ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំម្ទេស

03-Oct-2017 03:59 PM

រូបភាព


ដោយ: Uddam

1.ការរៀបចំដី និងការសាបគ្រាប់

-មុនដាំ ត្រូវរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ

-នៅលើថ្នាល ត្រូវជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី កប់ចូលក្នុងថ្នាល
-ត្រូវយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល

-ក្រោយពីសាប ត្រូវកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។

2.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន

-ត្រូវភ្ជួររាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ។ -នៅក្នុងរណ្តៅនីមួយៗ ត្រូវប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ

-មុននឹងដកស្ទូង ត្រូវស្រោចទឹកឲ្យជោគនៅលើថ្នាលដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស ។ ក្នុង ១ រណ្តៅ ត្រូវដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។

-ក្រោយពីដាំកូនហើយ ត្រូវកាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ ។

3.ការថែទាំ

-ក្រោយពីស្ទូងហើយ ត្រូវស្រោចទឹក ១ ថ្ងៃ ២ ដង ។

– ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ ត្រូវធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ

-ក្នុងការដាំម្ទេសនេះ អាចជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក

-ត្រូវកំចាត់វាដោយរោយផេះនៅតាមគល់ ។ នៅពេលម្ទេសជិតចេញផ្កា ត្រូវដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។

4.ការប្រមូលផល

-ក្រោយពីដាំបានរយៈពេល ៤ ខែ ចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ

-ការបេះផ្លែធ្វើឡើងរយៈពេល ១ អាទិត្យម្តង

-បេះផ្លែម្ទេសម្តងបាន ២០ គីឡូក្រាម លើផ្ទៃដី ១០ អារ ។ ក្នុងមួយខួបជីវិត បេះបានប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។

-ក្នុងការដាំម្ទេសនេះ ចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត អាចទុកពូជដោយខ្លួនឯង ។

សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖

– រៀបចំថ្នាលបណ្តុះគ្រាប់ម្ទេសដោយ ប្រើជីលាមកសត្វពុកផុយ

– ត្រាំគ្រាប់ម្ទេសជាមួយទឹកក្តៅឧណ្ហៗ រួចយកទៅសាបនៅថ្នាល

– កាប់រណ្តៅដាំដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ដោយប្រើជីលាមកគោដាក់ទ្រាប់បាតរណ្តៅ

– ដកកូនម្ទេសដែលមានកំពស់ ១ តឹក និងមានដើមរឹងមាំ ឬ ដើមថ្លោសយកមកដាំ

– ថែទាំស្រោចទឹក និងជ្រុំបំផុសដី ដកស្មៅចោល

– កំចាត់ស្រមោចរោមត្រួយដោយប្រើផេះចង្ក្រានបាចគល់ម្ទេស

– ដាក់ជីកំប៉ុស្តិបំប៉ន គ្របគល់ស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ៕

 

ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោងកសិកម្ម

————————

**អត្ថបទបន្ថែម៖ វិធីធ្វើថ្នាំសម្លាប់សត្វល្អិតតាមធម្មជាតិពីម្ទេស និងធាតុផ្សំផ្សេងទៀត**
* ធាតុផ្សំ៖

– ម្ទេស 1 kg

– ស្លឹក ឬសំបកស្តៅ 1 kg

– ស្លឹកទៀប 1 kg

– សំបកកន្ទួត 1 kg

– ខ្ទឹមស 0.5 kg

– ទឹកនោមសត្វ 15 លីត្រ

– ទឹកធម្មតា 10 លីត្រ

– វល្លិ៍ ឬ មើមបណ្តូលពេជ្រ 1 kg

* វិធីលាយ៖

-បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំទឹកនោម និងទឹកធម្មតា ទុករយៈពេល 15ថ្ងៃ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។

* វិធីប្រើ៖

-ពេលប្រើ ទឹកថ្នាំ 1លីត លាយនឹងទឹក 15លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។

សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។

អត្ថបទ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។