ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ការដាំដំណាំឆៃថាវ

20-May-2017 08:00 PM

រូបភាព


ដោយ: Uddam

 

១ ការរៀបចំដី

ការភ្ជួររាស់ត្រូវធ្វើឡើងអោយបាន 2-3 ដងដើម្បីអោយដីធូរ ជ្រាបទឹកបានល្អ ។ ត្រូវលើករងអោយមានកំពស់ 25-30cm ទទឹងរង1-1.2m បន្ទាប់មកយកជីប្រភេទប៉ូតាស្យូម ចំនួន150-200Kg លាយជាមួយជីផ្សំជាមួយអង្កាមដុត15-18T/ha បាចលើរងរួចរាស់លុប និងកៀអោយស្មើរមុនដាំដុះ។

២ របៀបដាំដុះ

ដំណាំឆៃថាវ គេដាំវានឹងគ្រាប់ផ្ទាល់ ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃអោយក្ដៅ រយៈពេល 1-2ម៉ោង ក្រោយមកដាក់ត្រាំទឹក 3-4 ម៉ោង ។ ការដាំដុះគឺយកគ្រាប់ពូជទៅដាំលើថ្នាល ដោយផ្ទាល់ក្នុងជំរៅ 2cm ជាមធ្យមដាក់ 2គ្រាប់/គុម្ព ហើយចន្លោះជួរនិងចន្លោះគុម្ព 20x20cm ក្រោយពីដាំរួចត្រូវយកចំប៉ើង ស្ងួតមកពង្រាយគ្របពីលើផ្ទៃរងពី 70-80% នៃផ្ទៃរងដើម្បីរក្សាសំណើម ដើម្បីអោយកូនដំណាំដុះលូតលាស់បានល្អ។ ក្រោយពីដាំដុះរួចត្រូវស្រោចទឹកអោយជោគភ្លាម។

២.១ វគ្គដុះពន្លក

ចាប់តាំងពីដាំរហូតដល់កូនដំណាំដុះបាន100% វាត្រូវការសំណើមថេរ តែមិនជាំទឹកទេ។

២.២ វគ្គលូតលាស់ស្លឹកពិត

ក្រោយពីដុះពន្លក100% រយៈពេល 7-10ថ្ងៃ កូនដាំណាំដុះបានស្លឹក 2-3 វាត្រូវការទឹកក្នុងកំរិតមធ្យម ។

២.៣ វគ្គកំណកំនើត និងពង្រីកមើម

ក្រោយពីដាំបានរយៈពេល 15-18ថ្ងៃ យើងសង្កេតឃើញឆៃថាវ ពង្រីកគល់ប៉ោងបន្តិចៗ ពេលនេះវាត្រូការទឹកនិងសារធាតុចិញ្ចឹមកាន់តែច្រើនឡើងៗ រហូតដល់ពេលប្រមូលផល។

៣ ការជ្រុំដី និងដកស្មៅ

ពេលដែលជ្រុំដី និងដកស្មៅ ត្រូវដករំលួសកូន ដោយទុកតែ1ដើម/គុម្ពព្រមទាំងដកស្មៅចេញ និងជ្រុំគល់។ត្រូវផ្អាកការស្រោចទឹកមួយថ្ងៃដើម្បីធ្វើអោយដីស្ងួត។ រយៈពេលនៃការជ្រុំដីត្រូវធ្វើឡើង ក្រោយពីដាំបានចំនួន15-18ថ្ងៃ។

៤ ការដាក់ជីបំប៉ន

-ការដាក់ជីបំប៉នលើកទី១រយៈពេល 10ថ្ងៃ ក្រោយដាំ

មេជី ១ គំរប

មេថ្នាំបណ្តេញសត្វល្អិត ១ គំរប

មេអ័រម៉ូន ១ គំរប

ទឹក ១០លីត្រ

-ការដាក់ជីបំប៉នលើកទី២ រយៈពេល 15-18 ថ្ងៃក្រោយដាំ

មេជី ១ គំរប

មេថ្នាំបណ្តេញសត្វល្អិត ១ គំរប

មេអ័រម៉ូន ១ គំរប

ទឹក ១០លីត្រ

-ការដាក់ជីបំប៉នលើកទី៣ ក្រោយដាំបាន 25-30ថ្ងៃ ប្រើ

មេជី ១ គំរប

មេថ្នាំបណ្តេញសត្វល្អិត ១ គំរប

មេអ័រម៉ូន ២ គំរប

ទឹក ១០លីត្រ

– ការដាក់ជីបំប៉នលើកទី៤ ក្រោយដាំ 40ថ្ងៃ

មេជី ១ គំរប

មេថ្នាំបណ្តេញសត្វល្អិត ១ គំរប

មេអ័រម៉ូន ២ គំរប

ទឹក ១០លីត្រ

៥ ការប្រមូលផល

យើងពិនិត្យមើលស្លឹករបស់វា ប្រែពីបៃតងខ្ចី ទីបៃតងចាស់ កំពូលត្រួយរបស់ដំណាំលែងលូត មើមរបស់វាប្រែពីសខ្ចីទៅប្រផេះ នោះជាដំណាក់កាលអាចប្រមូលផលបានហើយ។ ទិន្នផលអាស្រ័យទៅលើប្រភេទពូជ និង រដូវកាលដាំដុះ ជាមធ្យមទទួកបានទិន្នផលពី28-32T/ha។