ចំណេះដឹងទូទៅ
រូបភាព
ការពិត លោកប្រៀបធៀប មនុស្សត្រចៀកស ទៅនឹងពពួក មាន់ព្រៃឈ្មោល ដែលមានត្រចៀកស ក្នុងលក្ខណៈធម្មជាតិ ជាសត្វមាន់ព្រៃ។ នៅពេលណាពពួកមាន់ឈ្មោលព្រៃទាំងនេះ បានឮសំឡេង រងាវរបស់មាន់ព្រៃដទៃទៀត វាក៏ប្រឹងដកកច្រឹង រងាវតបវិញភ្លាម មិនបង្អង់ មិនតែប៉ុណ្ណោះ ហោះហើរតាមទៅរកគ្នា ដើម្បីប្រកួតបំពងសំឡេងរងាវ ឆ្លើយឆ្លងអឺងកង រហូតមានកាលខ្លះ បើកស្លាបក្រញឹង ប្រជល់គ្នាទៅមក រហូតដល់ស្លាប់ ហាក់បីដូចជាសត្រូវសួពូជនឹងគ្នាអញ្ចឹង។
ដោយសារមូលហេតុនេះ ទើបអ្នកប្រមាញ់សត្វព្រៃតែងចាប់មាន់ព្រៃឈ្មោលមកធ្វើជាធ្នាក់អោយរងាវ ដើម្បីទាក់មាន់ព្រៃដទៃទៀត អោយហោះចូលស៊ង ចូលអន្ទាក់ រួចទើបគេប្រមាញ់ កៀរគរបានទាំងហ្វូង។
មនុស្សត្រចៀកស មានន័យថា ជាមនុស្សដែលឆាប់ជឿគេ ដោយខ្វះការពិចារណា ព្រោះថា ពេលណាពួកគេ បានឮ ដំណឹងអ្វីបន្តិច ក៏តាំងនាំគ្នាបន្តសំដីផ្សព្វផ្សាយ ឆ្លើយឆ្លងអឺងកងទាំងហ្វូង តាមគ្នា តទល់កម្លាំងសំដីនឹងគ្នា រហូតដល់មានជម្លោះក្តុងក្តាំង រួចហើយក៏ហ៊ានសម្លាប់គ្នាទៅមក ដោយមិនស្តាយជីវិតឡើយ។ ដូច្នេះហើយ ទើបចាស់បុរាណតែងមានទម្លាប់ប្រដូចបុគ្គលដែលឆាប់ជឿសំដីអ្នកដទៃ ដោយខ្វះការពិចារណាដិតដល់នោះ ថាជាមនុស្ស “ត្រចៀកស!”
ដោយឡែក ពពួកមាន់ព្រៃធម្មជាតិ ច្រើនមានខ្លួនស្តើងតូចៗ ដូចមាន់ចែ តែក្រញាំជើងធំៗ ខ្លីៗ មានសៀងរងៀវខ្ពស់គ្រលួច លាន់ឮបានឆ្ងាយ ជាងសម្លេងមាន់ស្រុកឆ្ងាយណាស់។
ចំណែកមាន់ព្រៃខ្លះ មានត្រចៀកស ខ្លះទៀតមានត្រចៀកក្រហម ដូចមាន់ស្រុកដែរ គ្រាន់តែមានមាឌស្តើងតូចៗ មិនសូវមាន ជើងវែងខ្នាយវែងៗ ដូចមាន់ស្រុកទេ។រីឯមាន់ព្រៃញី ច្រើនប្រមូលស្លឹកឈើធ្វើសំបុក នៅក្រោមឈើណា ដែលមានម្លប់ ល្មមអាចជ្រកបាន អោយផុតភ្លៀងខ្យល់ រហូតដល់ខ្លួនអាចក្រាបភ្ញាស់ពង បានដោយជោគជ័យស្ថាពរ។
អ្នកស្រី កែវ ច័ន្ទបូរណ៍