ឯកសារកសិកម្ម
រូបភាព
អ្នកមីង ឆឹង ងឹម ជាកសិកររស់នៅភូមិ ត្រពាំងឈូក ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្ត កំពង់ ស្ពឺ មានដីស្រែសរុបទំហំ ១០អារ និងមានដាំដំណាំ ដូចជា ននោង ត្រឡាច ត្រសក់ ល្ពៅ ម្ទេស ល្ហុង ។ ក្នុងការដាំដំណាំគាត់ជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញមានដូចជា ដង្កូវស៊ីរូងដើម ស្រឹង ដង្កូវមូរស្លឹក អណ្តើកមាស ។ល។ ដើម្បីទប់ទល់នូវការបំផ្លាញដំណាំរបស់គាត់ៗបានធ្វើថ្នាំពុលផ្សំពីរុក្ខជាតិបាញ់ទៅលើដំណាំ ។ ជាលទ្ធផលឃើញថា ថ្នាំនេះអាចបណ្តេញសត្វល្អិតចង្រៃពីដំណាំរបស់គាត់បាន ។ ចំពោះធាតុផ្សំ និងវិធីផ្សំបង្ហាញដូចខាងក្រោម :
១-ធាតុផ្សំ
ម្ទេស ១គីឡូក្រាម សំបកទៀប ១គីឡូក្រាម មើមប៉ិកួក ១គីឡូក្រាម ទឹក ២លីត្រ ។
២-សម្ភារជំនួយ
ពាងចំណុះ ២០លីត្រ គំរបពាង ១ និងឈើកូរ ។
៣-របៀបផ្សំ
គាត់យកធាតុផ្សំខាងលើមានម្ទេស សំបកទៀប មកចិញ្ច្រាំ ហើយឈូសមើម ប៉ិកួរៈ រួចទើបបុកបញ្ចូលគ្នា ហើយយកទៅដាក់ត្រាំក្នុងពាង ដោយចាក់ទឹកឲ្យលិច រួចគ្របគំរបជិត ដាក់ក្រោមម្លប់ឈើ រយៈពេល ២ថ្ងៃ គាត់បើកគំរបពាងកូរម្តងដើម្បីឲ្យថ្នាំឆាប់កាច់ ។
ក្រោយពីត្រាំទុករយៈពេល ១សប្តាហ៍មក គាត់សង្កេតឃើញថាទឹកឡើងពណ៌ក្រម៉ៅ និងធុំក្លិនឆួល ដែលបញ្ជាក់ថាទឹកថ្នាំកាច់បានល្អ ហើយអាចយកទៅប្រើស្រោចទៅលើដំណាំបានហើយ ។
៤-របៀបប្រើ
នៅពេលប្រើគាត់បានយកទឹកថ្នាំ ២លីត្រ លាយជាមួយទឹក ១២ លីត្រ ស្រោចមុនពេលសត្វបំផ្លាញដើម្បីបណ្តេញកុំឲ្យវាមកជិតដំណាំ ។ ក្រោយពីស្រោចទឹកថ្នាំប្រហែល ៣០នាទី គាត់ស្រោចទឹកលាងមកក្រោយដើម្បីកុំអោយទឹកថ្នាំនៅជាប់លើផ្ទៃស្លឹកនៅពេលត្រូវកំដៅថ្ងៃ ។ ពេលវេលា ដែលល្អសំរាប់ការស្រោចថ្នាំ គឺ នៅពេលរសៀលម៉ោង ៥។
៥-ចំណាប់អារម្មណ៍
ក្រោយពីបានប្រើថ្នាំនេះ គាត់សង្កេតឃើញថាថ្នាំនេះមានប្រយោជន៍ច្រើនដូចជា ធ្វើឲ្យដំណាំដុះលូតលាស់ល្អ មិនមានសត្វបំផ្លាញ និងទទួលបានផលច្រើន ហើយមិនប៉ះពាល់ដល់សុខភាពទៀតផង ។ គាត់ក៏បានផ្សព្វផ្សាយដល់អ្នកដទៃទៀត ជាពិសេសអ្នកមកទិញកូនត្រីរបស់គាត់ ហើយគាត់ក៏ចង់ស្រាវជ្រាវ រករុក្ខជាតិ ផ្សេងទៀតមកផ្សំថ្នាំដែរ ។ ថ្ងៃក្រោយគាត់ចង់កែលំអរប្រសិទ្ធិភាពថ្នាំដោយថែមសារធាតុពុលដូចជា គ្រាប់ស្លែង ៣ ខាំ សំបកស្តៅ ១គីឡូក្រាម ។ ហើយនឹងប្តូរពីការប្រើធុងស្រោច មកការប្រើស្នប់ដៃម្តង ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
អានអត្ថបទពិសេសបន្ថែម៖វិធីចិញ្ចឹមអង្ក្រងយកពងលក់
ការបង្កើតសំបុកអង្ក្រង៖
-បើសិនជាអ្នកមានដើមឈើមានសម្បុកអង្ក្រងនៅទីនោះ ស្រាប់ អ្នកគ្រាន់តែយកខ្សែមកចងពីដើមឈើមួយទៅដើមឈើមួយទៀត គឺជាការស្រេច។
-បើដើមឈើណាគ្មានអង្ក្រង អ្នកគ្រាន់តែយកចំណីទៅដាក់ព្យួរនៅលើដើមឈើនោះ រួចយកសំបុកអង្ក្រងមួយទៅដាក់ត្រង់ទីដែលបានដាក់ចំណីនោះ វានឹងបង្កើតសំបុកនៅលើដើមឈើនោះមិនខាន។
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
ការផ្តល់ចំណី៖
-អាចយកកាកសំណល់ត្រីសាច់ពីផ្ទះបាយដាក់លើអ្វីមួយ ទៅចងព្យួរលើដើមឈើឲ្យបានច្រើនដើម នោះការពង្រីកសម្បុករបស់វាក៏មានច្រើនតាមនោះដែរ។
-អាចដាក់ចំណីរាល់ថ្ងៃ ឬរៀងរាល់៥ថ្ងៃម្តងក៏បាន ដោយចងចំណីនៅលើខ្សែ ដែលបានចងបន្តពីដើមមួយទៅដើមឈើមួយទៀត។
ការប្រមូលផល៖
-អង្ក្រងបង្កើតពងលឿនណាស់ ក្នុងមួយសំបុកអាចប្រមូលពងបានរហូតមួយគីឡូក្រាមក៏មាន ក្នុងរង្វង់ ២០ថ្ងៃម្តង។ ការផ្តល់ចំណីឲ្យបានទៀងទាត់ធ្វើឲ្យវាពង្រីកសំបុកបានលឿន និងបង្កើតសំបុកថ្មីក៏ច្រើនដែរ។
-ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺទុកពីក្រោមសំបុក យកតែពងវាបានហើយ។
– ពងអង្ក្រងដែលយកបាន អាចលក់ឲ្យគេឆៅ ឬជ្រក់លក់ខ្លួនឯងក៏បាន វាអាចជាការរកចំណូលមួយជាបន្ថែមក្រោយពីទំនេរពីការងារធម្មតា៕
ស្វែងរកឯកសារកសិកម្ម ឱសថវបុរាណខ្មែរធម្មជាតិ បន្ថែម www.eangsophlleth.com
ឯកសារយោង៖ pisithsiv