ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដំណាំផ្ទី

05-Oct-2017 02:24 PM

រូបភាព


ដោយ: Uddam

១.លក្ខណៈទូទៅ

ផ្ទីជាដំណាំបន្លែយកស្លឹក ប្រសិនបើយើងបរិភោគវាចំនួន ១០០ ក្រាម វាផ្តល់ឲ្យដូចជា៖
– ថាមពល ១៨ កាល់ឡូរី
– ប្រូតេអ៊ីន ២ ក្រាម
– ខ្លាញ់ ០,៤ ក្រាម


– កាបូនអ៊ីត្រាត ២ ក្រាម
– កាល់ស្យូម ១៥០ មីលីកា្រម
– ដែក ២ មីលីក្រាម


– វីតាមីនA ៣.១ មីលីក្រាម
– វីតាមីនc ១១ មីលីក្រាម។


២.ពូជ

-ផ្ទីមានច្រើនប្រភេទដូចជា ផ្ទីដូង ផ្ទីសផ្ទីពណ៌ស្វាយ ផ្ទីថ្ម ផ្ទីបន្លា ផ្ទីអាចម៍មាន់…។

-ការដាំផ្ទី អាចជ្រើសរើសបានទៅ តាមតម្រូវការរបស់អ្នកដែលចង់ចាំ។

៣.បច្ចេកទេសដាំដុះ
– រដូវដាំដុះ : ផ្ទីអាចដាំបានស្ទើរគ្រប់រដូវ
– ការរៀបចំដីនិងការដាក់ជីផ្ទីអាចដាំបាននៅលើដីគ្រប់ប្រភេទ(ដីដែលមិន ជាំទឹក) គេអាចដាំបានពេញ ១ ឆ្នាំ ចំពោះដីដែលល្អ


– គេអាចប្រើជីធម្មជាតិចំនួន ២ គ.ក្រ និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ ក្រាមក្នុងផ្ទៃដី១ម៉ែត្រការេ
– ត្រូវលើករង ដែលមានទទឹង ១ ម កំពស់ ១០ ស.ម និងបណ្តោយយោងតាម លទ្ធភាពដែលមាន

-ត្រូវ ភ្ជួរដីហាលពី ៧-១០ ថ្ងៃ ធ្វើដីឲ្យម៉ដ្ឋ ហើយរាល់យកស្មៅឲ្យបានស្អាត។


៤. របៀបដាំ ឬសាប
– ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី១-១,៥ស.ម និងចន្លោះ ពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០-២៥ ស.ម។
– មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹកឬ រង្វើល។
– ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត


– ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ
– គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី៣ ទៅ ៥ ថ្ងៃ


– ស្រោចទឹកឲ្យបានពីរដងក្នុង ១ ថ្ងៃ
– បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក។

៥.ការថែទាំ
-ដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកធ្វើឲ្យវារលួយ

-ចំណែកនៅ រដូវប្រាំងវិញ ក្តៅខ្លាំងមានរយៈ ពេលយូរធ្វើឲ្យវាដុះលូតលាស់យឺត ដើមដងមិនសូវល្អ

-ដូច្នេះទាមទារ ការស្រោចទឹក និងថែទាំអោយបានសមស្រប។ ចំពោះការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់ សម្រាប់ដំណាំផ្ទី។

៦.ការប្រមូលផល
-គេអាចប្រមូលផលវាបានក្នុងរយៈពេលពី ២៥ ទៅ៣០ ថ្ងៃក្រោយពេលព្រោះឬដាំ ហើយអាចប្រមូលផលបាន ច្រើនលើកច្រើនសារដូចត្រកួនដែរ

-ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២-៣ ស.ម ពីដី ហើយស្រោចទឹកដាក់ជី បន្ថែម វាអាចអោយផលដូចដែល យើងដាំគ្រាប់ដែរ។

៧.ការទុកដាក់ពូជ
-នៅពេលដែលចង់បានគ្រាប់ធ្វើពូជ ដើមទាំងនោះទុកអោយមានផ្កាផ្លែ

-លុះដល់ផ្លែទុំស្រគាល គេបូតដាក់ថង់ ហាលថ្ងៃអោយស្ងួត ទើបរោយសំអាតយកគ្រាប់ ហើយហាលថ្ងៃបន្ថែមទៀតដើម្បីអោយគ្រាប់ស្ងួតល្អ ទើបច្រកដាក់ដបទុកសម្រាប់ដាំនៅរដូវក្រោយៗទៀត។

ឯកសារយោងអង្គការអប់រំពិភពលោក/កម្ពុជា