ឯកសារកសិកម្ម
រូបភាព
១.ការជ្រើសរើសរដូវ
- ដំណាំស្ពៃក្ដោប គេច្រើនតែដាំនៅរដូវត្រជាក់។ នៅប្រទេសកម្ពុជាយើងគេអនុវត្ដន៏ពីខែ តុលា ដល់ ខែ កុម្ភៈ។ ចន្លោះពេលនេះ គឺសីតុណ្ហភាពត្រជាក់ ពន្លឺថ្ងៃ និងចំណាំងរបស់ពន្លឺ សមស្របសត្វល្អិត និងជំងឺមិនមានការរាត ត្បាតខ្លាំង។
២. ការជ្រើសរើស និងរៀបចំដី
- ដំណាំស្ពៃក្ដោប ជាប្រភេទដំណាំមួយត្រូវការដុះលូតលាស់លើប្រភេទដីធូរ ស្រទាប់ដាំដុះជ្រៅសំបូរទៅដោយជាតិមមោក និងសារធាតុចិញ្ចឹមផ្សេងៗទៀត
- ដំណាំនេះ គេរាប់បញ្ចូល ទៅក្នុងក្រុមមិនធន់ទ្រាំនឹងដីអាស៊ីដ
- រៀបចំដីដោយប្រើត្រាក់ទ័រ គោយន្ដ ឬដោយនង្គ័លគោ
- មុននឹងភ្ជួរគេរាស់ ទុកដីឲ្យស្ងួតស្រស់ទឹក
- ប្រមូលយកស្មៅ ឬកាក សំណល់ចេញពីដីឲ្យស្អាត
- ត្រូវហាលដីនោះ រយៈពេល២ទៅ៣ថ្ងៃ រាស់បំបែកដីឲ្យល្អិត ទើបភ្ជួរប្រែដីលើកទី២
- ត្រូវហាលដីនោះឱ្យស្ងួតល្អ ដើម្បីឲ្យស្មៅ ឬសត្វល្អិត ចង្រៃងាប់ ប៉ុន្ដែចំពោះដីដែល កង្វះជាតិកំដេរ គេបាចកំបោរចំនួន២៥០ ទៅ ៣៥០ គ.ក្រ/ហ.ត ហើយរាស់លុបទៅក្នុងដី។
- ភ្ជួរ និងរាស់ចំនួន ២-៣ លើកឲ្យបានជ្រៅ និងឲ្យល្អិតធាន ឲ្យមានបន្ទុកខ្យល់គ្រប់គ្រាន់ និងឲ្យទឹកជ្រាបបានល្អរក្សាសំណើមដីបានយួរ។
- ជាទូទៅការរៀបចំដី សំរាប់ដំណាំបន្លែ គឺដីស្ងួត និងមានប្រភពទឹកគ្រប់គ្រាន់ ដើម្បី ស្រោចស្រព។
៣. ការបណ្ដុះកូន
ដើម្បីធានាឲ្យកូនស្ពៃក្ដោបដុះលូតលាស់ល្អគ្មានជំងឺ និងសត្វល្អិតបំផ្លាញ គេគួរតែ ជ្រើសរើសកន្លែងសំរាប់សាបកូនដែលមានលក្ខខណ្ឌដូចតទៅ៖
- ដីមានជីជាតិនៅក្បែរប្រភពទឹក ឃ្លាតឆ្ងាយពីចំការស្ពៃឯទៀត វាលស្រឡះមានពន្លឺគ្រប់គ្រាន់
- ត្រូវភ្ជួរ ឬរៀបដីនោះឲ្យផុសល្អ រើសយកស្មៅចេញ ហាលដីឲ្យស្ងួត
- វាយបំបែកដីឲ្យម៉ដ្ឋល្អ
- បាចកំបោរសចំនួន ២៥០ ក្រាម លើផ្ទៃដី ២០ម២
- លើករងឲ្យបានខ្ពស់ គឺទទឹង១ម បណ្ដោយ១០ម កំពស់ពី ១៥-២០ស.ម
- យកដី ១៥.១៥.១៥ ចំនួន ១៥០ក្រាម ទៅបាចលើ
