ឯកសារកសិកម្ម
រូបភាព
* ការរៀបចំស្រះ៖
– ជ្រើសរើសទីតាំងស្រះនៅជិតផ្ទះងាយស្រួលមើលថែ និងនៅកន្លែងដែលស្រលះមានពន្លឺថ្ងៃ មិនត្រូវធ្វើនៅក្រោមម្លប់ឈើនោះទេ
– ជីកស្រះមានទំហំល្មម ២មx៤ម ឬបណ្តោយទៅតាមទំហំប្លាស្ទិចដែលទិញបាន និងេជម្រៅ១ម៉ែត្រ
– ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចឲ្យពេញបាតស្រះ និងទុកឲ្យសល់ប្រវែង៣តឹកជុំវិញមាត់ស្រះ រួចដាក់ដីដាំស្មៅសង្កត់ពីលើជុំវិញមាត់ស្រះនោះ
– ដាក់ទឹកចូលកម្ពស់៣/៤ នៃស្រះ ដាក់ទឹកEM ១លីត្រ ដាក់ជីលាមកគោ ឬកាកសំណល់ឡេជីវឧស្ម័នប្រមាណ១បង្គីចាក់ចូលក្នុងស្រះនោះ ដាក់ត្រួយទន្ទ្រោនខែត្រមួយរទេះតូចចូលដើម្បីបង្កើតប្លង់តុង និងចំណីសម្រាប់ត្រី
– ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។
* វិធីដាក់ត្រីចិញ្ចឹម៖
– ទិញពូជត្រីពីកសិដ្ឋាន រួចដាក់ថង់ដែលមានកូននោះបណ្តែតក្នុងស្រះរយៈពេល១ម៉ោង នៅពេលមេឃត្រជាក់ រួចបើកមាត់ថង់បាចទឹកចូលឲ្យកូនត្រីចេញមកសន្សឹមៗ
– ក្នុង១ម៉ែត្រគូប អាចដាក់កូនត្រីបានប្រមាណ២០០ក្បាល ពេលលែងកូនត្រីរួចរយៈពេល២៤ម៉ោងក្រោយទើបឲ្យចំណីវាបាន
* ការផ្តល់ចំណី៖
– ចំណីសម្រាប់កូនត្រី១ខែដំបូងមានដូចជាកន្ទក់ម៉ដ្ឋ ឬចំណីកូនត្រីដែលមានលក់នៅទីផ្សារ
– យើងអាចចិញ្ចឹមកណ្តៀរ ជន្លេន និងទិញចំណីពីទីផ្សារសម្រាប់ឲ្យវាស៊ីក្នុង១ថ្ងៃ២ដង
– រយៈពេល៤ខែក្រោយមកយើងអាចចាប់ផ្តើមប្រមូលផលបាន ដោយ១គីឡូត្រីអណ្តែងមានចំនួនពី៦-៨ក្បាល។
អត្ថបទដោយ៖ អ៊ាង សុផល្លែត