ចំណេះដឹងទូទៅ
រូបភាព
+ប្រភពពិធីបុណ្យប្រណាំងទូក
ប្រវត្តិនៃបុណ្យអុំទូក មានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ ។
សូមបញ្ជាក់ថា បុណ្យអុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពីធីធ្វើក៏ប្លែកគ្នាដែរ ដូចមានចែងនៅខាងក្រោម ៖
ក-តាមសៀវភៅជយវរ្ម័នទី ៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យយើងពីដើម មានចែងថាៈ
នៅសម័យអង្គរនាគ្រឹស្តសករាជសតវត្សទី ១២ ក្នុងប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយ
ព្រះបាទជយវរ្ម័នទី ៧ ស្តេចចេញធ្វើសង្រ្គាមជើងទឹកបង្រ្កាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានេះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាលក្ខណ៍នៃព្រះបាទជយវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំង នាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។
ខ-ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ដិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោមមានចែងថាៈ “សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨” ព្រះបាទអង្គចន្ទ ទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបាល ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ:
ទាហានជើងទឹកចែកជា ៣ ក្រុម
-ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ ។
-ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ ។
-ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តូចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង ។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ។
របៀបបង្ហាត់ច្បាំង “តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម” ស្រេចលើមន្រ្តី ៤ទិស “ចតុស្តម្ភ” ដែលនៅក្នុងឱវាទស្និទ្ធិភូបាលស្តេចក្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មីខែកត្តិក រដូវអកអំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក “សមយុទ្ធ” ១ថ្ងៃ ១យប់ រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធី ឯទន្លេពាមកន្ថោក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។ តាមសៀវភៅ និងឯកសារ ជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពីធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរាល់ថ្ងៃ ហើយអាចសន្និដ្ឋានថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង ។
គ-ឯកសារខ្លះ បាននិយាយថា ពិធីបុណ្យបុណ្យអំទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំង ហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង ។ ប្រពៃណីខ្លះ មានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនិងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់ ។ ប៉ុន្តែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណង “ដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឲ្យកករល្អក់” ។
ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនា ហើយស្របនឹងស្ថានភាពភូមិសាស្រ្តជាក់ស្តែងនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង ។
ពីធីបុណ្យអុំទូកប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែមកហើយ បានធ្វើឲ្យបឹងបួរទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយហើយ ក៏បញ្ជាក់ទៀតថា ពេលនោះស្រូវក្នុងស្រែកំពុងតែទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គលិចជន់ “សីហា-វិច្ឆិកា” ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រប់បឹងបួរតាមរយៈបឹងទន្លេសាប ដែលហូរពីត្បួងទៅជើង។ ដល់រដូវទឹកស្រក់ដែលចាប់ផ្តើមនៅខែវិច្ឆកា ទឹកបឹងបួរហូរត្រលប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។ ទឹកជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរមានប្រភពមកពីប្រទេសទីបេដ៏សែនឆ្ងាយ បានផ្តល់ជីវភាពនូវស្រែចំការនៅប្រទេសកម្ពុជា ។ ដីល្បាប់ដែលបានដោយសារទឹកជំនន់នៃទន្លេបឹងបួរទាំងឡាយបានធ្វើឲ្យដីមានជីជាតិ បង្ករបាននូវធនធានសម្បូរបែប នៅក្នុងប្រទេសកម្ពុជា។ ដំណាំទាំងឡាយ ដែលកសិករខ្មែរធ្វើតាមចង្វាក់នៃទឹកសម្រកបានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភឹក្ស និងផ្តល់សុភមង្គល។ ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរយើងក៏កំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បំរើវិស័យកសិកម្ម ។
ពិធីបុណ្យនេះ គេតែងប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺ ថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ ១រោជ ខែកត្តិក ធ្វើនៅតាមដងទន្លេសាប
នាកំពង់ផែមុខវាំង ។
+ប្រភពពីធីបណ្តែតប្រទីប
ក-គម្ពីទាថាវង្ស ភាសាបាលីបានចែងថា ព្រះចង្កូមកែវទាំងបួននៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៃទីតាំងទាំង ៤ គឺៈ
ទី១ – នៅត្រៃត្រឹង្សសួគ៌
ទី២ – នៅពិភពនាគ
ទី៣ – នៅស្រុកគន្ធារ
ទី៤ – នៅទន្តបុរៈគលិង្គរដ្ឋ
ខ-ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថា ស្នាមព្រះបាទព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំង ៥ គឺៈ
ទី១ – នៅសុវណ្ណមាលិកបរពត
ទី២ – នៅសុវណ្ណបរពត
ទី៣ – នៅសុមនកូដបរពត
ទី៤ – នៅយោនកបុរី
ទី៥ – នៅស្ទឹងនម្មទា
គ-ពាក្យសរសើរព្រះបាទ “យស្សបាទេ” ទាំងបាលី ទាំងសម្រាយមានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំង ៥ដូចក្នុងភាណរៈដែរ។ ដោយហេតុមានគម្ពីរដីការជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីប នៅយប់ពេញបូណ៌មីខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្តែតប្រទីបនៅយប់ ១៤-១៥កើត និង ១រោជ ខែកត្តិក បូជាចំពោះចង្កូមកែវនៅពិភពនាគព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតដូចពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំបានផលយ៉ាងប្រសើរដើម្បីសុខចំរើន រុងរឿងដល់ខ្លួន ដល់ប្រជាជន និងដល់ប្រទេសជាតិ ។
+ប្រភពនៃពិធីសំពះព្រះខែ អកអំបុក
តាមគម្ពីរបរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលីមានចែងថា ក្នុងដើមីភទ្ទបក្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត “កំណើតជាទន្សាយ” ។ នៅថ្ងៃពេញបូណ៌មីមួយ សសបណ្ឌិតបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំមំសាសសបណ្ឌិតជាអាហារសសបណ្ឌិតពោធិសត្វបានឲ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោរសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន ៣ដង ដើម្បីឲ្យសត្វស្អិតដែលជាប់នៅនិងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។ អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍បានស្ទុះទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយហើយ ឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះនៅជាប់រហូតដល់ទីបំផុតកប្ប។
ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ ។ ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូណ៌មី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក ។
ឯកសារយោងៈ ប្រវត្តិ បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក បោះពុម្ព ព.ស ២៥៤៥ និង គ.ស ២០០១