ឯកសារកសិកម្ម
រូបភាព
ពូជដើមឬស្សីធំ ទំពាំងក៏ធំ
**Dragon Bamboo
#យល់ដឹងអំពីកសិកម្មប្ញស្សី
ប្ញស្សីជាដំណាំងាយដាំងាយថែ ហើយឆាប់បានផលជាទំពាំង សម្រាប់បរិភោគ ។ របៀបដាំប្ញស្សី មានដូចខាងក្រោមនេះ ៖
១- ជ្រើសរើសពូជប្ញស្សី៖ យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជា ពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម។ ដើមប្ញស្សីណា ដែលមានភ្នែកល្អ នៅថ្នាំង ជាប្ញស្សី ដែលដាំឆាប់ដុះ ឬ ក៏ជ្រើស កាត់យក ខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយ បម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំ នៅអន្លង់ផ្សេងទៀត។
២- មុននឹងដាំ គេត្រូវជីកអន្លង់ ធ្វើដីអោយរសោះៗបន្តិច បើដីម្តុំនោះស្អិតពេក សូមចិញ្ច្រាំចំបើងដាក់លាយ អោយរសោះៗ ទើបប្រស់ទឹកអោយសើម។
៣- ពេលដាំ គេមិនបាច់ច្រិបប្ញស នៅថ្នាំងប្ញស្សីចេញឡើយ គឺទុកដើម្បីអោយ ប្ញស្សីលាស់ខ្នែងថ្មី បន្ថែមទៀត ច្រើនជាងមុន។
៤- គេត្រូវដាំប្ញស្សី ប្រហែល បីតឹក ទៅកន្លះម៉ែត្រ ឆ្ងាយពីគ្នា។ បើដាំ ជាកូនទំពាំង សូមលុបដីអោយជិត ទុកចុងទំពាំង បនិ្តចអោយផុតពីដី។ បើដាំថ្នាំង សូមលុបដីអោយបាត់ថ្នាំងប្ញស្សី ប៉ុន្តែ ទុកចុងត្រួយខ្នែង អោយផុតចុងពីដី។
៥- នៅពេលប្ញស្សីចាប់ផ្តើមចាក់ប្ញស សូមឧស្សាហ៍ប្រស់ទឹក យកចំបើងគ្របគល់ ដើម្បីរក្សាសំណើម អោយត្រជាក់គល់។
៦- ពេលប្ញស្សីចាប់ផ្តើមសាយគុម្ព សូមឧស្សាហ៍ជ្រោយដីពូនគល់ នោះទំពាំងនឹងមានលាស់កាន់តែច្រើន។ បើមានស្លឹកចាស់មែកចាស់ សូមបោសដុតចេញ ហើយយកទឹកពន្លត់ ផេះឬស្សីនឹងក្លាយជាដីជីរ សម្រាប់ទំពាំងក្រោយដុះដាល។
៧- ពូជប្ញស្សីខ្លះ ផ្តល់ទំពាំងធំៗ តែមិនសូវច្រើនទេ ដូចជាប្ញស្សីបាយតុងជាដើម។ ពូជខ្លះទៀត ផ្តល់ទំពាំងច្រើន តែទំពាំងតូចៗ ដូចជា ប្ញស្សីព្រេចជាដើម។
៨- រដូវណា ក៏ជារដូវល្អ សម្រាប់ដាំប្ញស្សីដែរ បើនៅរដូវភ្លៀង យើងមិនសូវពិបាកស្រោចទឹកទេ បន្ទាប់ពីដាំហើយ។ បើនៅរដូវប្រាំង ត្រូវរក្សាគល់អោយសើម ដើម្បីអោយមានដុះទំពាំង។
៩- ប្ញស្សី មិនត្រូវការដាក់ជីរ អោយបានលាស់ទំពាំងទេ គឺត្រូវការតែដី និង សំណើម ប៉ុណ្ណោះ។ ជីដែលល្អ គឺផេះដែលដុតស្លឹកនិងមែកឬស្សីដែលចាស់ស្លាប់ ដុតហើយចាក់ទឹករួចយកទៅលប់គល់វិញ៕
ប្រភពអត្ថបទៈ angkorvoice.com