ចំណេះដឹងទូទៅ
រូបភាព
ប្រសិនបើមានបញ្ហាគេងមិនលក់ តើគួរធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហានេះបាន? ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីវិធីសាស្រ្តមួយចំនួន ដើម្បីជួយដោះស្រាយអោយអ្នកគេងបានលក់ស្រួលវិញ៖
១.កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន: ជាតិកាហ្វេអ៊ីន គឺជាសត្រូវមួយរបស់ដំណេក ដោយសារវានឹងធ្វើអោយអាការៈនៃការគេងមិនលក់របស់អ្នកធ្ងន់ធ្ងរជាងមុន។ ដូច្នេះអ្នកគួរកាត់បន្ថយការទទួលទាន ជាតិកាហ្វេអ៊ីនដូចជាកាហ្វេ សូកូឡាខ្មៅ រឺភេសជ្ជះកូកាកូឡាជាដើម។
២.កាត់បន្ថយក្នុងការបរិភោគអាហារពេលល្ងាច: ការបរិភោគអាហារពេលល្ងាចក៏អាចធ្វើអោយប៉ះពាល់ដល់ការគេងនៅពេលយប់របស់អ្នកផងដែរ ជាពិសេសប្រសិនជាអ្នកបរិភោគអាហារដែលពិបាកក្នុងការរំលាយ ដូចនេះអ្នកគួរព្យាយាមទម្លាប់ហូបអាហារដែលមានសាច់តិច និងបរិមាណតិច។
៣.គេងអោយបានទៀងពេលវេលា: ពេលវេលាដែលអ្នកគួរតែគេង គឺនៅពេលយប់ ដូច្នេះក្រៅពីម៉ោងដែលអ្នកគួរគេង បើអាចអ្នកមិនគួរគេងនៅពេលថ្ងៃ រឺពេលល្ងាចនោះទេ ព្រោះវានឹងធ្វើអោយអ្នកមិនងងុយគេងនៅពេលយប់។ ហើយអ្នកត្រូវចូលគេងអោយបានទៀងពេលវេលាជារៀងរាល់យប់ផងដែរ។
៤.កែលម្អបរិយាកាសបន្ទប់គេងរបស់អ្នក: តើអ្នកដឹងទេថា នៅពេលដែលបន្ទប់អ្នកត្រូវបានកែប្រែមកល្អស្អាតជាងមុន អ្នកមានអារម្មណ៍ចង់គេងច្រើនជាងធម្មតា ជួនកាលយើងគេងនៅកន្លែងមួយដដែលៗ ដូចនេះនៅពេលដែលយើងផ្លាស់ប្តូរបរិយាកាសបន្ទប់គេង វាហាក់ដូចជាយើងស្ថិតនៅក្នុងបរិយាកាសមួយថ្មី។
៥.បិទភ្លើងនៅពេលគេង: ប្រសិនជាអ្នកគេងបើកភ្លើង អ្នកគួរសាកល្បងទម្លាប់គេងបិទវិញម្តង ព្រោះការគេងបិទភ្លើងអាចជួយពន្លឿនដល់ដំណេករបស់អ្នកយ៉ាងមានប្រសិទ្ធិភាព។
គួរបញ្ជាក់ផងដែរថា អ្នកមិនគួរប្រើប្រាស់ថ្នាំងងុយគេង ដើម្បីអោយគេងលក់នោះទេ ព្រោះអាចមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកជាច្រើន៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