- រាស់លុបជីនោះឲ្យកប់ទៅក្នុងដី (ហាមប្រើជីលាមកសត្វស្រស់ មិនទាន់ពុក)
- យកថ្នាំប្រភេទ Furadan ២០ក្រាម និងប្រភេទថ្នាំផ្សិតឈ្មោះ Mancozeb ឬ Orthoacid ចំនួន១៥ក្រាម ទៅបាចលើថ្នាលនោះ
- សាបគ្រាប់ស្ពៃទៅក្នុងថ្នាល ដោយប្រើទំងន់ គ្រាប់ចំនួន៧-១០ក្រាម លើផ្ទៃដី១០ម២ ។ ដើម្បីដាំ លើផ្ទៃដី ១ ហ.ត គេត្រូវប្រើគ្រាប់ពូជចំនួន៣០០-៣៥០ក្រាម
- ក្រោយពីសាបហើយ ត្រូវយក កំទេចចំបើងស្ងួតកាត់ឲ្យខ្លីៗ បាចពីលើឲ្យក្រាស់ល្មម
- ស្រោចឲ្យជោក
- គ្របគំរបពីលើ
- ស្រោចទឹកពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច
- រយៈពេលពីរថ្ងៃក្រោយសាប ត្រូវបើកគំរបទាំង នោះចេញ ហើយគ្របសំណាញ់ពណ៌ខ្មៅ ក្រឡាញឹកឲ្យជិត ការពារកុំឲ្យពពួកសត្វល្អិតចូលបំផ្លាញ
- ពេលកូនស្ពៃដុះល្អ ចាប់ផ្ដើមដកស្មៅ និងដករំលស់កូនស្ពៃចេញឲ្យរង្វើល
- ក្រោយពីសាប រយៈពេល ៨ ដល់ ១០ថ្ងៃហើយ ស្រោចបំប៉នជី Urea ៤៦% ដោយប្រើកំរិត ១ស្លាបព្រាបាយលាយទឹក ២០លីត្រ ស្រោចឲ្យជោគ ហើយស្រោចទឹកធម្មតតាមក្រោយ ។
- ក្រោយមក ពេលកូនស្ពៃអាយុ ១៨ ដល់ ២០ថ្ងៃ គេស្រោចជីបំប៉ុនដោយប្រើប្រភេទ Urea ៤៦% ដដែល កំរិត១ស្លាបព្រាយ(១០-១៥ក្រាម) លាយទឹក ១៥ដល់២០លីត្រ ស្រោចឲ្យជោគ និងស្រោចទឹកធម្មតាតាមក្រោយ
- អនុវត្តន៏តាមវិធីនេះ រយៈពេល ២៥-២៨ ថ្ងៃ គេអាចដកកូនស្ពៃយកទៅដាំ ប៉ុន្ដែមុននឹងយកទៅរយៈពេល ២ថ្ងៃ គេផ្អាកការ ស្រោចទឹកដើម្បីឲ្យកូនស្ពៃធន់ទ្រាំ និងការកង្វះទឹក និងធន់នឹងកំដៅថ្ងៃ
- ពេលរៀបដក ត្រូវស្រោចទឹកឲ្យជោក ទើបគេដកកូនយកទៅដាំ គឺវាមានសន្លឹក ៣-៤កំពស់៨-១០ស.ម។
- ចំពោះ វិធីផ្សាំកូនវិញ គេដកកូនស្ពៃមានអាយុ ១៤ ដល់ ១៦ថ្ងៃ មានសន្លឹក ២ គឺគេផ្សាំក្នុង កន្ទោង ឬស្បោងកៅស៊ូ ដោយក្នុងនោះ មានលាយជីផេះអង្កាម និងជីធម្មជាតិផុលល្អ
- ស្រោចទឹកល្បាយលាយនោះឱ្យជោក និងគ្របពេលថ្ងៃរយៈពេល ២ថ្ងៃ ទើបលែងគ្រប គឺបើកចំហទាំងយប់ ទាំងថ្ងៃលើក លែងតែពេលភ្លៀងទើបគ្របគំរបការពារពីលើ។
