ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីចិញ្ចឹមមាន់ស្រែដោយដាក់ទ្រុង ការផ្សំចំណី និងការថែទាំ!

24-Jul-2017 04:38 PM

រូបភាព


ដោយ: Uddam

វិធី​ចិញ្ចឹម​មាន់​ស្រែដោយ​ដាក់​ទ្រុង​ ធ្វើឲ្យអ្នកចិញ្ចឹមចំណេញច្រើនក្នុងការថែទាំ និងឲ្យចំណី ធ្វើឲ្យមាន់ឆាប់ធំធាត់ ហើយមិនឆ្លងជម្ងឺ។

* ទីតាំង៖

– ត្រូវជ្រើសរើសកន្លែងដែលមានម្លប់ឈើ ក្បែរកន្លែងមានទឹកស្រះ ដើម្បីជាម្លប់ និងចំហាយត្រជាក់ដល់មាន់។

* ការសង់ទ្រុង៖

– ទ្រុងមាន់ត្រូវសង់កម្ពស់ប្រមាណកន្លះម៉ែត្រពីដី សង់ពីឬស្សី ប្រក់ស្លឹកត្នោត ឬផ្សេងពីនេះតាមលទ្ធភាព

– ខណ្ឌជាបន្ទប់ៗ ទុកប្រលោះកណ្តាលសម្រាប់ដើរដាក់ចំណី បន្ទប់នីមួយត្រូវដាក់ចងបំពង់ឬស្សីធ្វើជាស្នូកសម្រាប់ដាក់ចំណីប្រវែងប្រមាណ៧តឹក

– សម្រាប់ទ្រុងកូនមាន់ត្រូវសង់ដាច់ពីគេ អាចចល័តបាន សង់កម្ពស់ពីដី៣តឹក ប្រក់ដំបូលពាក់កណ្តាល ទុកពាក់កណ្តាលឲ្យកូនមាន់ហាលថ្ងៃ។

* ការជ្រើសរើសពូជ៖

– ជ្រើសរើសយកពូជណា​ដែលមានឆ្អឹង និងមាឌធំល្អ មេ និងបាមិនឲ្យជាន់ឈាមគ្នា

– ពេលកូនមាន់ញាស់ភ្លាមទុកឲ្យមេវាក្រាបរហូតដល់វាស្ងួតរោម រួចចាប់បំបែកកូនយកទៅដាក់ក្នុងធុងដែលមានដាក់អង្កាមពីក្រោម រួចចាប់អំពូលផ្តល់កំដៅឲ្យវារយៈពេលប្រមាណទើបយើងចាប់វាដាក់ក្នុងទ្រុងកូនមាន់​ ដែលមានប្រមាណ១៥ក្បាលក្នុង១កន្លែង។

* ការថែទាំ៖

– លាយទឹកខ្ញី២ស្លាព្រាបាយជាមួយតឹកកន្លះលីត្រឲ្យវាផឹកអស់ទើបឲ្យផឹកទឹកធម្មតាវិញ

– នៅរដូវភ្លៀង និងរដូវរងារ ដើម្បីបង្ការកុំឲ្យមាន់ឈឺយើងត្រូវយកខ្ញីបុកឲ្យល្អិតរួចលាយជាមួយស្ករត្នោត ផ្អាប់ទុក២យប់ រួចយកទឹកដែលបានលាយជាមួយទឹកឲ្យមាន់ផឹកដើម្បីឲ្យឈ្នះរងារ

– បោសសម្អាតកន្លែងវាដេក កន្លែងដាក់ទឹក ចំណី ហើយក្រោមទ្រុងមាន់ត្រូវបាចអង្កាមដើម្បីងាយប្រមូលលាមករបស់វា

– ពេលមាន់មានអាយុជាង១ខែត្រូវដំខ្ញី បណ្តូលពេជ្រ សំបកស្តៅ ដាក់ត្រាំក្នុងទឹករួចយកលាយជាមួយទឹកឲ្យមាន់ផឹក និងត្រូវផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ

– ដាក់ត្រាំផ្លែញ ជាមួយស្កសរ រួចយកទឹកវាដាក់លាយជាមួយចំណីឲ្យវាស៊ី

* ការឲ្យចំណី៖

– លាយកន្ទក់លេខ១ លាយទឹកឡជីវឧស្ម័ន ច្របល់ឲ្យជ្រាយល្មមដាក់ឲ្យកូនមាន់រៀនចឹក

– នៅពេលអាយុបានជាង៣ខែត្រូវចាប់វាដាក់ទ្រុងមានធំ

– សម្រាប់មាន់ធំយើងអាចលាយកន្ទក់ ដើមចេក ពោត​ ត្រកួន ដំឡូង ផ្ទី ហាន់បុកលាយច្របល់ចូលគ្នា

– ចំណីមួយមុខទៀតគឺយើងបបរកន្ទក់ ត្រកួនចាស់ៗ ដាក់ស្ងោរជាមួយពោះត្រី និងក្បាលត្រី និងស្រូវដុះពន្លកក៏ជាចំណីសំខាន់ផងដែរ

– ឲ្យវាស៊ី៣ដងក្នុង១ថ្ងៃ​ រយៈពេល៣-៤ខែយើងអាចចាប់ផ្តើមចាប់វាលក់បានហើយ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារជំនួយពី វិទ្យុអាស៊ីសេរី