ឱសថបុរាណធម្មជាតិ
កញ្ឆែតអាចជួយព្យាបាលគ្រុនក្តៅ រសាប់រសល់ដេកមិនលក់ គ្រុនពោះវៀន ពិបាកបត់ជើងតូច រាកមួល ពកក
រូបភាព
កញ្ឆែតក្រៅពីជួយព្យាបាលគ្រុនពោះវៀន ក្រពះ ធ្លាក់សហើយ នៅអាចជួយព្យាបាលគ្រុនក្តៅ រសាប់រសល់ដេកមិនលក់ ពិបាកបត់ជើងតូច រាកមួល ពកកបានទៀតផង។
1.រូបមន្តសម្រាប់ព្យាបាលគ្រុនពោះវៀន ក្រពះ ធ្លាក់ស
វិធីធ្វើ
-ដំបូងយកកញ្ឆែតធម្មជាតិប្រមាណ១០ទងបេះស្នោរវាចេញ លាងទឹកឲ្យស្អាត ហើយបេះស្លឹក និងក្ដិចឲ្យតូចល្មមងាយស្រួលយកទៅបុក
-បុកទាំងស្លឹក និងដើម បុកឲ្យម៉ដ្ឋដើម្បីឲ្យចេញជាតិកញ្ឆែត រួចចាកទឹកដូង (ទឹកដូងខ្ចីមួយផ្លែ) ចូលចានកញ្ឆែត
-ច្របាច់កញ្ឆែតដើម្បីឲ្យវាចេញជាតិ ដាក់ស្បៃច្រោះយកកាកកញ្ឆែតចេញ ពូតយកតែទឹក រួចជាការស្រេច
-អាចច្រកដបក្លាសេបានតែត្រូវញ៉ាំឲ្យអស់ក្នុងមួយថ្ងៃ អាចញ៉ាំច្រើនដងឲ្យអស់ដូងមួយផ្លែនេះ អ្នកដែលមិនសូវចេះអាចលាយស្ករសបន្តិចបាន។
នេះជាវិធីដែល ក្មួយស្រី Socheata Pech និងជីដូនគាត់កំពុងអនុវត្តបានផលល្អ ហើយបានផ្ញើរមកខ្ញុំដើម្បីចែករំលែក។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
2.រូបមន្តសម្រាប់ព្យាបាលគ្រុនក្តៅ រសាប់រសល់ដេកមិនលក់ ពិបាកបត់ជើងតូច រាកមួល ពកក
វិធីធ្វើ និងវិធីប្រើប្រាស់
-ប្រើពី ២០-៤០ក្រ ដាំទឹកផឹក ឬបុកឲ្យម៉ត់ពូតយកទឹកផឹក ឬស្លជាសម្ល ឬយកធ្វើជាអន្លក់
-ប្រើរុក្ខជាតិទាំងមូល យកប្រើបានគ្រប់រដូវ។
ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ
កញ្ឆែតអាចយកមកធ្វើអន្លក់ ឆា ស្លរម្ជូរ និងត្រីបឹងកញ្ឆែតបានយ៉ាងឆ្ញាញ់ពិសា។ ចង់ចេះធ្វើត្រីបឹងកញ្ឆែតដែរឬទេ? ខាងក្រោមជាវិធីធ្វើមុខម្អូប ត្រីបឹងកញ្ឆែត។ តោះសាកល្បងធ្វើទាំងអស់គ្នា។
គ្រឿងផ្សំ
-ត្រីរ៉ស់ 2ក្បាល
-កញ្ឆែតខ្ចីៗបេះលាងទឹកអោយស្អាត 1ខាំ ឬ2ខាំ
-ខ្ទិះដូងដើម 1វែកសម្ល
-ទឹកក្រូចឆ្មា 1ផ្លែ
-ម្ទេសឆ្អើរត្រាំទឹកឲ្យរីកបេះគ្រាប់ចេញចិញ្រ្ចាំឲ្យ ម៉ត់ 2ស្លាបព្រាបាយ
