ឯកសារកសិកម្ម
រូបភាព
មាន់ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺរួចហើយ អាចនិយាយបានថា យើងបានបញ្ចៀសនូវជម្ងឺមួយចំនួន កុំឲ្យឆ្លងដល់មាន់ដែលកំពុងចិញ្ចឹម ប៉ុន្តែបើយើងមិនបានផ្ដល់វ៉ាក់សាំងឲ្យវានោះទេ មានន័យថា យើងកំពុងប្រថុយជាមួយការខាតបង់មួយយ៉ាងធំ ព្រោះមាន់មួយចំនួនធំ ឬក៏ទាំងអស់ អាចងាប់ បន្តបន្ទាប់គ្នា។
ការផ្ដល់វ៉ាក់សាំងឲ្យមាន់បានត្រឹមត្រូវតាមអាយុកាលរបស់វា អាចធ្វើឲ្យការប្រឈមចំពោះការខាតបង់ថយមកនៅត្រឹមតិចតួចប៉ុណ្ណោះ នេះក៏ព្រោះតែជម្ងឺមាន់កាចៗធ្វើឲ្យមាន់ឈឺ និងងាប់ត្រូវបាន ការពារជាមុន ដូចនេះការប្រថុយត្រូវបានកាត់បន្ថយបានច្រើនណាស់។ ក្នុងករណីដែលមាន់ត្រូវបានផ្ដល់វ៉ាក់សាំងរួចហើយ តែកើតមានជម្ងឺ ជម្ងឺនោះអាចគ្រាន់តែជាជម្ងឺ អាចព្យាបាលបាន ដែលភាគច្រើនគឺបណ្ដាលមកពីចិញ្ចឹមមាន់លែងឲ្យដើរស៊ីចំណីផ្ដេសផ្ដាស តាមកន្លែងមានភក់ជ្រាំ ទីមិនស្អាតនានា ឬក៏វាស៊ីប៉ះរបស់ដែលមានដុះផ្សិត ស្អុយ ផ្អូម ដូច្នេះការ ព័ទ្ធសំណាញ់ឃាំងវា គឺជាប្រការមួយល្អបំផុត និងប្រសើរជាងការលែងឲ្យវាដើរដោយសេរី។
បើអាចធ្វើបានដូចខាងលើអត្រាងាប់របស់មាន់គឺមានតិចណាស់ ដូច្នេះ ការខាតបង់ និងការស្ដាយ ដោយមាន់ងាប់សឹងអាចចៀសបានទាំងស្រុង។
>>កត្តាចម្បងដែលបណ្ដាលឲ្យមាន់ឈឺៈ៖
– ផ្ដល់ទឹកមិនស្អាតឲ្យមាន់ ឬផ្ដល់ទឹកមិនគ្រប់គ្រាន់ឲ្យវា
– ចិញ្ចឹមដោយមិនបានឃាំង បណ្ដាលឲ្យវាឆ្លងជម្ងឺពីទីផ្សេង ឬសត្វដទៃ
– ផ្ដល់ចំណីដែលដុះផ្សិត ឬផ្អូម
– មិនបានផ្ដល់ចំណីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់វា
– មិនបានចាក់វ៉ាក់សាំងការពារឲ្យបានត្រឹមត្រូវតាមអាយុមាន់
– ចិញ្ចឹមមាន់លាយជាមួយសត្វដទៃដូចជា ឆ្កែ ឆ្មា ទា គោ ក្របី
– សត្វមូស កណ្ដុរ និងសត្វល្អិតដទៃអាចជាប្រភពចម្លងជម្ងឺដល់មាន់
– ទ្រុងមាន់គួរមានសំណាញ់មុង ឬស្បៃ ហុំព័ទ្ធពេលយប់ការពារពីមូស និងសត្វដទៃ
– សំអាតទ្រុងមាន់រាល់ថ្ងៃកុំឲ្យសត្វល្អិតមានឳកាសមករស់លាយឡំជាមួយលាមកមាន់
