ឯកសារកសិកម្ម
រូបភាព
១. វត្ថុធាតុដើម៖
– ស្នូលពោត ឬដើមពោត ចំបើង ឬជញ្ជ្រាំងស្រូវ អាចម៍រណារដើមកៅស៊ូ ជាដើម
– វត្ថុធាតុដើមដែលគេនិយមប្រើជាងគេ គឺ ចំបើង ឬជញ្ជ្រាំង អាចម៍រណារដើមកៅស៊ូ និងអាចម៍រណារដើមឈើសាច់ទន់។
២. របៀបបណ្តុះផ្សិត៖
*រូបមន្តទី ១
-យកដើមពោត ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម កំបោរស ១ គីឡូក្រាម អាហារបំប៉ន ៤ គីឡូក្រាម កន្ទក់ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម រួចលាយបញ្ចូលគ្នាឱ្យសព្វ ។
*រូបមន្តទី ២
-យកអាចម៍រណារឈើទន់ ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម អាហារបំប៉ន ៤ គីឡូក្រាម កន្ទក់ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម លាយបញ្ចូលគ្នា
-ច្រកចូលក្នុងថង់តូចល្មម ហើយយកទៅចំហុយរយៈពេល ៦ ម៉ោង ដើម្បីរំងាប់មេរោគ
-ផ្អាប់វារយៈពេល ៤ យប់ រួចហើយចាប់ផ្តើមអនុវត្តវាតាមជំហានៗដូច ខាងក្រោមនេះ៖
+ សង់រោង និង សម្អាតរោង បើកឱ្យស្រឡះ ដើម្បីឱ្យផ្ទៃរោងស្ងួត
+ បាញ់ថ្នាំនៅខាងក្នុងរោង និងជុំវិញផ្នែកខាងក្រៅ ដោយសារធាតុធម្មជាតិបណ្តាញសត្វល្អិត និងការពារកុំឱ្យមានមេរោគ។ ម្យ៉ាងទៀត វាអាចការពារកម្តៅថ្ងៃ ភ្លៀងន និងឱ្យខ្យល់អាកាសចេញចូលបានល្អ
+គួររក្សាសីតុណ្ហភាពឱ្យក្នុងចន្លោះពី ២៥ ទៅ ៣២ អង្សាសេ ដែលជាសីតុណ្ហភាពសមស្របចំពោះការចម្រើនលូតលាស់របស់ផ្សិតអំបោះ ។
+យកកញ្ចប់ផ្សិតទៅដាក់ក្នុងរោងដើម្បីបណ្តុះ បន្ទាប់ពីវេចខ្ចប់វត្ថុធាតុដើមទាំងនោះដាក់ក្នុងថង់តូចល្មមអស់រយៈពេលជិតមួយសបា្តហ៍
+ ពេលដែលស្ព័រផ្សិតដើរពេញថង់ហើយ ត្រូវបកក្រដាសនៅមាត់កញ្ចប់ផ្សិតអំបោះនោះចេញ ហើយជ្រើសរើសកញ្ចប់ផ្សិតដែលមានស្ព័រដើរពេញថង់ ឬជិតពេញ និងមិនមានកញ្ចប់ដែលមានមេរោគលាយឡំ មកចាត់ចែងរៀបចំពន្យួរ ឬតម្រៀបគ្នាតាមតម្រូវការ ក្នុងកម្ពស់កញ្ចប់ផ្សិតអំបោះដែលដាក់ត្រួតលើគ្នាចន្លោះពី ១២-១៥ កញ្ចប់។ បើរៀបកញ្ចប់ផ្សិតខ្ពស់ហួសពេកអាចធ្វើឱ្យមានសភាពងងឹត ជ្រុល ខ្យល់មិនអាចចេញចូលបានល្អ ងាយនឹងធ្វើឱ្យមានការសន្សំមេរោគ ផ្សិតអំបោះ (មេរោគផ្សិតដណ្តើមស៊ីអាហារក្នុងកញ្ចប់ផ្សិត ធ្វើឱ្យកញ្ចប់ផ្សិត ឆាប់ខ្មៅរលួយលឿនជាងធម្មតា) ។
+ ការបើកមុខ គឺដើម្បីឱ្យមានភាពងាយស្រួល ដោយបេះក្រដាសនៅមុខកញ្ចប់ចេញឱ្យឃើញអាចម៍ រណារ ហើយគួរតែធ្វើការបាញ់ទឹកតិចៗនៅមុខកញ្ចប់ផ្សិតនោះផង មិនយូរប៉ុន្មានផ្សិតអាចនឹងល្មមបេះបានខ្លះ
