ឯកសារកសិកម្ម
រូបភាព
សព្វថ្ងៃនេះការចិញ្ចឹមទា គឺជារឿងមួយលំបាកសម្រាប់អ្នកខ្លះដែលមិនមានការពិសោធន៍ និងមិនមានលុយគ្រប់គ្រាន់ សម្រាប់ទិញចំណីឲ្យវាស៊ី។ ដូច្នេះ ខ្ញុំសូមណែនាំនូវវិធីផលិតចំណីទាពីធម្មជាតិ ដោយចំណាយថ្លៃដើមអស់តិចហើយទទួលបានផលខ្ពស់ ដូចខាងក្រោម៖
* វត្ថុធាតុដើម៖
- គ្រប់ដំឡូង ទាំងដំឡូងឈើ ដំឡូងជ្វា ដើម ស្លឹក មើម គឺជាចំណីយ៉ាងសំខាន់បំផុតជំនួសឲ្យអ្វីៗផ្សេងទៀត (បូករួមទាំងស្រូវ និងកន្ទក់)
- ខ្យងខ្ចៅ គ្រំ លៀស ខ្យងមាស គឺជាប្រភពជំនួយយ៉ាងសំខាន់សម្រាប់ឲ្យទាពងបានល្អ និងបានច្រើនថែមទាំងទៀងទាត់ទៀតផង
- ស្រូវបណ្តុះឲ្យចេញជាពន្លក
- ជន្លេន បើអាចចិញ្ចឹមបានសម្រាប់ផ្តល់ជាចំណីឲ្យទា គឺជាការមួយប្រសើរណាស់។
* វិធីធ្វើ៖
- ដំឡូងឈើ ដំឡូងជ្វា (ស្ងោររួចដាក់ជាចំណី) ល្ពៅទុំកិនឲ្យខ្ទេច (ឲ្យស៊ីស្រស់ៗ)
- ស្លឹកដំឡូងជ្វា ឲ្យស៊ីស្រស់ៗ
- ស្លឹកដំឡូងឈើ ស្ងោរ ឬត្រាំទឹកស្ករមួយយប់សិនទើបឲ្យស៊ី
- ខ្យង ខ្ចៅ លៀស គ្រំ កូនកង្កែប ជន្លេន ប្រមូលទិញយកកិនឲ្យតូចៗមកឲ្យវាស៊ី
- ត្រាវកាត់ជាដុំៗហាល រួចកិនលាយជាមួយខ្យង ខ្ចៅ កន្ទក់ឲ្យវាស៊ី
- ត្រីល្អិតៗស្រស់ៗ មួយសប្តាហ៍ស្ងោរឲ្យស៊ីម្តងលាយជាមួយកន្ទក់។
ការប្រមូលទិញដំឡូងឈើ ដំឡូងជ្វា ស្លឹក-ទងដំឡូងជ្វា យកមកចិញ្ច្រាំឲ្យខ្ទេចរួចឲ្យទាទាំងនោះស៊ី ខ្ចៅ ខ្យង លៀស គ្រំតូចៗ មកកិនបំបែកឲ្យវាស៊ីជាបន្ថែម ទាំងអស់នេះទទួលបានជោគជ័យ ចំណាយតិចបំផុត ហើយលទ្ធផលវិញគឺល្អជាងការឲ្យស៊ីចំណីផលិតពីរោងចក្រទៅទៀត។
ចំណីទាំងអស់ខាងលើនេះ គឺល្អណាស់ល្អបំផុត។ កន្លែងចិញ្ចឹមត្រូវបានសំអាតជារៀងរាល់ថ្ងៃ ទឹកសម្រាប់ឲ្យទាលេងត្រូវបូមប្តូរមកច្រោះឲ្យស្អាត រួចទើបបង្ហូរចូលវិញ ការធ្វើបែបនេះ វាជួយកាត់បន្ថយការឆ្លងជំងឺបានស្ទើរទាំងស្រុង។