ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំប៉េងប៉ោះ!

05-Jul-2017 03:24 PM

រូបភាព


ដោយ: Uddam

១.  បច្ទេកទេសដាំដុះ

ក.  ការជ្រើសរើសពូជៈ

កត្ដាសំខាន់ៗដែលត្រូវកំណត់ជ្រើសរើសមាន ៖

-ពូជមានប្រភពច្បាស់លាស់(ពូជក្នុងស្រុក ឬពូជបង្កាត់)

-ពូជមានអាយុកាលត្រឹមត្រូវ

-ពូជដែលមានចំណុះល្អ ៨៥-៩០%

-ពូជសុទ្ធល្អ

-ពូជធន់នឹងអាកាសធាតុ សត្វល្អិត និងជំងឺចំពោះពូជបង្កាត់មិនអាចទុកពូជបន្តបានទេ។

ខ. ការរៀបចំថ្នាលបណ្ដុះកូនៈ

-គ្រាប់ពូជ ២៥០-៣០០ ក្រាម ប្រើក្នុងផ្ទៃដី១ហិកតា

-ទទឹងថ្នាល ១ម និងប្រវែងបណ្ដោយតាមតម្រូវការ នៅរដូវប្រាំង កម្ពស់រង ១៥-២០ស.ម និងរដូវវស្សា ២០-៣០ ស.ម

-ច្របល់ផេះអង្កាប ៣០០ក្រាម និងជីកំប៉ុស្ដ៥០០ក្រាមក្នុងផ្ទៃដី១ម៉ែត្រការ៉េ

-ស្រោចទឹកឲ្យជោក រួចឈូតចង្អូររាក់ កាត់ទទឹងរងចន្លោះជួរ ១០ស.ម

-សាបគ្រាប់ប៉េងប៉ោះ ឲ្យបានស្ទើងក្នុងជម្រៅ០.៥ ស.ម និងគ្រប ឬលុបដីឲ្យបានជិតល្អ

-កាត់ចំបើងជាកង់ៗ រួចគ្របពីលើរង និងស្រោចទឹកឲ្យជោគល្អ។

    គ. ការបណ្ដុះកូនៈ

-គ្រាប់ប៉េងប៉ោះហាលថ្ងៃ ១-២ម៉ោង ត្រាំទឹកក្ដៅឧណ្ឌៗ ប្រហែល ៣៥ អង្សាសេ រយៈពេល២០នាទី

-ផ្អាប់ក្នុងក្រណាត់សើម ៤០-៤៨ម៉ោងទើបអាចសាបលើថ្នាល

-១០ថ្ងៃក្រោយសាប គេអាចដករំលោះ (ធីវ)កូនប៉េងប៉ោះខ្លះទុកឲ្យរង្វើល និងមានសុខភាពល្អ។ គេអាចយក ទៅដាំបានក្នុងរយៈពេល ១៨ដល់២៥ថ្ងៃ ក្រោយសាប។

ឃ. ការរៀបចំដីៈ

-ការភ្ជួរ និងរាស់ដីឲ្យបាន២ដង

-ហាលដីឲ្យស្ងួតល្អរយៈពេលពី ១០-១៥ថ្ងៃ

-លើករងកម្ពស់ពី ២៥-៣០ ស.ម ទទឹងរង១២០ស.ម និងចន្លោះរង ៧៥ ស.ម

ង. ការដាំដីៈ

-ចន្លោះគុម្ព ៧០​ ស.ម ចន្លោះជួរ ១ម និងដាំក្នុង១គុម្ព/១ដើម។

-ត្រូវស្រោចទឹកលើថ្នាលឲ្យជោគមុនពេលដកកូនយកទៅដាំ (ដាំនៅពេលរសៀលឬពេលមេឃត្រជាក់) ។

-ដាំរួចត្រូវស្រោចទឹកឲ្យជោគ។

២.  ការថែទាំ

ក.  ការជ្រួយដី និងកំចាត់ស្មៅៈ

-ជ្រួយដីត្រូវធ្វើឡើងក្រោយដា ១០.១២ថ្ងៃ ។

-ក្រោយដាំ ៣៥.៤០ថ្ងៃ ត្រូវដកស្មៅចេញនិងហាមជ្រួយដី។

      ខ.  ការស្រោចទឹកៈ

-ការស្រោចទឹកជាប្រចាំនៅពេលព្រឹក និងពេលល្ថាច

-ត្រូវរក្សាសំណើម ៦០-៧០% ប្រសិនបើមានសំណើមខ្ពស់ អាចកើតឡើងនូវពពួកជំងឺក្នុងដី។

គ. ការដោតចំណារ និងកាត់មែកៈ

-ការដោតចំណារធ្វើឡើងនៅមុនពេលប៉េងប៉ោះចេញផ្កា

-ការកាត់រំលោះមែកផ្នែកខាងក្រោមដើម្បីឲ្យមានខ្យល់ចេញចូល រក្សាសំណើម និងបាត់បង់ជីជាតិ

-កាត់បន្ថយការឆ្លងជំងឺ និង សត្វល្អិតសង្រៃ។

ឃ.  ការដាក់ជីៈ

-លើកទី១ ៖ ការប្រើជីទ្រាប់បាត ដាក់ជីកំប៉ុស្ដចំនួន ០.៥-១ គីឡូក្រាម លាយជាមួយជី (១៥.១៥.១៥) ចំនួន ៤-៥ក្រាម និងជីអ៊ុយរ៉េ២ក្រាម ក្នុងមួយរណ្ដៅ។

-លើកទី២ ក្រោយដាំបាន ១០ដល់១៥ថ្ងៃ ប្រើជី (១៥.១៥.១៥) ចំនួន ២-៣ក្រាម លាយជាមួយទឹក ២០លីត្រ។

-លើកទី ៣ ៖ ពេលប៉េងប៉ោះមុនចេញផ្កា ត្រូវបន្ដការដាក់ជីបំប៉នបន្តែមទៀត ជីអ៊ុយរ៉េ ៥-១០ក្រាម និងជី (១៥.១៥.១៥) ១៥-២០ក្រាមក្នុងមួយរណ្ដៅ។

៣.  ការប្រមូលផល

-ពូជដែលមានអាយុកាលខ្លីគឺចន្លោះ ៥៥-៦០ថ្ងៃ

-ពូជដែលមានអាយុកាលលូតលាស់មធ្យម​គឺ ៦០-៦៥ ថ្ងៃ​​​​​

-ពូជដែលមានអាយុកាលធ្ងន់​គឺ ៦៥-៧៥ថ្ងៃ គេកាត់ផ្លែប៉េងប៉ោះដោយកន្ដ្រៃប្រសើរ ជាងការ បេះផ្លែដោយដៃ ដែលធ្វើឲ្យផ្លែរក្សាទុកមិនបានយូរថ្ងែ។ ផ្លែដែលត្រូវបេះ គឺអាស្រ័យតាម តម្រូវការទីផ្សារ (ទុំ២៥% ឬទុំ៦៥%) សម្រាប់កែច្នៃ(ទុំ៧៥%-៨០%) ៕

រៀបរៀងដោយៈ អ៊ាង សុផល្លែត