ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីចិញ្ចឹមជន្លេនក្រហមសម្រាប់ជាចំណីមាន់ ត្រី កង្កែប ទា យកឲ្យវាស៊ីនឹងឆាប់ធំធាត់!

05-Aug-2017 11:31 AM

រូបភាព


ដោយ: Uddam

វិធីចិញ្ចឹមជន្លេនក្រហមសម្រាប់ជាចំណីមាន់ ត្រី កង្កែប ទា យកឲ្យវាស៊ីនឹងឆាប់ធំធាត់!

ការរើសទីតាំង៖

-ជ្រើស​ទីតាំង​ណា​ដែល​មាន​ម្លប់​ហើយ នៅ​ខ្ពស់​មិន​លិច​ទឹក។

​វត្ថុ​ធាតុ​ដើម​៖

-មានដូចជា​លាមក​សត្វ សំខាន់ គឺ​លាមក​គោ បើ​សិន​ជា​យក​ល្អ លាមក​គោ​ចេញ​ពី​ឡ​ជីវឧស្ម័ន។

វិធីសាស្ត្រ​ធ្វើ ៖

+វិធីទី១៖

-មុន​ដំបូង​ជីក​ដី​ចុះ​ក្រោម​ជម្រៅ ២ ទៅ ៣​តឹក ឯ​បណ្តោយ និង​ទទឹង​តាម​ចិត្ត​ចង់

-បន្ទាប់​មក​ទៀត យក​ក្រណាត់​កៅស៊ូ​ក្រាល​បាត​ក្រោម​រណ្ដៅ ឬ​អាច​ចាក់​សាប​ក៏​បាន បង្ការ​ជន្លេន​ត្បុល​ចេញ

-ក្រាល​ក្រណាត់​កៅស៊ូ​ ហើយ​ដាក់​លាមក​គោ​ឲ្យ​ពេញ​ជម្រៅ ២​តឹក​ហ្នឹង

-​យក​ជន្លេន ១​គីឡូក្រាម ទៅ​ដាក់​ក្នុង ១​ម៉ែត្រ​ការ៉េ ហើយ​​គ្រប​វា​ឲ្យ​ជិត ​យក​ក្រណាត់​បាវ​ចាស់ៗ ​គ្រប​ឲ្យ​ជិត​ផ្ទាល់​ ហើយ ​សង្កត់ ពីព្រោះ​ជន្លេន​វា​ខ្លាច​ពន្លឺ​ថ្ងៃ។

+វិធីទី​២៖

-អាច​រៀប​ឥដ្ឋ​កម្ពស់ ២​ឥដ្ឋ​ឡើង​លើ

-ដាក់​ស៊ីម៉ងត៍​តិចៗ​ព័ទ្ធ​ជុំវិញ ដើម្បី​ខណ្ឌ​កុំ​ឲ្យ​ជន្លេន​វា​ចេញ​ទៅ​ក្រៅ

​-ខែ​វស្សា គឺគួរ​ធ្វើ​ដំបូល។

-ក្រោយ​ពី​រៀបចំ​កន្លែង​ចិញ្ចឹម​ជន្លេន​រួច ត្រូវ​យក​លាមក​សត្វ​ស្រស់​ទៅ​ចាក់​ពី​លើ​ក្រណាត់​កៅស៊ូ ឬ​ពី​លើ​ថ្ម​ចាក់​សាប​នោះ

-យក​ជន្លេន​ពូជ​ទៅ​ដាក់​រាយ​ដោយ​បែង​ចែក​ក្នុង​ទំហំ ១​ម៉ែត្រ​ការ៉េ ដាក់​ជន្លេន ៥​កន្លែង

-ប្រសិន​បើ​នៅ​ខែ​វស្សា កន្លែង​ចិញ្ចឹម​ជន្លេន​គួរ​ធ្វើ​ដំបូល​ការពារ​ទឹក បើ​នៅ​រដូវ​ប្រាំង ត្រូវ​ចាក់​ទឹក​បន្ថែម​ក្នុង​កន្លែង​ចិញ្ចឹម ដើម្បី​ឲ្យ​វា​ត្រជាក់ និង​សើម​ល្មម ជន្លេន​ងាយ​ស្រួល​ស៊ី​ចំណី

-ជន្លេន​ក្រហម​វា​ចាញ់​ពន្លឺ​ថ្ងៃ ហេតុ​នេះ​កន្លែង​ចិញ្ចឹម​ជន្លេន​ត្រូវ​នៅ​ក្នុង​ម្លប់ ឬ​ត្រូវ​គ្រប​វា​ឲ្យ​ជិត។

ការ​ឲ្យ​ចំណី៖

-​ងាយ​ស្រួល​បំផុត ដោយសារ​ពេល​​ប្រមូល​ផល យើង​អាច​កាត់​យក​មួយ​ជ្រុង យក​ឲ្យ​ដល់​បាត​វា

-បើ​វា​អស់​ប៉ុណ្ណឹង គឺ​យើង​ត្រូវ​យក​លាមក​គោ ឬ​មួយ​កាក​សំណល់​ឡ​ជីវឧស្ម័ន មក​ដាក់​ឲ្យ​ពេញ​កន្លែង​ហ្នឹង​វិញ

-ជន្លេន​ដែល​​មិន​ទាន់​យក វា​អាច​មក​រស់នៅ​កន្លែង​នេះ​បាន ដូច្នេះ ​យក​បន្តៗ​មួយ​កង់ៗ។ ដូចនេះ អាចយក​វិល​ជុំ ហើយ​បំពេញ​លាមក​វិញ

