ចំណេះដឹងទូទៅ
ផលប៉ះពាល់មួយចំនួនចំពោះសុខភាពនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលអ្នកមិនធ្លាប់បានចាប់អារម្មណ៍ឡើយ!
រូបភាព
ប្រសិនបើអ្នកចូលចិត្តប្រើម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ អ្នកគួរតែកាត់បន្ថយហើយ។ ម៉ាស៊ីនត្រជាក់ក៏មានផលប៉ះពាល់ចំពោះសុខភាពដែរ ដែលអ្នកមិនបានចាប់អារម្មណ៍ឡើយ។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីផលប៉ះពាល់ទាំងនោះមានអ្វីខ្លះ៖
១.ការខ្សោះជាតិទឹក
ដោយសារតែរាងកាយរបស់អ្នកទទួលរងនូវភាពត្រជាក់ស្ងួតពីម៉ាស៊ីនត្រជាក់នោះហើយ ដែលធ្វើឲ្យរាងកាយរបស់អ្នកខ្វះជាតិទឹកនៅក្នុងខ្លួន និងស្បែកនោះ។ អ្នកមានអារម្មណ៍ថាចង់ផឹកទឹកច្រើន នៅពេលម៉ាស៊ីនត្រជាក់កាន់តែត្រជាក់។ អត្រានៃការខ្សោះជាតិទឹកនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ខ្ពស់ជាងបន្ទប់ដែលប្រើកង្ហារ។ ដើម្បីឲ្យស្បែក និងរាងកាយរបស់អ្នកមានសំណើម អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអ្នកធ្វើបាន។
២.អស់កម្លាំង
អ្នកគួរតែកាត់បន្ថយម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ ឬកន្លែងធ្វើការខ្លះហើយ ព្រោះវាធ្វើឲ្យអ្នកអស់កម្លាំងដោយការខ្សោះជាតិទឹក។ អ្នកអាចមានអារម្មណ៍ថាខ្ជិលធ្វើការ និងគ្មានកម្លាំងកំហែង។
៣.ភ្នែកស្ងួត
ភ្នែកស្ងួតអាចធ្វើឲ្យរមាស់ និងឈឺ ពេលខ្លះវាក៏អាចធ្វើឲ្យការមើលឃើញរបស់អ្នកកាន់តែយ៉ាប់ទៅៗ។ ហើយអ្នកដែលមានបញ្ហានេះច្រើនដោយសារតែការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន និងមិនបានសម្អាតឲ្យទៀងទាត់។
៤.ស្បែកស្ងួត និងរមាស់
នៅពេលដែលអ្នកត្រូវកម្តៅថ្ងៃក្តៅខ្លាំងគួបផ្សំជាមួយនឹងម៉ាស៊ីនត្រជាក់ទៀតនោះ ស្បែកអ្នកនឹងរមាស់ និងស្ងួត។ ភាពត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់អាចធ្វើឲ្យស្បែករបស់ឡើងស្ងួត រមាស់ និងពេលខ្លះអាចនឹងមានបញ្ហារបកស្បែកផងដែរ។
៥.ឈឺក្បាល និងរោគប្រកាំង (ឈឺមួយចំហៀងក្បាល)
ផលប៉ះពាល់ខ្លាំងបំផុត គឺអ្នកប្រើម៉ាស៊ីនត្រជាក់ច្រើនតែឈឺក្បាល។ ការឈឺក្បាលនោះអាចបណ្តាលមកពីការខ្សោះជាតិទឹកខ្លាំងពេក និងមេរោគនៅជាប់ម៉ាស៊ីនត្រជាក់។
៦.បញ្ហាដង្ហើម
ច្រមុះ ភ្នែក និង បំពង់កអ្នកអាចនឹងឧស្សាហ៍ឈឺ ដោយសារតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក។ អ្នកអាចមានអាការៈតឹងច្រមុះ ស្ងួតបំពង់ក ឬអាចឈានដល់ការរលាកច្រមុះ។ ដូចដែលការសិក្សាបានបង្ហាញឲ្យឃើញថា ២៨% នៃអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់មានបញ្ហាដង្ហើម និងការរលាក។
៧.ជំងឺហឺត និងប្រតិកម្ម (Allergies)
ម៉ាស៊ីនត្រជាក់ក៏អាចធ្វើឲ្យអ្នករងប្រតិកម្ម និងមានជំងឺហឺតថែមទៀតផង។ សម្រាប់ដែលប្រតិកម្មតែងតែកន្តាស់គ្រប់ពេល ជាពិសេសនៅពេលដែលម៉ាស៊ីនត្រជាក់មិនស្អាត។
៨.ងាយនឹងឆ្លងជំងឺ
ចំហាយត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ដែលចូលទៅក្នុងសួត និងចរន្តត្រជាក់វិលវល់ៗនៅតែក្នុងបន្ទប់មួយបិទជិត អាចធ្វើឲ្យមេរោគបាក់តេរី វីរុស និងជំងឺផ្សេងៗងាយនឹងឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកណាស់។ នោះបានន័យថាមេរោគទាំងឡាយនឹងមិនទៅណានោះទេ ហើយប្រសិនជាមាននរណាម្នាក់មានជំងឺ វានឹងឆាប់ឆ្លងទៅមនុស្សម្នាក់ផ្សេងទៀតលឿនណាស់ ជាពិសេសគឺ ជំងឺក្អក និងផ្តាសាយតែម្តង។
៩.រាងកាយលែងស៊ាំនឹងកម្តៅ
នៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេកទៅ រាងកាយរបស់អ្នកឆាប់ស៊ាំនឹងបរិយាកាសត្រជាក់ណាស់។ រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរ មិនអាចទប់ទល់នឹងភាពក្តៅស្អុះស្អាប់បានដូចមុន ដោយងាយនឹងបែកញើស ពិបាកទ្រាំនឹងអាកាសធាតុក្តៅ បើទោះជាកម្តៅអាចទ្រាំបានយ៉ាងណាក៏ដោយ ជាពិសេសរដូវក្តៅខ្លាំងតែម្តង។
១០.រោគខ្ជិលច្រអូស
ខ្យល់ និងចំហាយត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកមានបញ្ហាស្ពឹកស្រពន់ និងខ្ជិលច្រអូសបាន។ ដូច្នេះហើយបានជាអ្នកជំនាញ បានធ្វើការណែនាំឱ្យអ្នកដែលតែងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំ គួរតែចំណាយពេលខ្លះយ៉ាងហោច ៣ ទៅ ៤ម៉ោង ក្នុងមួយថ្ងៃនៅបរិយាកាសធម្មតានៅខាងក្រៅ ដើម្បីសម្រួលរាងកាយ៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។