ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ដំណាំម្រេច បច្ចេកទេសដាំ និងការថែទាំ

26-Aug-2017 02:28 PM

រូបភាព


ដោយ: Uddam

១. ដើមកំណើតនៃដំណាំម្រេច

ដំណាំម្រេចជាដំណាំមួយប្រភេទដែលស្ថិក្នុងគ្រួសារ Piperaceae ឈ្មោះវិទ្យាសាស្រ្ត Pipernigrum និងមានឈ្មោះជាភាសាអង់គ្លេស Pepper ។ ដំណាំនេះមានដើមកំណើតនៅក្នុង ប្រទេសឥណ្ឌា និងនាំចូលមកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៨៤០ ។

២. លក្ខណៈរូបសាស្រ្ត

២.១. ឫស

  • ឫសរបស់ដំណាំម្រេចចែកចេញជាពីរគឺ ឬសអាហារ និងឬសជើងតុកកែ
  • ឫសអាហារមានតួនាទីសម្រាប់ស្រូបយកសារធាតុចិញ្ចឹមក្នុងដី
  • ឫសតុកកែដុះចេញពីថ្នាំងនៃដើម ជាឬសចាប់តោងធ្វើឲ្យម្រេចវារតោងជ្រលង់បាន ខ្ពស់។

២.២. ទង (ដើម)

  • ដើមមានលក្ខណៈជាវល្លិតោង មានបែកមែក
  • ដើមនៅខ្ចីមានពណ៌បៃតង ដើមចាស់មានពណ៌ត្នោត
  • នៅលើដើមមានថ្នាំង នៅលើថ្នាំងមានឬសតុកកែ
  • មែកមានបី គឺ មែកធំ មែកចំហៀង និងមែកតូច

  • មែកធំដុះចេញពីដើមមេ មានទំហំប៉ុនដើមមេ មែកចំហៀងគឺជាមែកកៀន ឬមែកផ្លែ
  • មែកតូច ឬមែកទងជន្លេន ដុះចេញពីតួដើមស្ថិតនៅជិតដី វារនៅលើដី
  • ដើមអាចលូតលាស់មានកម្ពស់ ១០ ម
  • ម្រេចអាប្រមូលផលបានល្អនៅពេលវាមានអាយុ ៧ ទៅ ៨ ឆ្នាំ បន្ទាប់ពីដាំ
  • ដើមរបស់វាអាចមានអាយុកាលរហូតដល់ ២០ ទៅ ៣០ ឆ្នាំ។

២.៣. ស្លឹក

  • ស្លឹកមានរាងពងក្រពើទ្រវែងស្រួចចុង ជាប្រភេទស្លឹកទោលឆ្លាស់គ្នាតាមថ្នាំង
  • ពូជខ្លះមានស្នាមអុជៗ នៅលើស្លឹក។

២.៤. ផ្កា

  • ផ្កាមានលក្ខណៈជាចង្កោម ឬកញ្ចុំតាមទងកួរសំយុងចុះ
  • មានពណ៌ ស លឿង ចាប់រីកអស់រយៈពេល ៥ ទៅ ៧ ថ្ងៃ
  • ផ្កាមានចំនួន ២០ ទៅ ៥០ អាចមាន ១៥០ ក្នុង ១ចង្កោម។

២.៥. ផ្លែ

  • ផ្លែមានរាងជាចង្កោមកួរដូចសណ្តែកបាយ
  • ផ្លែខ្ចីមានពណ៌បៃតងខ្ចី ផ្លែចាស់មានពណ៌បៃតងចាស់ ផ្លែទុំមានពណ៌លឿងទុំ ឬ បៃតង
  • ផ្លែរបស់វាទុំនៅរយៈពេល ៩ ខែ ប៉ុន្តែជួនកាលនៅរយៈ ៦ ខែអាស្រ័យទៅលើ អាកាសធាតុ
  • ផ្លែរបស់វាត្រូវបានប្រមូលក្នុងរយៈពេល ៧ ទៅ ១៤ ថ្ងៃ។

២.៦. គ្រាប់

  • គ្រាប់មានពណ៌ ស រាងមូលមានអង្កត់ផ្ចិត ៣ ទៅ ៤ ម.ម
  • គ្រាប់មានក្លិនឆួល ហិរ
  • ក្នុងគ្រាប់មាន
  • រសជាតិហិរ ៥ ទៅ ១៥%

  • ជាតិប្រេង ៧ ទៅ ៨%
  • ជាតិម្សៅ ១៥ ទៅ ១៨%
  • ស្ករ ៣ ទៅ ៤%
  • និងវីតាមីនផ្សេងៗ ១២ ទៅ ១៣%

