ឯកសារកសិកម្ម
រូបភាព
ដីខ្សោះជីជាតិ ឬដីខូច គឺសំដៅលើដីដែលរឹង មិនអាចរក្សាសំណើមបានយូរ ហើយដំណាំដែលដាំដុះនៅលើដីនោះមិនសូវល្អ និងមិនផ្ដល់ទិន្នផលច្រើនឡើយ បើមិនប្រើជីគីមីបន្ថែមនៅពេលដាំដុះម្ដងៗ។
*មូលហេតុធ្វើឱ្យដីខ្សោះជីជាតិ ឬដីខូច ៖
-មិនបានផ្ដល់ជីគ្រប់គ្រាន់ដល់ដី
-ទម្លាប់ប្រើជីគីមីច្រើនជាងជីធម្មជាតិ
-កត្តាប្រែប្រួលអាកាសធាតុ
-ការភ្ជួររាស់ដីមិនបានត្រឹមត្រូវ
-មិនទប់ភ្លឺស្រែដើម្បីរក្សាទឹក
-មិនដាំដំណាំពពួកសណ្ដែកធ្វើជាគម្របដីក្រោយពេលប្រមូលផលស្រូវរួចម្ដងៗ។
កត្តាទាំងនេះ ធ្វើឲ្យដីកាន់តែហាប់ និងខ្សោះជីជាតិ ហើយឫសស្រូវចាក់មិនបានជ្រៅចូលក្នុងដី ពុំមានពពួកសត្វល្អិតក្នុងដី និងគ្មានអុកស៊ីសែន ទើបដំណាំមិនសូវល្អ។
តើកសិករគួរធ្វើបែបណា ដើម្បីកែប្រែដីដែលខ្សោះជីជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មកជាដីមានជីជាតិវិញ?
ដំណាំស្រូវត្រូវការដីដែលអាចស្រូបយកទឹកយ៉ាងច្រើនតាមរយៈឫស ហើយឫសត្រូវការអុកស៊ីសែនដកដង្ហើមគ្រប់គ្រាន់នៅក្នុងស្រទាប់ដី។ ដើម្បីផ្ដល់ទឹក និងខ្យល់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់ឫសស្រូវ កសិករត្រូវផ្ដល់ជីជាតិគ្រប់គ្រាន់ ឬសមស្របទៅតាមលក្ខណៈរូបដែលអាចធ្វើឲ្យទឹកជ្រាបចូលក្នុងស្រទាប់ដី រក្សាសំណើមបានយូរ និងអាចឲ្យខ្យល់ចេញចូល ជាដើម។
ដូច្នេះកសិករត្រូវ៖
-ទប់ភ្លឺស្រែឲ្យបានជាប់ ការពារកុំឲ្យទឹកហូរច្រោះជីជាតិចេញពីស្រែ
-ភ្ជួររាស់ឲ្យបានបីដងមុននឹងស្ទូងស្រូវ ដើម្បីឲ្យដីម៉ដ្ឋល្អ ទឹករត់ក្នុងស្រែស្មើ ដើម្បីងាយស្រួលដល់ការបញ្ចូលទឹក ឬបាចជីបន្ថែម
-ប្រើជីធម្មជាតិឲ្យបានច្រើន។ ក្នុងករណីដែលកសិករប្រើជីគីមី គឺត្រូវប្រើក្នុងកម្រិតមួយសមស្រប និងត្រឹមត្រូវទៅតាមការណែនាំ មិនដូច្នោះទេ នឹងធ្វើឲ្យដីកាន់តែខូចលំបាកនឹងកែប្រែឡើងវិញ
សូមកសិករ ភ្ជួរលុបគល់ជញ្ជ្រាំងក្រោយប្រមូលផល ដាំបន្លែ និងពពួកសណ្ដែកលើដីដែលខូចនោះ បន្ថែមដីដំបូក ដីល្បាប់បាតត្រពាំង ដើម្បីបង្កើតអាសូត (Nitrogen) និងខ្យល់ក្នុងដី ទើបធ្វើឲ្យដីមានជីជាតិឡើងវិញ៕
**អានអត្ថបទបន្ថែម៖វិធីធ្វើថ្នាំសម្លាប់សត្វល្អិតតាមធម្មជាតិ**
* ធាតុផ្សំ៖
– ម្ទេស 1 kg
– ស្លឹក ឬសំបកស្តៅ 1 kg
– ស្លឹកទៀប 1 kg
– សំបកកន្ទួត 1 kg
– ខ្ទឹមស 0.5 kg
– ទឹកនោមសត្វ 15 លីត្រ
– ទឹកធម្មតា 10 លីត្រ
– វល្លិ៍ ឬ មើមបណ្តូលពេជ្រ 1 kg
* វិធីលាយ៖
-បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំទឹកនោម និងទឹកធម្មតា ទុករយៈពេល 15ថ្ងៃ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។
* វិធីប្រើ៖
-ពេលប្រើ ទឹកថ្នាំ 1លីត លាយនឹងទឹក 15លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។
សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
អត្ថបទ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
**អានអត្ថបទបន្ថែម៖» វិធីដាំបន្លែក្នុងផើង ធុង ឬកេសស្នោរ!**
– ត្រូវជ្រើសរើសពូជអោយបានល្អ
– ដីដាំត្រូវយកដីបាតស្រះ ត្រពាំង បឹង ទន្លេ ហាលអោយស្ងួត (ដើម្បីសំលាប់មេរោគ)
– ដំដីអោយម៉ដ្ឋ លាយជាមួយផេះ (សំណល់បន្លែ ផ្លែឈើ ស្លឹកឈើ កាប់តូចៗហាលអោយស្ងួតរួចដុតយកផេះ) និងជីលាមកសត្វពុកផុយច្របល់ លាយចូលគ្នា ធ្វើបែបនេះគឺដើម្បីអោយដីធូរដំណាំងាយចាក់ឫស។
– សម្រាប់ដំណាំស្ពៃពេលបំបែកកូនដាំរួច ត្រូវយកឫសកំផ្លោកកាប់អោយតូចៗហាលអោយស្ងួតមកគ្របពីលើ គល់អោយជិតការពារពេលស្រោច ទឹករលើងឫស និងរក្សាសំណើមបានរយៈពេលយូរ។
– ការដាំអាចដាក់ក្នុងអ្វីក៏បានដូចជា: ផើង ធុង ស្នោរ…
**ពិសេសទៅទៀតអាចយកសំណល់ទឹកលាង ត្រី សាច់ ស្រោចគល់ដំណាំគ្រប់មុខរាល់ថ្ងៃព្រោះវាមានជីវជាតិល្អ។ត្រូវព័ទ្ធសំណាញ់ការពារសត្វចាបកុំអោយមកមកចិកស៊ីបន្លែ (ពិសេសស្ពៃ )។
អត្ថបទដោយ៖ អ៊ាង សុផល្លែត