ឯកសារកសិកម្ម
រូបភាព
+របៀបជ្រើសរើសផ្លែដូងសំរាប់ដាំ
-ដើម្បីដាំដូងឲ្យបានផលល្អ លោកអ៊ុំបានជ្រើសរើសផ្លែដូងធំ និងមានដុះពន្លកថ្លោសល្អ ។
+ការរៀបចំរណ្តៅដាំ
-ក្នុងការដាំនេះ លោកអ៊ុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំរណ្តៅ ។ រណ្តៅគាត់ជីកទំហំ ១ ម៉ែត្របួនជ្រុង ហើយដាក់សារធាតុផ្សេងៗ ក្នុងរណ្តៅតាមស្រទាប់ ដូចជា៖
-ស្រទាប់ទី ១ នៅបាតរណ្តៅ គាត់ដាក់លាមកគោ ៣ បង្គី
-ស្រទាប់ទី ២ ដាក់ស្លឹកឈើ ៦ បង្គី
-ស្រទាប់ទី ៣ ដាក់ផេះ ១ បង្គី
-ស្រទាប់ទី ៤ ដាក់លាមកគោ ៣ បង្គីថែមទៀត
-ស្រទាប់ទី ៥ ដាក់ដីខ្សាច់ ឬដីល្បាយខ្សាច់ ២ បង្គី ។
បន្ទាប់មកស្រោចទឹកពីលើឲ្យជោគ ទើបដាក់ដូងដាំដោយកប់ផ្លែឲ្យនៅត្រឹមពន្លក ។
មូលហេតុដែលលោកអ៊ុំបានរៀបចំជារណ្តៅធំដែលមានដាក់សារធាតុផ្សេងៗ ច្រើនស្រទាប់បែបនេះ ព្រោះលោកអ៊ុំយល់ថា :
-លាមកគោជាជីធម្មជាតិដ៏ល្អ វាជួយឲ្យស្លឹកឈើឆាប់រលួយ និងក្លាយជាជីបានយ៉ាងឆាប់រហ័ស
-ការដាក់ផេះជួយដូងដុះលូតលាស់បានល្អ ព្រោះផេះមានជាតិប្រៃ ហើយដំណាំដូងត្រូវការសារធាតុនេះច្រើន
-ដីខ្សាច់ឬដីល្បាយខ្សាច់អាចរក្សាសំណើមបានយូរហើយត្រជាក់ អាចជួយឲ្យឫសដូងស្រូបយកជីជាតិបានងាយស្រួល ។
-ក្រោយពីបានធ្វើការដាំពិសោធន៍សាកល្បងជាច្រើន ឆ្នាំមក លោកអ៊ុំបានមានប្រសាសន៍ថា ការរៀបចំរណ្តៅដាំបែបនេះ ធ្វើឲ្យយើងមិនលំបាកក្នុងការស្រោចទឹកទេ គឺស្រោចតែមួយដងគត់នៅពេលដាំ ។ ហើយដាំបានរយៈពេល ៤ ឆ្នាំ ដូងចាប់ផ្តើមផ្តល់ផ្លែរហូតផ្លែច្រើន និងទឹកមានរសជាតិផ្អែមទៀតផង ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត