ឯកសារកសិកម្ម
រូបភាព
បច្ចេកទេសចិញ្ចឹមឃ្មុំព្រៃធម្មជាតិ!
* ការជ្រើសរើសទីតាំង៖
– ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ
– ត្រូវរកកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុក ដែលសំបូរផ្ការីកច្រើន
– ត្រូវធ្វើបង្គងដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរចេញចូល។
* ការរៀបចំបង្គងឲ្យឃ្មុំទំ៖
– យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ
– ដាក់វាឲ្យគងទៅលើមែឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល
– ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន
– ឈើបង្គងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ ធន់នឹងកណ្តៀរស៊ី និងមានមុខកាត់ទំហំ១តឹកឡើងទៅ ប្រវែងប្រមាណ១,៥-២ម៉ែត្រ
– បើបង្គងដែលធ្លាប់មានឃ្មុំមកទំម្តងហើយ នោះលើកក្រោយវានឹងមកទំទៀតដោយវាមានក្លិនរបស់វា
– ក្រោយពីរៀបបង្គងពី៣ថ្ងៃ ទៅមួយអាទិត្យ យើងត្រូវទៅពិនិត្យថាមានឃ្មុំទំឬនៅ បើមានឃ្មុំទំហើយ យើងត្រូវរង់ចាំដល់២ខែក្រោយទើបអាចប្រមូលផលបាន
– ពេលប្រមូលផលមិនត្រូវសម្លាប់មេ និងកូនរបស់វាទេ គឺត្រូវកាត់យកតែក្បាលទឹកបានហើយ ដោយទុកវាឲ្យកើតកូនចៅច្រើនបន្តទៀត។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ វិទ្យុអាស៊ីសេរី