- ក្រោយពីផ្សាំរយៈពេល ១០ ដល់ ១២ថ្ងៃ អាចដាំបាន ។
៤. ការដាំដុះស្ពៃក្ដោប
- លើករងកម្ពស់ពី ១៥ ដល់ ២០ស.ម ទទឹង១០០ស.ម បណ្ដោយ ១០ ដល់ ១៥ម
- រាស់ដោយរនាស់ដៃ យកស្មៅចេញ និងពង្រាប រងឲ្យស្មើល្អ
- កាប់រណ្ដៅលើរងជា ២ជួរ ចន្លោះជួរ ៧០ស.ម ចន្លោះរណ្ដៅ គឺ ៥០ ដល់ ៦០ស.ម
- យកជីគីមីប្រភេទ១៥.១៥.១៥ ឬ (១៨.៤៦.០) ចំនួន ២០០គ.ក្រ ជីលាមកសត្វ ឬកំប៉ុស្ដចំនួន១៥-២០ តោន និងរោយថ្នាំប្រភេទ Furadan ចំនួន ១០គ.ក្រ ក្នុងផ្ទៃដី ១ហ.ត
- ជំ្រលាយបញ្ចូលគ្នាហើយ ទើបយកកូនមកដាំ
- កូនស្ពៃក្ដោបមុននឹងយកទៅដាំត្រូវស្រោចទឹកឲ្យ ជោកជាមុន
- ដាំនៅពេលថ្ងៃរសៀល ដាំហើយភ្លាមត្រូវស្រោចទឹកឲ្យជោគ
- បន្ដស្រោចទឹកក្នុង ១ថ្ងៃ ៣លើក ព្រឹក ថ្ងៃត្រង់ និងល្ងាច រយៈពេល២ថ្ងៃ ។
៥ .ការស្រោចស្រព
- ដំណាំអំបូរស្ពៃត្រូវការទឹកជាប្រចាំ ប៉ុន្ដែវាមិនត្រូវការសំណើមដីខ្ពស់ពេកនោះទេ។ ជាមធ្យម ចន្លោះពី៨០-៨៥%
- ដំណាំនេះត្រូវការទឹកខ្លាំងក្នុង ដំណាក់កាលក្រោយដាំ ៤៥-៥០ថ្ងៃ ។
៦. ការជ្រំជ្រួយដី
- ការជ្រំជ្រួយដីពូនគល់ ធ្វើឲ្យដីធូរខ្យល់ចេញចូលព្រមទាំង រក្សាសំណើមបានយូរ ការជ្រាប ទឹកបានរហ័ស បន្ថយការដុះស្មៅ។
- មុនពេលជំ្រដី ត្រួវផ្អាកការស្រោចទឹកចំនួន១ថ្ងៃមុន
- ជ្រំជ្រួយដីឲ្យផុស
- ហាលដីនោះ មួយថ្ងៃទៀត ដើម្បីឲ្យស្មៅងាប់
- ស្រោចទឹកឲ្យជោគខ្លាំង
- ការជ្រំជ្រួយដី ធ្វើឡើងជា ២លើក គឺលើកទី១ ចំនួន ១០ ដល់ ១៥ថ្ងៃ ក្រោយដាំ និងលើកទី២គឺ ៣៥-៤០ថ្ងៃក្រោយដាំ
- ក្រោយមក ទៀត មិន ជ្រំជ្រួយដីឡើយ គឺគ្រាន់តែសំអាតស្មៅប៉ុណ្ណោះការពារ ការដាច់ប្ញសរបស់ស្ពៃ ធ្វើឲ្យស្ពៃពន្យារពេលក្ដោប។
៧ . ការប្រើបា្រស់
ដំណាំស្ពៃក្ដោបត្រូវការជីយ៉ាងខ្លាំងជាងដំណាំស្ពៃទៀត។ ក្នុងដំណាក់កាលនៅតូចវាត្រូវ ការធាតុអាសូត (N) ច្រើនដើម្បីដុះលូតលាស់ទំហំស្លឹក និងចំនួនស្លឹកព្រមទាំងពន្លូតដើម ពិសេស គឺដំណាំមានពណ៌បៃតងខ្ចី។ ចំពោះធាតុផូស្វ័រ (P) ដំណាំត្រូវការជាបណ្តើរៗចាប់តាំងពីដាំរហូតដល់ ប្រមូលផល គឺធ្វើឲ្យស្លឹកក្រាស់ដើមធំ រឹងមាំ ពង្រីកប្រពន្ធ័ប្ញសឲ្យរឹសតែសកម្ម ដើម្បីការដឹកជញ្ជូន សារធាតុទឹក និងរ៉ែផ្សែងៗ