– បរិយាកាសនៃកន្លែងរស់នៅរបស់មាន់ទទួលរងកំដៅខ្លាំងពេក ឬខ្យល់ខ្លាំងពេក
– មិនបានយកចិត្តទុកដាក់ក្នុងការចិញ្ចឹមឲ្យខ្ជាប់ខ្ជួន។
>>វិធីមួយចំនួនសម្រាប់បញ្ចៀសជម្ងឺមាន់៖
– ប្រើខ្ទឹមស បុកឲ្យម៉ត់លាយជាមួយចំណីក្នុងអត្រា 4% (រាល់ថ្ងៃ)
– ប្រើខ្ញី បុកឲ្យម៉ត់លាយជាមួយចំណីក្នុងអត្រា 3% (រាល់ថ្ងៃ)
– ផ្ដល់ទឹកស្អាតលាយជាមួយមេ EM ឬ EXM ចំណុះ10ml លាយទឹកស្អាត 1លីត្រ ដាក់ឲ្យមាន់ផឹកពីតូចរហូតដល់ធំ ត្រូវដូថ្មីរាល់ថ្ងៃ
– ចំណីមាន់ត្រូវលាយបន្ថែមវីតាមីន ព្រីម៉ិច និងមេចំណី
>> ចំណីដែលធ្វើឲ្យមាន់ឆាប់ធំ គឺ៖
10% – បាយដាំពីចុងអង្ករ ឬអង្ករថោកៗ
40% – ពោតក្រហមបុកបំបែកឲ្យល្អិតរួចស្ងោរ ឬឆៅក៏បាន
20% – កន្ទក់ធុនល្អ មិនមែនកន្ទក់កិនពីអង្កាម
2% – EM មេEM ឬEXM លាយរួច
3% – គួរលាយបន្ថែមកាល់ស្យូម (ម្សៅងាវ) ឲ្យមេមាន់ជាចំណីដោយឡែកសម្រាប់តែមេមាន់
4% – ស្កររងូ, ស្ករកាកអំពៅ
15% – ត្រកួន, ស្លឹកឆាយ៉ា, ស្លឹកកន្ធុមថេត, (តាមរកបាន)
4% – កាកដូងអាចរកបានពីកន្លែងលក់ដូង ឬខ្ទិះដូងក្នុងផ្សារ
2% – ព្រីម៉ិច
របបចំណីខាងលើអាចល្អៀងពីគ្នាតិចតួចបាន ចំពោះមាន់ចិញ្ចឹមយកសាច់វិញនោះគួរបន្ថែម ប្រេងឆា ឬខ្លាញ់ត្រីប្រមាណ4% ទៅក្នុងចំណី តែត្រូវលាយសម្រាប់តែឲ្យមាន់ស៊ីក្នុង1ថ្ងៃ មិនត្រូវ លាយទុកសម្រាបើច្រើនថ្ងៃឡើយ។
ការផ្ដល់ចំណីត្រូវលាយជាមួយខ្សាច់ខ្លះផង ដើម្បីឲ្យការរំលាយអាហាររបស់មាន់ងាយ ទោះមិន បានដាក់ក៏មិនក៏មិនថ្វី តែគួរតែដាក់។ ចំណីមាន់គួរដាក់ក្នុងស្នូកវែង ដើម្បីចៀសវាងកុំឲ្យមាន់ជាន់ កំពប់ និងការពារកុំឲ្យមាន់ជាន់លើចំណីផង។
សម្រាប់កាមន្ទិលចំពោះការប្រើប្រាស់ថ្នាំព្យាបាលមាន់ឈឺ គួរតែពិគ្រោះជាមួយអស់លោកអ្នក ជំនាញខាងក្រសួងកសិកម្ម ផ្នែកចិញ្ចឹមមាន់ ឬអ្នកជំនាញខាងអង្គការក្រៅរដ្ឋាភិបាលនានា។ ការសួរឲ្យបានច្រើនទៅអ្នកជំនាញ គឺជាការសំខាន់ណាស់ ព្រោះអាចជួយឲ្យយើងកើនឡើងនូវ ការយល់ដឹងកាន់តែប្រសើរ និងចៀសបាននូវការខាតបង់ប្រាក់កាស។