+ បន្ទាប់ពីបេះលើកទីមួយរួចរយៈពេលប្រហែល ១០ ទៅ ១៥ ថ្ងៃ ផ្សិតនឹងចាប់ផ្តើមចេញផ្កាមកម្តងទៀត ហើយអាចបេះបានទៀត ។ ជាមួយគ្នានេះ យើងត្រូវប្រើវិធីថែរក្សាដូចមុន (ជួនកាលមុខផ្សិតអាច ស្ងួតក្រៀម គួរបាញ្ញ់ទឹកបង្ហើរជាផ្សែងទឹកនៅមុខដុំផ្សិតបាន តែកុំឱ្យសើមជ្រុលពេក)
៣. វិធីផ្តល់សំណើមក្នុងរោង
– ការស្រោចទឹកផ្តល់សំណើម ក្នុងរោងត្រូវស្រោចក្នុងរោងឱ្យ មានសំណើមទាល់តែមានអារម្មណ៍ថាត្រជាក់ស្រួលមិនស្អុះ ស្អាប់ ប្រយ័ត្នកុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិតដល់ថ្នាក់ ដក់ បើមានទឹកដក់នៅនឹងមុខកញ្ចប់ត្រូវយកកាំបិតវះ មុខឱ្យទឹកចេញនៅបរិវេណផ្នែកខាងក្រោមថង់ ដើម្បីឱ្យទឹកហូរចេញ
– វិធីស្រោចទឹកបើប្រើទុយោត្រូវបាញ់ឡើងទៅខាងលើ ហើយឱ្យទឹកធ្លាក់ចុះមកត្រូវកញ្ចប់ ផ្សិត ឬប្រើក្បាលស្រោចដោយដាក់តាំងក្បាលសាចទៅខាងលើ ក៏អាចជួយការពារទឹកមិនឱ្យចូលក្នុងកញ្ចប់ផ្សិតបានដែរ
-ប្រហែល ៤-៧ ថ្ងៃ សរសៃស្ព័រផ្សិតរួមខ្លួនគ្នាកកើតជាពន្លកផ្កាផ្សិតចេញមក។ ពេលផ្សិតចាប់ផ្តើមចេញផ្កា(ពន្លក)ត្រូវស្រោចទឹកឱ្យត្រូវផ្កាផ្សិត និងដុំកញ្ចប់ផ្សិត តែគួរប្រយ័ត្នកុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិត ព្រោះអាចធ្វើឱ្យកញ្ចប់ផ្សិតរលួយ ។ ស្រោចទឹករាល់ព្រឹក ថ្ងៃ និងល្ងាច អាស្រ័យទៅលើ អាកាសធាតុផងដែរ ។
៤. ការថែរក្សា
-ត្រូវរក្សារោងឱ្យមានសំណើមជានិច្ច
-សំណើមដែលស័ក្តិសមគឺ ៨០ ភាគរយ និងសីតុណ្ហភាព ២៥-២៨ អង្សាសេ ហើយត្រូវសម្អាតក្នុងរោង និងបរិវេណជុំវិញ ជួនកាលសំណល់ផ្សិត ដែលធ្លាក់ចុះមកក្រោម បើទុកចោលធ្វើឱ្យស្អុយរលួយ និងមានសត្វល្អិត
-ត្រូវឧស្សាហ៍បាញ់ទឹកនៅផ្នែកខាងក្រោមដែលមិនប៉ះពាល់ដល់ផ្សិតអំបោះ ។
៥. ការបេះផ្សិត
- ពេលផ្សិតចេញផ្កា និងរីកដល់កម្រិតដែលយើងចង់បានហើយ ត្រូវបេះផ្កាផ្សិត ដោយចាប់ត្រង់គល់ផ្សិតទាំងគុម្ពរង្កៀកឆ្វេងស្តាំលើក្រោម ហើយទាញចេញពីកញ្ចប់ផ្សិត
-បើគល់ផ្សិតមិនដាច់ មកអស់ត្រូវឆ្កឹះចេញឱ្យស្អាត ដើម្បីការពារកុំឱ្យស្អុយ រលួយ ជាមូលហេតុធ្វើឱ្យកើតមានដង្កូវពីការទម្លាក់ពងនៃសត្វល្អិតបាន -ការមើលលក្ខណៈផ្កាផ្សិតដែលគួរបេះ គឺផ្កាផ្សិតមិនចាស់ ឬ ខ្ចីហួសពេក មើលត្រង់គែមផ្កាផ្សិតនៅមានរាងក្រឡុបទៅខាងក្រោម គឺគេអាចបេះវាបាន
