ឯកសារកសិកម្ម
រូបភាព
១.ការរៀបចំកន្លែងដាំ៖
– ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។
២.សមាសធាតុផ្សំ៖
ដើម និងស្លឹកសណ្តែកបាយហាន់ឲ្យម៉ដ្ឋ កន្ទក់ កំទេចអាចម៍រណារ សំបកសណ្តែកដីកិនឲ្យម៉ដ្ឋ អាចម៍រណារពីដើមកៅស៊ូ អាចម៍រណារឈើខ្លឹម អាចម៍រណារដើមពោធិ៍ ចំបើងហាន់ឲ្យម៉ដ្ឋ ស្នូលពោតកិនឲ្យម៉ដ្ឋ កាកអំពៅ ឬសំបកចេក។
៣.វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ៖
– វិធីសាស្រ្តទី១៖ អាចម៍រណារ ៧៧% កន្ទក់ ២០% ស្កសរ ១% កំបោរស ១% ជី super phosphate ១% បន្ថែមទឹកឲ្យបានសំណើម ៦០-៧០% pH = ៦,៥។
– វិធីសាស្រ្តទី២៖ ចំបើងហាន់ឲ្យម៉ដ្ឋ ៧២% កន្ទក់ ២០% ស្នូលពោតកិន ៥% ស្កសរ ១% ជី super phosphate ១% កំបោរស ១% បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
*ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែ តែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។
៤.វិធីបណ្តុះ និងថែទាំ៖
– ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។
– ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។
– ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។
– យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។
– ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។
– បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។
– ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី២០-២៣អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។
– នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើមក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង
– នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើមក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូតដល់ពេលប្រមូលផល។
៥.ការប្រមូលផល៖
នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
ចងក្រងអត្ថបទដោយ៖ អ៊ាង សុផល្លែត