- មុនពេលដាំទឹកទ្រាប់បាត ជីធម្មជាតិ ១៥ដល់២៥តោន ជី ១៥.១៥.១៥ ចំនួន២០០ គ.ក្រ / ហ.ត ។
- ក្រោយពីដាំរយៈពេល ៥ដល់៧ថ្ងៃ គេស្រោចជីអ៊ុយរ៉េ ៤៦% ចំនួន ៤០គ.ក្រក្នុង ១ហ.ត ដោយលាយជាមួយទឹក ស្រោចជុំវិញគល់ ហើយស្រោចទឹកលាងតាមក្រោយជាធម្មតា។
- ក្រោយពេលដាំរយៈពេល ១៨-២០ថ្ងៃ គេប្រើជី ១៥.១៥.១៥ចំនួន២០០គ.ក្រ លាយជាមួយជីអ៊ុយរ៉េ ៤៦% ចំនួន៧០-៨០គ.ក្រ និងជី ប៉ូតាស្យូម ៦០%ចំនួន ១០០គ.ក្រ ក្នុងដី ១ហ.ត លាយជាមួយគ្នា ហើយដាក់នៅតាមចន្លោះគុម្ព នឹងលុបដីឲ្យជិត ហើយស្រោចទឹកឲ្យជោគ។
- ក្រោយដាំរយៈពេល ៣០-៣៥ថ្ងៃ ត្រូវដាក់ជីបំប៉ុនប្រភេទអ៊ុយរ៉េ ៤៦% ចំនួន៥០-៦០គ.ក្រ ក្នុង ១ហ.ត ដោយលាយទឹកស្រោចឬដាក់តាមចន្លោះគុម្ពក្រោមស្លឹកស្រោច ឬបញ្ចូលទឹកភ្លាម ។
- ក្រោយដាំរយៈពេល៤៥-៥០ថ្ងៃ ត្រូវដាក់ជីជាលើកចុងក្រោយដោយប្រើប្រភេទជី ១៥.១៥.១៥ ចំនួន១០០គ.ក្រ លាយជាមួយជីអ៊ុយរ៉េ៤៦% ចំនួន ៨០គ.ក្រ និងជីប៉ូតាស្យូមចំនួន ៥០គ.ក្រ ហើយដាក់តាមចន្លោះជួរស្ពៃ បន្ទាប់មក ស្រោច ឬបញ្ចូលទឹកភ្លាម ។
៨. ការប្រមូលផល
- ការប្រមូលផល ត្រូវធ្វើឡើងតាមប្រភេទពូជ ពូជធ្ងន់មានអាយុកាល ពី ៩០-១១០ថ្ងៃ ក្រោយដាំ
- ពូជកណ្ដាល គឺ ៨០-៩០ថ្ងៃ
- ពូជស្រាលពី ៦៥-៧០ថ្ងៃ
- ការដាំនៅប្រទេសកម្ពុជា សមស្រប គឺពូជ ៨០-៩០ថ្ងៃ គឺពូជ KK Cross និង Rareball មុនពេលប្រមូលផលគេផ្អាកការស្រោចទឹករយៈពេល ៥-៧ថ្ងៃ ដើម្បីស្ពៃក្ដោបរឹតណែន។
- គេកាត់ដោយរក្សាសន្លឹកខៀវ ពទ័្ធជុំវិញក្ដោបចំនួន ៣-៤ សន្លឹក ដើម្បីរក្សាទុកបានយូរ និងធានាការដឹកជញ្ជូនទៅកាន់ទីឆ្ងាយៗនៅប្រទេសកម្ពុជាទិន្នផលមធ្យមចន្លោះពី ២៥-៣០ តោន/ ហ.ត៕
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត