ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ទម្លាប់មួយចំនួនដែលអ្នកគួរតែអនុវត្តមុនពេលចូលគេង ដើម្បីជួយអ្នកឱ្យឆាប់គេងលក់ និងគេងបានស្កប់ស្កល់ផងដែរ!

18-Sep-2019 05:35 PM

រូបភាព


ដោយ: Uddam

យើង​ម្នាក់ៗ​តែង​ចង់​គេង​លក់ដ៏​ស្កប់​ស្កល់​ តែ​ជួន​កាល​វា​ពិបាក​ជាង​ការ​គិត​ទៅទៀត ​បើ​សិន​ជា​យើង​អនុវត្ត​ទម្លាប់​អាក្រក់​មួយ​ចំនួន។ ដើម្បី​ឲ្យ​គេង​ឆាប់​លក់ និង​គេង​បាន​ស្កប់​ស្កល់​នៅ​ពេល​យប់ វិធីសាស្ត្រល្អៗ​ខាង​ក្រោមនេះ​អាច​ជួយ​អ្នក​បាន។ វា​គឺជា​ទម្លាប់​ល្អ​មួយចំនួន ដែល​អ្នក​គួរតែអនុវត្ត​នៅ​ពេល​យប់​ ជា​ពិសេស​មុន​ពេល​ចូល​គេង។

១.កំណត់​ម៉ោង​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ

ភ្នែក​របស់​អ្នក​ធ្វើ​តាម​ទម្លាប់​របស់​អ្នក។ នេះ​មាន​ន័យ​ថាបើ​សិន​ជា​អ្នក​ធ្លាប់​គេង​នៅ​ម៉ោង​ណា អ្នក​គួរ​គេង​នៅ​ម៉ោង​នោះ ព្រោះ​វា​គឺជា​ទម្លាប់​ល្អ​មួយ។ ធ្វើ​បែប​នេះអ្នក​កម្រ​នឹង​មាន​ជំងឺ​គេង​មិន​លក់​ណាស់។ មិន​តែ​ប៉ុណ្ណោះ អ្នក​គេង​លក់​ស្កប់​ស្កល់ ហើយ​ស្រស់​ស្រាយ​នៅ​ពេល​ក្រោក​ពី​គេង​ទៀត​ផង។ ​

២.ទទួលទាន​ទឹក​ដោះ​គោ​ក្តៅៗ ហើយ​ឈប់​ទទួលទាន​កាហ្វេ​អ៊ីន

ទឹក​ដោះគោ​ក្តៅ​ៗ ​គឺជា​អាហារ​ល្អ​ណាស់​សម្រាប់​ពេល​យប់។ វា​ជួយ​កម្តៅ​រាង​កាយ​របស់​អ្នក និង​ជួយ​ឲ្យ​ឆាប់​គេង​លក់​ផងដែរ។ ជា​មួយ​គ្នា​នេះ​ដែរ សារជាតិ​កាហ្វេអ៊ីន​គួរ​កាត់​ផ្តាច់​នៅ​ពេល​យប់ ដូចជា​កាហ្វេ តែ ហើយ​សូកូឡា​ផងដែរ ព្រោះ​វា​មាន​សារធាតុ​បង្អាក់​ការ​គេង​របស់​អ្នក។

៣.អាន​សៀវភៅ​មុន​ពេល​ចូល​គេង

វីធីសាស្ត្រ​ថ្មីហើយ​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​គេង ​គឺអ្នក​​គេងនៅ​ក្នុងបន្ទប់​មាន​​ពន្លឺ​ភ្លើង​តិចៗ ហើយ​អាន​សៀវភៅគេង។ សៀវភៅ​ដែល​អ្នក​អាន​នោះ​គ្រាន់​តែ​ជាសៀវភៅ​ធម្មតាក៏​អាច​ជួយ​អ្នក​បាន​ដែរ។ ហេតុ​នេះបើ​សិន​ជា​ជួប​បញ្ហា​នេះទៀត កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​នេះ​ឲ្យ​សោះ។