 

 

៣. លក្ខណៈជីវសាស្រ្តនៃដំណាំម្រេច

៣.១. សីតុណ្ហភាព

  • ដំណាំម្រេចត្រូវការអាកាសធាតុក្តៅហើយសើម និងសីតុណ្ហភាពសមស្របគឺ ២២ ទៅ ៣០ អង្សាសេ
  • ជាដំណាំដែលធន់នឹងអាកាសធាតុទាប ១០ អង្សាសេ និង៤០ អង្សាសេ
  • សីតុណ្ហភាពខ្ពស់ពេក ឬទាបពេកម្រេចដុះមិនបានល្អ។

៣.២. ពន្លឺ

  • ដំណាំម្រេចត្រូវការម្លប់ខ្លះៗ
  • កំដៅខ្លាំងធ្វើឲ្យដំណាំម្រេចលូតលាស់មិនបានល្អ
  • មេឃស្រទុំចុះអ័ព្ទច្រើនធ្វើឲ្យដំណាំម្រេចផ្លែមិនបានល្អ ទុំមិនស្រុះគ្នា។

៣.៣. ទឹកភ្លៀង

  • ជាដំណាំត្រូវការទឹកភ្លៀងច្រើន
  • កំពស់ទឹកភ្លៀងសមស្របគឺចាប់ពី ៦០០ ទៅ ២,០០០ ម.ម។

៣.៤. សំណើម

  • ដំណាំម្រេចត្រូវការសំណើមបរិយាកាសខ្ពស់ចាប់ពី ៨០ ទៅ ៩០%។

៣.៥. ដី

  • ម្រេចជាដំណាំដែលត្រូវការដីធូរ និងជាដីសម្បូរដោយមមោក និងរូបធាតុរ៉ែ
  • ផ្តល់ផលល្អលើប្រភេទដី ឥដ្ឋល្បាយខ្សាច់ បាសាល់
  • កម្រិត PH ៤.៥ ទៅ ៦.៥
  • ប្រភេទដីខ្មៅនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបអំណោយផលដល់ការ លូត លាស់សម្រាប់ដំណាំម្រេច។

៤. បច្ចេកទេសដាំ និងការថែទាំ

៤.១. បច្ចេកទេសដាំ

ក. ការបន្តពូជ

ការបន្តពូជរបស់ដំណាំម្រេចមានបីគឺ ការបន្តពូជដោយប្រើគ្រាប់ ប្រើទងស្លឹកដែល មានមែក និងដើមវារ

  • ការបន្តពូជដោយគ្រាប់ពូជៈ ជ្រើសរើស គ្រាប់ឬផ្លែ ណាទុំក្រហម ដិតត្រាំទឹកបន្ទាប់ មកបកសម្បកចេញរួចយកទៅសាបក្នុងថ្នាល។ ម្រេចមានអាយុ ៣០ ទៅ ៥០ថ្ងៃ ក្រោយសាប អាចយកទៅដាំក្នុងចំការបាន។

  • ការបន្តពូជដោយទង (ដើម) ជ្រើសរើសដើមវារនៅដីដែលមិនទាន់បែកខ្នែង យក ដើម ដែលមានអាយុ ១ ឆ្នាំកាត់ដើមប្រវែង៣ទៅ៦តឹក។ប្រលេះយកមែកចេញឲ្យអស់យកដោតផ្សាំសិនឬដោតចោលក្នុងរណ្តៅតែម្តង ។
  • ការបន្តពូជដោយប្រើទងស្លឹកៈ យកទងកាត់ជាកំណាត់ៗជាប់ភ្នែក ជ្រលក់ទឹកអរមូន យកទៅផ្សាំក្នងថ្នាល ៣ អាទិត្យ ទងនឹងលូតលាស់បានជាស្លឹក។

ខ. ការរៀបចំរណ្តៅដាំ

  • ក្នុងការដាំត្រូវជ្រើសរើសទង ដើមថ្លោសរឹងបឹងល្អ មានឬសជើងតុកកែដុះគ្រប់ថ្នាំង
  • រណ្តៅត្រូវជីកទំហំ ៣០ ៤០ និង៥០ ស.ម
  • ជីកចំងាយ ១៥ ទៅ ២០ ស.ម ពីជន្លង់
  • ជន្លង់ជាទូទៅមានកំពស់ ៤ ម