-បើគែមសន្លឹកផ្សិតងឡើងលើបានន័យថាវាចាស់ជ្រុល។ ផ្កាផ្សិតដែលចាស់ខ្លាំងនឹងបញ្ចេញស្ព័រជាម្សៅពណ៌សនៅខាងក្រោមផ្កាផ្សិតត្រូវឆាប់បេះ ចេញ ព្រោះស្ព័រចាស់ទាក់ទាញឱ្យសត្វល្អិតចូលមកក្នុងរោង ។
៦. ទិន្នផល
-ផ្សិតអំបោះមួយកញ្ចប់អាចផ្តល់ទិន្នផលបានពី ៣-៦ ខែ
-ក្នុងមួយ ខែគេអាចប្រមូលផលផ្សិត ២ ទៅ ៣ ដង ក្នុងមួយកញ្ចប់
-វាអាចផ្តល់ ទិន្នផលឱ្យយើងប្រហែល ០,៥ គីឡូក្រាម (អាស្រ័យទៅលើការថែរក្សាផងដែរ)
-ចំពោះតម្លៃលក់ទៅកាន់ទីផ្សារ ៤.០០០ ទៅ ៥.០០០ រៀល ក្នុងមួយគីឡូក្រាម ។
អ្នកដែលចូលចិត្តទទួលទានអាហារឆ្ងាញ្ញ់ តែមិនចង់ឱ្យឡើងទម្ងន់គួរ ទទួលទានផ្សិតមួយកូនចានចង្កឹះរៀងរាល់ថ្ងៃ ។ ក្រៅពីអាចរក្សារាងឱ្យស្រឡូនស្អាតហើយ ផ្សិតក៏ជួយបង្កើនសារធាតុចិញ្ចឹម និងពង្រឹងប្រព័ន្ធការពាររាងកាយផងដែរ ៕
ប្រភព៖ សៀវភៅបៃតង កសិកម្មភាគ II
**អានអត្ថបទបន្ថែម** បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ
ការចិញ្ចឹមខ្ចៅបែបធម្មជាតិ! ចំណាយតិចចំណេញបានច្រើន មានការពេញនិយមច្រើន ឲ្យតែបងប្អូនមានខ្ចៅលក់នៅទីផ្សារពិតជាមិនសល់នោះទេ!
* ការរៀបចំកន្លែងចិញ្ចឹម៖
– រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ
– ដាក់ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះការពារកុំឲ្យវារសាត់ចេញ
– ដាក់សំណាញ់ព័ទ្ធជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក។
* ការរៀបចំចិញ្ចឹម៖
– ដាក់ភក់ចូលកម្រាស់ប្រមាណជិតកន្លះតឹក ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក
– ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ ដាក់ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផងដែរ ទុកចោលរយៈពេល២អាទិត្យ
– បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម សម្រាប់ទំហំស្រះនេះ
– ដាក់ចំណីឲ្យវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងលាយជាមួយឬសរបស់វាហាន់តូចៗ
– ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង
-រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ។
???? ???? បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ!???? ????
???? ???? សូមជួយចែលរំលែកបន្តជាចំណេះដឹងល្អៗដល់កសិករយើង! ???? ????
រៀបរៀងដោយ៖ អ៊ាង សុផល្លែត
ប្រភព៖សៀវភៅបៃតង កសិកម្ម ភាគ២