-ប្រេងគ្រាប់ការីក្រហម 1ស្លាបព្រាបាយ (វិធីធ្វើគឺយកគ្រាប់ការីក្រហមមកបំពងជាមួយប្រេងឆាឲ្យចេញក្រហមរួចដួសប្រេងក្រហមទុកប្រើ)
-សណ្តែកដីលីងរួចញីសម្បកចេញរួចបុកឲ្យទក់ៗ 1ស្លាបព្រាបាយ
-ទឹកត្រី 1ស្លាបព្រាកាហ្វេ
-ប្រេងឆា 1ស្លាបព្រាបាយ
-អំបិល 1ចឹប
-ម្សៅស៊ុបខ្នរ ឬរ៉តឌី 1ចឹប
-គ្រឿងបុក (គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ជាយ ស្លឹកក្រូចសើច ខ្ទឹមស) 1ទៅ2ស្លាបព្រាបាយ
-បន្លែរួមផ្សំមានដូចជាត្រកួនឈ្លក់ទឹក ស្ពៃបូកគោ ផ្សិតតុងកូវដែលស្ងោរឆ្អិនជាដើម
-ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 2វែកសម្លធំ
-កាពិតិចតួចបើចូលចិត្ត
-ស្ករស 1ចឹប។
វិធីធ្វើ
1-ដំបូងត្រូវយកត្រី1ទៅស្ងោរជាមួយទឹកស៊ុបរម្ងាស់ ចេញពីឆ្អឹងមាន់ឲ្យឆ្អិនរួចបេះសាច់ត្រីយកមកបុកជាមួយគ្រឿងបុកឲ្យម៉ត់ដួសដាក់ចានទុកមួយឡែកសិន(រីឯទឹកស៊ុបសល់ពីស្ងោរត្រីយើងត្រងវាយកតែទឹកថ្លាៗទុកប្រើការ)
2-ដាំខ្ទះឲ្យក្តៅដាក់ប្រេងឆាបំពងត្រី1ទៀត ឲ្យក្រៀមល្មម ទុកមួយឡែកសិន
3-ចិត លាង កាត់បន្លែស្ពៃបូកគោ ត្រកួន កញ្ឆែតនិងផ្សិតរួចយកវាទៅតម្រៀបដាក់ពីលើខ្ទះ ឬឆ្នាំង។
4-ចាប់ត្រីបំពងដាក់ពីលើបន្លែលើឆ្នាំភ្លើងនោះ រួចចាប់កញ្ឆែតដាក់ពីលើត្រីបន្តិចៗទៀត(កុំទាន់ដាក់ភ្លើងពីក្រោម)
5-ដាំខ្ទះឲ្យក្តៅចាក់ប្រេងឆាចូល ដាក់ម្ទេសឆ្អើរ កាពិ សាច់ត្រីបុក ប្រេងគ្រាប់ការី ខ្ទិះដូង លីងឲ្យឈ្ងុយ សឹមដាក់ទឹកស៊ុប អំបិល ស្ករស ម្សៅស៊ុបខ្នរឬរ៉តឌី ទឹកក្រូចឆ្មារ ដាំវាឲ្យពុះកុំឲ្យរាវពេក ឬខាប់ពេក វានឹងមានព៌ណក្រហមស្អាត។ ភ្លក្សវាមានរសជាតិជូរអែមៗល្មមតាមចំណូលចិត្តសឹមបង់សណ្តែកដីលីងចូល
6-ដួសទឹកគ្រឿងនោះស្រោចលើត្រី លើកញ្ឆែត ពេលទទួលទានដាក់ភ្លើងពីក្រោមខ្ទះ រឺឆ្នាំង ពិសាក្តៅៗជាមួយបាយស ជួបជុំក្រុមគ្រួសារញ៉ាំផងជជែកគ្នាលេងផង រឹតតែរីករាយ។
សម្គាល់
1-ពេលពិសា សូមចាប់កញ្ឆែតញ៉ាំឲ្យរហ័ស ព្រោះកញ្ឆែតបើត្រូវកំដៅយូរវានឹងស្វិតធ្វើឲ្យយើងពិបាកទំពារ។
2-អាចបន្ថែមទឹកគ្រឿងនោះនិងកញ្ឆែតជាប់រហូត នៅពេលកំពុងញាំុ។
ប្រភព៖ ចុងភៅមុខខ្មៅ