ឯកសារកសិកម្ម
រូបភាព
ការដាំចេក២ម៉ែត្រមួយធ្វើឲ្យយើងទទួលបានកំរៃខ្ពស់មិនខាតដី។
ខាងក្រោមជាកម្រងរូបភាពជាគំនិតនៃការដាំចេក២ម៉ែត្រមួយ ដែលអាចធ្វើឲ្យយើងទទួលបានកំរៃខ្ពស់ ហើយមិនខាតដីទៀតផង។
អត្ថបទល្អបន្ថែម៖ បច្ចេកទេសដាំចេកអំបូងឲ្យបានផលផ្លែធំៗល្អ
* ការរៀបចំដី៖
– ភ្ជួរ រាស់ដីលើកទី១ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួររាស់ម្តងទៀត។
* ការរៀបចំដាំ៖
– ទុកចន្លោះពីរង និងដើមនីមួយៗចម្ងាយ ២ម៉ែត្រ
– ជីករណ្តៅទំហំ ៨តឹកx៨តឹកx៣ជម្រៅតឹក
– ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ លាយជាមួយកំទេចស្លឹកឈើ និងលាមកសត្វស្ងួត បន្ទាប់មកកាយដីគ្របពីលើ
– យកកូនចេកដែលមានកម្ពស់ប្រមាណ៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ការដាំ
– ដាក់ដាំកូនចេកនៅចន្លោះកណ្តាលនៃរណ្តៅរួចលប់ដីបំពេញរន្ធសម្រាប់ដាំ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅទិសតែមួយ (មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល។
– ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។
* ការថែទាំ៖
– ស្រោចទឹកជាប្រចាំនៅពេលដែលមើលឃើញថាវាស្ងួត យើងអាចជីកដីជម្រៅចុះក្រោម១តឹកកន្លះថាតើវាស្ងួតឬអត់
– នៅពេលវាអាយុបាន១ខែដាក់ជី 10 -5-15 ឬ 10-0-20 ៨០ក្រាមក្នុង១ដើម
– នៅពេលវាអាយុបាន៣ខែដាក់ជី 10 -5-15 ឬ 10-0-20 ២៥០ក្រាមក្នុង១ដើម
– នៅពេលវាអាយុបាន៤ខែដាក់ជីកំប៉ុស្ត៍ដើម្បីជំនួយការលូតលាស់ និងជំនួយផ្លែឲ្យឆ្ងាញ់ និងត្រូវធ្វើការសម្ងាតស្មៅជាប្រចាំ
– រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើម
ចេកការពារការបាក់ដើមនៅពេលវាផ្លែ។
– នៅពេលវាមានអាយុ៦ខែត្រូវជីកកូនវាចេញយកទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យវាដណ្តើសារធាតុចិញ្ចឹមពីដើម ដោយពេលជីកត្រូវប្រយ័ត្នកុំឲ្យប៉ះពាល់ដើមរបស់វា
– នៅពេលវាអាយុបាន៦ខែដាក់ជី 10 -0-10 ឬ 10-0-20 ៧០ក្រាមក្នុង១ដើម
– នៅពេលវាអាយុបាន ៧ខែជាពេលដែលវាចាប់ផ្តើមមានត្រយោង ដាក់ជី 10-0-00 ៥០-១០០ក្រាម ក្នុងមួយដើម។
– ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ។
– យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។
– កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែ
ដែលផ្លោសល្អអស់ហើយ។
* ការប្រមូលផល៖
– រយៈពេលប្រមាណ ១០ខែយើងអាចចាប់ផ្តើមប្រមូលផលបាន។
– នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើង
– ត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រពីដីដើម្បីកុំឲ្យវាដណ្តើមជីវជាតិពីដើមដ៏ទៃ។
– ការតាត់បែបនេះដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗ
ច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។
– បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយ
ជីករណ្តៅថ្មីផ្សេងពីរណ្តៅចាស់ ហើយគល់ចេកនៅរណ្តៅចាស់វារលួយ
ក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។
រៀបរៀងអត្ថបទដោយ៖ អ៊ាង សុផល្លែត