៤.ផ្តាច់​​ដំណើរ​ការ​គ្រឿង​អេឡិច​ត្រូនិច

អ្នក​​សិក្សា​ពី​ការ​គេង​បាន​បញ្ជាក់​ថា ​ភ្លើង​ភ្លឺ​ៗ​របស់​ទូរស័ព្ទ​​បង្អាក់​សកម្មភាព​គេង​របស់​អ្នក​​ ព្រម​ទាំង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​​គិត​ថា​វា​​នៅ​ជា​ពេល​ថ្ងៃ​នៅ​ឡើយ​។ ពន្លឺ​ទាំង​នោះ​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល​​ដែល​រា​រាំង​មិន​ឲ្យ​អ្នក​សម្រាក​បាន​។ ទាំង​នេះ​ហើយ​ជា​ហេតុ​ផល​ដែល​អ្នក​ត្រូវ​គិត​គូ​រទុក​ទូរស័ព្ទ​នៅឆ្ងាយ ​ ដើម្បី​ឲ្យ​អ្នក​មាន​ដំណេក​ស្កប់​ស្កល់​មួយ​។

៥.រក្សា​ភាព​ត្រជាក់​នៅ​ក្នុង​បន្ទប់​របស់​អ្នក​ជា​និច្ច

វីធី​ជួយ​ឲ្យ​ឆាប់​គេង​លក់​មួយ​ទៀត ​គឺ​ការ​រក្សា​បន្ទប់​ឲ្យ​បាន​ត្រជាក់ តែ​កុំ​ឲ្យ​ត្រជាក់​ពេក។ ភាព​ត្រជាក់​ក្នុង​បន្ទប់ ​គឺជា​រឿង​សំខាន់​ណាស់។ ការ​សិក្សា​បាន​បង្ហាញ​ថា សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​ចាប់​ផ្តើម​ធ្លាក់​ចុះ​នៅ​ពេល​ដែល​អ្នក​គេង​លក់​។ ហេតុ​នេះ​មុន​ពេល​គេង ដើម្បី​ឲ្យ​ឆាប់​គេង​លក់ ​គឺ​ត្រូវ​រក​កន្លែង​ត្រជាក់​បែប​នោះ​ហើយ។

៦.ហាត់​យោហ្គា (Yoga) មុន​ពេល​ចូលគេង

ការ​សិក្សា​បាន​បង្ហាញ​ថាការ​ហាត់យោហ្គា ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​ចង់​សម្រាក។ នេះ​មាន​ន័យ​ថា ពេល​ហាត់អ្នក​នឹង​ទទួល​អារម្មណ៍​ហត់​បន្តិច ហើយ​ក៏​ស្រួល​ខ្លួន​ដែរ។ ពេល​នោះគ្រាន់​តែ​អ្នក​ទម្រេត​ខ្លួន​ទៅ​លើ​គ្រែ​ភ្លាម អ្នក​នឹង​ឆាប់​គេង​លក់​ភ្លាម។

៧.ការ​ធ្វើ​សមាធិ ​ឬ​ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់

បន្ទាប់​ពីមាន​​ភាព​តាន​តឹង​ជាមួយ​ការងារ ​ឬ​ការ​សិក្សា​ពេញ​មួយ​​ថ្ងៃ មនុស្សម្នាក់​ៗ​តែង​តែ​ចង់​បាន​ពេល​នៅ​ស្ងប់​សុខ​នៅ​ពេល​យប់ ហើយ​ការ​សមាធិ​នេះ​អាច​ជា​វិធី​ល្អ​ណាស់។ ការ​សិក្សា​​បាន​បញ្ជាក់​ថា​ការ​សមាធិ​អាច​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​ ការ​ខឹង​ ការ​ធ្លាក់​ទឹក​ចិត្ត​ ការ​ឈឺ​ចាប់ ​ឬ​ជម្ងឺ​ជាដើម​៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។