្រូវ​ស្ថិតក្នុងស្ថានភាព​បែបនេះច្រើនជាង​រយៈពេល​ ១ម៉ោង​នោះទេ ​វា​អាចធ្វើអោយ​អ្នករោយ​ក​។ ចូរ​ប្រាកដថាអ្នក​នឹងមិន​ធ្វើ​ការងារនៅក្នុង​កន្លែងងងឹត​នោះទេ​។ ពន្លឺ​ដែល​ជះ​ចេញពី​កញ្ចក់​អេក្រង់កុំព្យូទ័រ និងភាព​ងងឹតអាចធ្វើអោយ​គ្រាប់ភ្នែក​អ្នកឆាប់​ចុក​រោយ​ជាង​ពេល​ធម្មតា៕​

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។