ឯកសារកសិកម្ម
រូបភាព
ដោយឃើញថា ចំណីដែលផលិតចេញពីរោងចក្រមានតម្លៃថ្លៃ មិនអាចឲ្យអ្នកចិញ្ចឹមសត្វអាចរកចំណេញបាន ជាពិសេសគឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសកម្ពុជាយើងជាដើម។ ការកែច្នៃយកដំឡូងឈើមកផ្អាប់ជាមួយស្ករទុកសម្រាប់ធ្វើជាចំណីឲ្យជ្រូក ត្រូវបានប្រទេសមួយចំនួនកំពុងយកទៅអនុវត្តន៍ ដោយទទួលបានជោគជ័យ។
ជាធម្មតានៅក្នុងមើមដំឡូងឈើ មានផ្ទុកដោយសារធាតុពុលបន្តិចបន្តួចនៅក្នុងនោះ បើសិនយើងមិនបន្សាបវាសិនទេ វាអាចបណ្តាលឲ្យមានបញ្ហាចំពោះសត្វចិញ្ចឹមរបស់យើងបាន ។
ជាច្រើនឆ្នាំមកនេះគេបានសិក្សាទៅលើវិធីសាស្ត្រមួយចំនួន ដែលអាច ៖
- បន្សាបសារធាតុពុលចេញពីដំឡូង
- បង្កើនគុនភាពសារធាតុចិញ្ចឹមរបស់ដំឡូង
- រក្សាទុកដំឡូងបានរហូតច្រើនខែ
- កាត់បន្ថយចំណាយទៅលើចំណី
- មានតម្លៃថោក
- ងាយរកបានក្នុងតំបន់របស់យើងរស់នៅ
- មិនមានភាពស្មុកស្មាញច្រើនចំពោះវិធីធ្វើ
- សត្វអាចលូតលាស់ធំធាត់ដូចផ្តល់ចំណីផ្សំដែរ
យើងអាចប្រើប្រាស់ដំឡូងទាំងពីរប្រភេទបានគឺ ទាំងដំឡូងជ្វា និងដំឡូងឈើ (យើងអាចធ្វើផ្អកមើម និងស្លឹក តែត្រូវធ្វើផ្សេងៗគ្នា) ។
វត្ថុធាតុដើម៖
- មើមដំឡូងឈើ
– មើមដំឡូងជ្វា
– ស្ករកាកអំពៅ (Molasses)
– ពាងដី ឬធុងជ័រ សម្រាប់ផ្អាប់ ។
វិធីធ្វើ៖
- ដំបូងយើងយកពាងមួយស្អាត (ពាងដីដាក់ថង់ប្លាស្ទីកខាងក្នុង ពាងធម្មតាបើគ្មានពាងដី) មកលាងឲ្យស្អាត ។
– បកដំឡូងឈើយកសំបកចេញ រួចលាងទឹកវាឲ្យស្អាតសារជាថ្មី ដាក់ដំឡូងដែលបានលាងរួចហើយនេះហាលនៅលើកន្ទេលផុតពីដី ដើម្បីសម្ងួតជាតិទឹកខ្លះចោល និងដើម្បីបន្សាបជាតិពុលនៅក្នុងនោះខ្លះចោលចេញ ។
– ប្រើប្រាស់ចានដែកមួយធំល្មមសម្រាប់ដាក់ស្ករកាកអំពៅ (មានលក់នៅខាងកើតផ្សាដេប៉ូ ជីអ៊ីអឹម) ចូល ។ ដំឡូងចំនួន 10Kg ត្រូវការស្ករកាកអំពៅ 2Kg ។
– ប្រឡាក់ស្ករកាកអំពៅនេះជាមួយដំឡូងឲ្យសព្វល្អរួចដាក់វាតម្រៀបចូលក្នុងពាង ឬថង់ប្លាស្ទីករហូតដំឡូង ដែលយើងត្រូវប្រើការបានប្រឡាក់អស់ស្ករដែលសល់ (បើមានត្រូវកៀរដាក់ចូលឲ្យអស់)។
– ចងមាត់ពាងឲ្យជិតបើប្រើថង់ប្លាស្ទីកវិញ ត្រូវចងវាឲ្យជិតដែរ តែត្រូវច្របាច់យកខ្យល់ចេញឲ្យអស់សិន ។
– រក្សាវាទុកនៅទីកន្លែងមួយដែលមិនមានពន្លឺថ្ងៃ មានសីតុណ្ហភាពត្រជាក់ល្មមប្រមាណ ២៥-៣០ អង្សា ។ យើងត្រូវរក្សាវាទុកបែបនេះចំនួន ២សប្តាហ៍យ៉ាងជិតបំផុតមុនដាក់ឲ្យជ្រូកស៊ី ការផ្អាប់នេះត្រូវធ្វើឲ្យបានយូរទើបជាការល្អ ដើម្បីឲ្យវាបង្កើនប្រូតេអ៊ីនបានច្រើន ។
ចំពោះស្លឹកដំឡូងវិញ យើងអាចធ្វើតាមវិធីដូចគ្នា ប៉ុន្តែស្ករកាកអំពៅត្រូវយកមកលាយជាមួយទឹកស្អាត ក្នុងកំរិតទឹក ១លីត្រ ដាក់ស្ករ 1Kg (១=១) បាញ់ស្រោចលើស្លឹកដំឡូងឲ្យសព្វល្អបន្ទាប់ពីបាញ់ទឹកស្កររួច ត្រូវច្របល់វាឲ្យសព្វល្អទើបច្រកដាក់ក្នុងធុង ឬពាងទុកប្រើការ យើងត្រូវផ្អាប់វាទុកបែបនេះចំនួន ៤សប្តាហ៍ មុនពេលយកមកធ្វើជាចំណីឲ្យមាន់ ទា ជ្រូក ស៊ី ។
ប្រសិទ្ធិភាពរបស់ផ្អកដំឡូងនេះគឺ ប្រសើរច្រើនជាងវិធីដទៃ វាងាយស្រួលរក និងមានតម្លៃថោក ។ បើយើងមិនអាចរកស្ករកាកអំពៅបានទេ យើងអាចប្រើទឹកត្នោតក៏បាន តែត្រូវដាំវាឲ្យពុះសិនមុនយកមកប្រើការ ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។