ឯកសារកសិកម្ម
វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ!
រូបភាព
ដោយ: Uddam
» វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ!
* ធាតុផ្សំ៖
- សំបកស្តៅ ១គីឡូ
- មើមល្មៀត ២ខាំ
- មើមខ្ទឹមស ២ខាំ
- ម្ទេសទុំ២ខាំ
- ទឹកនោមសត្វ ៥លីត្រ
- លាមកមេគោស្រស់ ១គីឡូ
- ទឹក ៥លីត្រ។
* វិធីធ្វើ៖
- យកសំបកស្ដៅ ឬមួយស្លឹកស្តៅបុកឲ្យម៉ត់ ទុកមួយអន្លើ
- យកខ្ទឹម ល្មៀតនិងម្ទេសបុកឲ្យម៉ត់
- យកសារធាតុទាំងអស់ខាងលើ យកមកដាក់ក្នុងធុង
- យកទឹក ៥លីត្រ ទឹកនោមគោ ៥លីត្រ អាចម៍គោ ១គីឡូ ដាក់ចូលគ្នា ហើយកូរៗបញ្ចូលគ្នា
- ទុកបានរយៈពេល ១៥ថ្ងៃ អាចប្រើបានហើយ។
* វិធីប្រើទី១: បណ្ដេញដង្កូវមូរស្លឹកស្រូវ
- យកទឹកមេថ្នាំ ១លីត្រ លាយទឹកធម្មតា ៣លីត្រ
- បាញ់បណ្ដេញសត្វល្អិតស៊ីស្រូវ មានដង្កូវស៊ីស្លឹក ដង្កូវមូរស្លឹក ដង្កូវយោលដៃ ដង្កូវយោលទោង ជាដើម។
សុំបញ្ជាក់ថា ដង្កូវមូរស្លឹកនេះ
- បើបាញ់ដំណាំស្រូវវិញ ត្រូវកយករពាក់ដូចជាបន្លាផ្សេងៗ មកអូសវាសិន ព្រោះវាមានសំបុកមូរនៅក្នុងស្រូវ។ កាលណាបាញ់ថ្នាំតែម្តង វាមិនចេញ ឬងាប់ទេ
- ត្រូវស្លៀកខោវែង និងពាក់ម៉ាស់ផង ព្រោះគ្រឿងផ្សំទាំងនោះសុទ្ធតែជាតិក្តៅ ដូចជាម្ទេសជាដើម បើយើងប៉ះចំអាចឱ្យមានការរលាក ក្រហាយ។
* វិធីប្រើទី២: សត្វទិចដំណាំ ធ្វើឲ្យដើមដំណាំ មានពណ៌អុចខ្មៅៗ ដើមស្រូវអន់ ហើយខ្លោចដើម
- យកទឹកមេថ្នាំ ១លីត្រ លាយទឹកធម្មតា ៣លីត្រ លាយបន្ថែម ស្លឹកក្រូចសើច ២ ទៅ ៣ខាំ
- បុកឲ្យម៉ត់
- ច្រោះកាកចេញ
- យកទឹកក្រូចសើចទៅលាយជាមួយទឹកល្បាយថ្នាំពុល
- ល្បាយទឹកថ្នាំពុល មានលាយស្លឹកក្រូចសើចនេះ អាចបាញ់សម្លាប់ដួងស៊ីដើមឈើ ដូចជាដង្កូវដួងក្នុងដើមធុរេន ដើមស្វាយ ដើមខ្នុរ គឺបាញ់ទៅដង្កូវដួងក៏ងាប់ដែរ។
* វិធីប្រើទី៣: បណ្ដេញចៃ ឬកណ្តាំ ឬង៉ម និងទាកគូ
សត្វល្អិតទាំងនេះមានស្រោមការពារខ្លួន បើថ្នាំពុលធម្មតាបាញ់សម្លាប់វា គឺមិនងាយមានប្រសិទ្ធភាពទេ។ ដើម្បីឲ្យការបាញ់ថ្នាំបំពុលសត្វទាំងនោះ មានជោគជ័យ:
- យកទឹកថ្នាំពុល១លីត្រ លាយទឹកធម្មតា៣លីត្រ លាយសាប៊ូម្សៅ ១ស្លាបព្រាបាយ
- កូរចូលគ្នាឲ្យសព្វ
- យកទៅបាញ់សត្វនោះ នៅពេលមេឃមិនមានកម្ដៅថ្ងៃ ទើបទឹកល្បាយមានប្រសិទ្ធភាពលើសត្វល្អិតយាយីដំណាំ
- ១អាទិត្យ គឺបាញ់ឲ្យបាន ២ ទៅ ៣ដង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ វិទ្យុអាស៊ីសេរី