-សំខាន់​ចំណី​វា តែ​ទឹក​កុំ​ឲ្យ​វា​ស្ងួត និង​កុំ​ឲ្យ​វា​សើម​ពេក

+ចំណី​ជន្លេន​ក្រហម គឺ៖

-លាមក​សត្វ​រាវ និង​ស្រស់ៗ ដូចជា​លាមក​គោ លាមក​សេះ លាមក​ជ្រូក ជាដើម

-លាមក​ស្រស់​សម្រាប់​ឲ្យ​ជន្លេន​ស៊ី ត្រូវ​មាន​សំណើម ៦០%

-ក្នុង​ទំហំ​ដី ១​ម៉ែត្រ​ការ៉េ ត្រូវ​ដាក់​លាមក​សត្វ​ចំនួន ១០០​គីឡូក្រាម

-កាក​សំណល់​ឡ​ជីវឧស្ម័ន​ជា​ចំណី​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​របស់​ជន្លេន

-កាក​សំណល់​ឡ​រាវ ពុំ​មាន​ក្លិន​ស្អុយ គ្មាន​សត្វ​ល្អិត ព្រោះ​បាន​សម្លាប់​មេ​រោគ​រួច​នៅ​ពេល​ប្រើ

-កាក​សំណល់​ឡ​ដែល​ឲ្យ​ជន្លេន​ស៊ី ត្រូវ​មាន​សំណើម​រាវ​បន្តិច មុន​ដាក់​ទៅ​ក្នុង​កន្លែង​ចិញ្ចឹម​ជន្លេន​ឲ្យ​វា​ស៊ី

-កាក​រាវ​នៅ​ក្នុង​ឡ​សម្បូរ​ទៅ​ដោយ​ជីជាតិ សម្រាប់​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​ឲ្យ​វា​ឆាប់​បង្កាត់​ពូជ។​

-គួរ​បន្ថែម​ចំណី​ស្រស់​ដូចជា ស្លឹក​បន្លែ​បៃតង​សល់​ពី​ការ​ដាំ​ស្ល កុំ​បោះ​ចោល

-យក​វា​ទៅ​ចិញ្ច្រាំ​ឲ្យ​ល្អិត បាច​ពី​លើ​លាមក​សត្វ​ស្រស់​ឲ្យ​ជន្លេន​ស៊ី ក៏​ជំនួយ​ដល់​ការ​លូតលាស់​របស់​វា​ដែរ

-ប៉ុន្តែ​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម​ល្មម ទើប​ជន្លេន​ងាយ​ស្រួល​ស៊ី

-កាក​ឡ មិន​ត្រូវ​ការ​ស្ងួត​ទេ សំណើម​វា ៧០% ពីព្រោះ​ជន្លេន​មិន​ត្រូវ​ការ​ស៊ី​ចំណី​ស្ងួត​ទេ ស៊ី​ចំណី​សើម ប្រសិន​បើ​ចំណី​ស្ងួត មិន​មាន​សារធាតុ​ចិញ្ចឹម​ទេ កាក​ឡ​នឹងអស់​សារធាតុ​ចិញ្ចឹម​សម្រាប់​ធ្វើ​ជា​ចំណី​វា។

ការបង្កាត់ពូជជន្លេន​ក្រហម៖

-​ងាយ​បង្កាត់​ពូជ

-នៅ​ពេល​ដែល​វា​ស៊ី​លាមក​សត្វ​ស្រស់​ច្រើន វា​រហ័ស​បង្កាត់​ពូជ​ក្នុង ១​ម៉ែត្រ​ការ៉េ ដែល​បាន​ដាក់​ជន្លេន​ចិញ្ចឹម​ដំបូង វា​អាច​ពង​ក្នុង​នោះ​ច្រើន ហើយ​ញាស់​ជា​កូន​ជន្លេន​តូចៗ​បន្ត​ទៀត

-ក្រោយ​ការ​ដាក់​ជន្លេន​ចិញ្ចឹម ៤៥​ថ្ងៃ អាច​កាត់​ដី​ចិញ្ចឹម​ជន្លេន​នោះ​ថ្លឹង​លក់​បាន​តម្លៃ ១​ម៉ឺន​រៀល​ក្នុង ១​គីឡូក្រាម នា​ពេល​បច្ចុប្បន្ន

-នៅ​ពេល​កាត់​ដី​លក់​ជន្លេន​ហើយ ត្រូវ​បំពេញ​វិញ​ដោយ​កាក​សំណល់​ឡ​ជីវឧស្ម័ន​រាវ បំពេញ​កន្លែង​កាត់​ដី​ចេញ​នោះ ដើម្បី​ឲ្យ​ជន្លេន​នៅ​សល់​ចូល​ទៅ​ស៊ី ហើយ​វា​នឹង​បង្កាត់​ពូជ​បន្ត​ទៀត

-ជន្លេន​ក្រហម​មិន​ងាយ​ងាប់​ទេ បើ​អ្នក​ចិញ្ចឹម​ចេះ​ថែទាំ​ដោយ​ការ​ផ្តល់​ចំណី និង​ស្រោច​ទឹក​ឲ្យ​មាន​សំណើម​ល្មម និង​ការពារ​កុំ​ឲ្យ​កន្លែង​ចិញ្ចឹម​ជន្លេន​លិច​ទឹក គឺ​អាច​ទុក​ពូជ​ជន្លេន​ក្រហម​បាន​យូរ​ឆ្នាំ៕​

ឯកសារយោង៖ វិទ្យុអាស៊ីសេរី