  • ចន្លោះពីជន្លង់មួយទៅ ជន្លង់មួយគឺ ២.៤ ម
  • ជាទូទៅចំនូនកូនម្រេច ២,០០០ ដើម/១ហត
  • ក្នុង ១រណ្តៅដាក់ជីលាមកសត្វ ឬជីកំប៉ុស្ត ៣០ ទៅ ៤០ គ.ក្រ លាយជាមួយដី

គ. របៀបដាំ

វិធីដាំដំណាំម្រេចមានបីរបៀប៖

  • របៀបទី១ ដាក់កំណាត់ផ្សាំលើដី រាងបញ្ឆិត (មុំ ៣០ ដីក្រេ) ឲ្យទងអោនទៅរកជន្លង់
  • របៀបទី២ យកកំណាត់ទងពីដើមម្រេចថ្មីៗជ្រលក់ទឹកពី១៥ទៅ២០នាទី។ ដាំរាងបញ្ឆិតដូចខាងលើដោយ ឲ្យទងអោនទៅរកជន្លង់ដាក់ដាំ២ទង/ រណ្តៅ។

  • ដោយឲ្យជើងតុកកែផ្ងារឡើងលើ។ កំណាត់ទងកប់ចូលក្នុងដី២/៣លុបទងកម្រាស់៣ស.ម បង្ហាប់ដោយជាន់ជើងឲ្យណែន ។
  • របៀបទី៣ យកកំណាត់ទងម្រេច ២ ដាក់ទន្ទឹមគ្នា ក្នុងរណ្តៅ ផ្តេកទងទាំងពីរ ឲ្យ ងាកទ្រេតចេញពីគ្នា ។ យកលាមកសត្វដាក់ក្នុងរណ្តៅដោយទុកឲ្យទងលេចចេញ មកលើតែ ២ ទៅ ៣ ថ្នាំងប៉ុណ្ណោះ ។

ឃ. ការដាក់ជន្លង់

  • ការដាក់ជន្លង់អាចដាក់នៅពេលដាំ មុនពេលដាំ និងក្រោយពេលដាំ ១៥ ទៅ ២០ ថ្ងៃ
  • ជន្លង់នេះគឺត្រូវជ្រើសរើសមើលគុណភាពឲ្យបានយូរ គឺ ១៥ ទៅ ២០ ឆ្នាំ
  • ជន្លង់មាន ២ប្រភេទៈ ជន្លង់រស់ និងជន្លង់ងាប់

  • ជន្លង់រស់ដាំឲ្យបាន ២ ទៅ ៣ ឆ្នាំមុនពេលដាំម្រេច (អង្កាញ់ មន ស្លា ដូង…)
  • ជន្លង់ងាប់ជ្រើសរើសយកដើមខ្លឹម ដូចជា ផ្ចឹក សុក្រម ស្មាច់…។

ង. ការថែទាំ

  • ធ្វើស្មៅ ជ្រោយដី (ធ្វើស្មៅ ១ ទៅ ២ ដង/១ឆ្នាំ)
  • គ្របគល់ម្រេចនៅពេលធ្វើស្មៅ
  • ស្រោចទឹកៈ ពេលដាំ (៥ លីត្រក្នុង ១ រណ្តៅ)
  • នៅរដូវប្រាំងៈ ស្រោច ១ ថ្ងៃម្តង

  • ចងទងម្រេចៈ ជាប់ជន្លង់ការពារខ្យល់បោកបក់
  • បេះផ្កាចោលខ្លះជំរុញផ្នែកលូតលាស់ដើម
  • ការតាក់តែងៈ មានការកាត់ខ្នែង និងដករំលោះកូនចេញ (ទុក ៣ ទៅ ៤ដើមក្នុង ១គុម្ព)

  • ការចាក់ដីឆៅបន្ថែមៈ ធ្វើក្រោយពីជ្រោយដី លុបគល់ (ធ្វើ ២ ដងក្នុង១ឆ្នាំ ដើមរដូវ ភ្លៀង និងចុងរដូវភ្លៀង)
  • ការដាក់ជីៈ ចាប់ផ្តើមផ្កា ចាប់ផ្តើមផ្លែ និងបន្ទាប់ពីបេះផ្លែ (ជីធម្មជាតិ ១០ ទៅ ១៥ គ.ក្រ ក្នុង១រណ្តៅ)
  • ការកាត់ខ្នែងៈ អនុវត្តន៍ ៤ឆ្នាំ ដំបូងបន្ទាប់ពីដាំ។

៥. ការប្រើប្រាស់ជី

ក. ការប្រើប្រាស់ជីទ្រាប់បាត

ការដាក់ជីទ្រាប់បាតគឺជាកត្តាសំខាន់មួយដើម្បីធ្វើអោយដំណាំម្រេចដុះលូតលាស់ល្អ និងកាត់បន្ថយការងាប់ដើមក្រោយពីដាំដុះ(ដីមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់)។ យើងគួរប្រើប្រាស់ជីសញ្ញាផែនដីមាស

ប្រភេទ 16-20-0+14S រឺ 15-15-15+TE ចំនួន 30-50g/រណ្ដៅ ដោយច្របល់អោយសព្វជាមួយជីកំប៉ុស្តិ៍មុនពេលដាំដុះ។

ខ. ការប្រើប្រាសជីបំប៉ននៅដំណាក់កាលលូតលាស់

គួរប្រើប្រាស់ជីសញ្ញាផែនដីមាសប្រភេទអ៊ុយរ៉េ 46-0-0ចំនួន 100-150Kg បូកជាមួយជី16-20-0 ចំនួន 100-150Kg/ha ដោយចែកជា 3ដង/ឆ្នាំស្មើរៗគ្នា (ករណីមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់)

– លើកទី១ ប្រើជី 46-0-0 ចំនួន20-25g +ជី16-20-0+14S ចំនួន20-25g/ជន្លង់

– លើកទី២ ប្រើជី 46-0-0 ចំនួន15-25g +ជី16-20-0+14S ចំនួន20-25g/ជន្លង់

– លើកទី៣ ប្រើជី 46-0-0 ចំនួន15-25g +ជី16-20-0+14S ចំនួន15-25g/ជន្លង់

គ. ការប្រើប្រាស់ជីបំប៉ន នៅដំណាក់ការធ្វើអាជីវកម្ម (ទទួលផល)

គួរប្រើប្រាស់ជីសញ្ញាផែនដីមាសប្រភេទ15-15-15+TE រឺ 20-20-15+TEចំនួន 500-800Kg/ha ដោយចែកជា 3ដង/ឆ្នាំ ស្មើរៗគ្នា (ករណីមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់) ។

– លើកទី១ 80-100g/ជន្លង់

– លើកទី២ 80-150g/ជន្លង់

– លើកទី៣ 90-150g/ជន្លង់។

៦. ជម្ងឺកើតលើដំណាំម្រេច

ក. ជម្ងឺ Root Rot

  • រោគសញ្ញាៈ ធ្វើឲ្យស្លោកស្លឹក និងការប្តូរពណ៌ដើមនៅក្បែរដី ដោយសារឬសរលួយ
  • ការបំផ្លាញៈ ឬស ជម្ងឺនេះនឹងសម្លាប់ដើមម្រេចយ៉ាងឆាប់រហ័សបំផុត (១០ ថ្ងៃ)
  • បង្កឡើងដោយៈ Phytophthora capsici និង Phy¬tophthora species។

ខ. ជម្ងឺ រលួយដើម និងស្លឹក (Stem Rot and Wilt Disease)

  • បង្កដោយៈពពួកផ្សិត Fusarium solani f. sp. piperis
  • ការបំផ្លាញៈធ្វើឲ្យដើម និងស្លឹករលួយ
  • វិធានការណ៍ការពារ:

– ធ្វើអនាម័យចំការ (ធ្វើដីឲ្យបានស្អាត រើសកាកសំណល់សម្រាមចោល)

– ថែទាំចំការកុំឲ្យជាំទឹក

– ជ្រើសរើសពូជធន់នឹងជម្ងឺ

– កាត់ទងដែលកើតជម្ងឺដុតចោលឲ្យឆ្ងាយពីចំការ

– ដើម្បីការពារដង្កូវស៊ីរូងដើម ត្រូវជីកដីផ្នែកខាងក្រោមកន្លែងដែលដង្កូវបំផ្លាញរួចលប់ដីឆៅវិញ។

៧. ការប្រមូលផល និងការកែច្នៃ

  • បេះក្រោយផ្ការយៈពេល ៩ ខែ ផ្លែទុំមានពណ៌ក្រហមជាំ
  • ការប្រមូលផលធ្វើច្រើនសារ
  • ម្រេចអាយុ ៣ឆ្នាំ ផ្តល់ទិន្នផល ១ ទៅ ២ គ.ក្រ /១ដើម

  • ម្រេចអាយុបាន ៤ ទៅ ៦ឆ្នាំ ផ្តល់ផល ៤ ទៅ៧ គ.ក្រ/១ដើម
  • ម្រេចអាយុបាន ១៥ ឆ្នាំ ទិន្នផលមានការថយចុះគឺ ២.២ ទៅ ៥ គ.ក្រ/១ដើម។

  

ប្រភពៈ ជីសញ្ញាផែនដីមាស