ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំស្ពៃចង្កឹះ

27-Feb-2018 04:51 PM

រូបភាព


ដោយ: Uddam

១.ការជ្រើសរើសពូជៈ
គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈដូចខាងក្រោមៈ
-ដុះលូតលាស់សមស្រប នឹងតំបន់ផលិត ហើយមិនប្រកាន់រដូវ
-ផ្តល់ទិន្នផលខ្ពស់ រយៈពេលលូតលាស់ខ្លី

 -ពេញនិយម ក្នុងការប្រើប្រាស់លើទីផ្សារ
-ធន់ទ្រាំនឹងជម្ងឺ សត្វល្អិតបំផ្លាញ
-គ្រាប់ពូជសុទ្ធគ្មានជម្ងឺ សត្វល្អិតបំផ្លាញ ភាគរយដំណុះខ្ពស់

២.ការរៀបចំដីៈ
ក. ការរៀបចំថ្នាលសាបកូនៈ
ការធ្វើថ្នាលសាបកូនៈ
-រដូវប្រាំង ត្រូវជ្រើសរើសដីមានជីជាតិល្អ ឆ្ងាយពីម្លប់ឈើ ស្ថិតនៅក្បែផ្ទះ និងមានរបងការពារ
– ភ្ជួរ និងកាប់ដីឲ្យជ្រៅ ហាលដីឲ្យស្ងួត រយៈពេលពី ៣ ទៅ ៧ថ្ងៃ
-ក្រោយពីដីស្ងួត ត្រូវវាយ ឬរាស់បំបែកដីឲ្យម៉ត់លើកជាថ្នាល ដែលមានទទឹងពី ៦០ ទៅ ៨០ស.ម កម្ពស់ពី ១០ ទៅ ១៥ស.ម បណ្តោយផ្អែកទៅតាមស្ថានភាព ជាក់ស្តែងរបស់ដី ចន្លោះថ្នាលពី ៣០ ទៅ ៤០ស.ម កៀរពង្រាបដីឲ្យស្មើល្អធានារក្សាសំណើម បានយូរ ធ្វើឲ្យកូនស្ពៃលូតលាស់ស្មើគ្នាល្អ

ការធ្វើថ្នាលសាបកូននៅរដូវវស្សា
-ធ្វើដូចថ្នាលរដូវប្រាំង តែត្រូវរកទីកន្លែងទួលខ្ពស់មិនជាំទឹក
-ក្រោយពេលភ្លៀង ត្រូវភ្ជួរ ឬកាប់ដីហាលឲ្យបានយូរថ្ងៃ ជាងរដូវប្រាំង
-ត្រូវមានគំរបការពារភ្លៀងគ្របដីឲ្យស្ងួតចន្លោះពី ៧ថ្ងៃ ជ្រួយដីហាលឲ្យបានច្រើនសារ បន្ទាប់មកលើកជារងឲ្យបានខ្ពស់ពី១៥ ទៅ ២០ស.ម ទទឹងពី ៨០ ទៅ ១០០ស.ម ចន្លោះពីថ្នាល មួយទៅថ្នាលមួយពី ៣០ ទៅ ៤០ ស.ម
-ថ្នាលសាបកូនត្រូវកៀវដីឲ្យបានស្មើរមានប្រឡាយបញ្ចេញទឹក។

ខ.ការរៀបចំដីស្ទូងៈ
រដូវវស្សា
-ភ្ជួរដីឲ្យបានជម្រៅពី ១៥ ទៅ ២០ស.ម
-ហាលដីឲ្យស្ងួតរយៈពេលពី ៥ ទៅ ៧ ថ្ងៃ

-រាស់បំបែកដីប្រមូលយកស្មៅចេញ
-ហាលដីឲ្យបាន២ទៅ៣ថ្ងៃ
-ភ្ជួរប្រែដី ហាលឲ្យបានរយៈពេល ៣ទៅ៥ ថ្ងៃទើបរាស់ និងកៀរឲ្យស្មើល្អ។


*របៀបលើករងៈ

-ក្បាលរងត្រូវឲ្យត្រឹមគ្នាដែលមានទទឹងពី ៨០ ទៅ ១០០ស.ម បណ្តោយតាមស្ថានភាពជាក់ស្តែង អាច ១០-២០ ម៉ែត្រជាកាល្អ កម្ពស់រងពី ១៥ ទៅ ២០ស.ម។
រដូវប្រាំងៈ
នៅតំបន់ដីល្បប់តាមមាត់ទន្លេ
-ក្រោយពីទឹកស្រកផុត ដីចាប់ផ្តើមស្ងួត ៥០% ត្រូវភ្ជួរហាលដី រយៈពេល ទៅ៥ថ្ងៃ
-រាស់បំបែកឲ្យម៉ត់ និងធ្វើឲ្យបានច្រើនលើក
-ហាលដីរយៈពេល ២ ទៅ ៣ថ្ងៃ ឲ្យដីស្ងួតងាប់ស្មៅ


-ភ្ជួរប្រែដី និងរាស់ជាបន្តបន្ទាប់ឲ្យបាន ២ ទៅ ៣លើក ឲ្យម៉ត់ល្មម
ចំពោះដីមិនលិចទឹក
-រាស់ ប្រមូលយកស្មៅ និងកាកសំណល់ផ្សេងៗចេញ
– ភ្ជួរហាលដីឲ្យបាន ៣ទៅ ៤ថ្ងៃ


-កិនបំបែកដីឲ្យម៉ត់ ហើយរាស់ជ្រួយដីឲ្យធូរឡើងវិញ
-ភ្ជួរប្រែដី និងហាលដី ចោលរយៈពេល ៥ទៅ៧ថ្ងៃ
-ពេលដីស្ងួត ចាប់ផ្តើមភ្ជួររាស់ដីឲ្យស្មើរចំនួន ២ ទៅ ៣លើក
-លើករង ដែលមានទទឹង និងបណ្តោយដូចគ្នាទៅនឹងរដូវវស្សា ប៉ុន្តែកម្ពស់ រងពី ១០ ទៅ ១៥ស.ម។


៣.បច្ចេកទេសដាំដុះ
ដំនាំស្ពៃចង្កឹះគេអាចដាំបានពី ២វិធីគឺៈ
ក. របៀបសាបគ្រាប់ពូជ
-មុនពេលសាបគ្រាប់ពូជ បាចជីកំប៉ុស ឬជីលាមកសត្វចំនួន ២បង្គី ឫ៣០គ.ក្រ លើថ្នាលដែលមានផ្ទៃដី ១០ ទៅ ១៥ម២
-យកជី១៥.១៥.១៥ ចំនួន២០០ ក្រាម ឬប្រាំស្លាបបាយ និងថ្នាំ Furadan 3H ចំនួន ៥០ក្រាមទៅបាចពីលើថ្នាល-រាស់លុបទៅក្នុងដី


-ស្រោចទឹកឲ្យជោក
-គ្រាប់ពូជត្រូវយកមកត្រាំជាំមួយទឹក ដែលបានលាយជាមួយថ្នាំ Captan៥ក្រាមលាយជាំមួយទឹក ១លីត្រ ត្រំារយៈពេល១០នាទី
-ស្រង់ហាលគ្រាប់ឲ្យស្រស់ទឹកទើបយកទៅសាប
-ប្រើគ្រាប់ពូជចំនួនពី១៥ ទៅ ១៦ក្រាម ឬ ១សា្លបព្រាបាយ ក្នុងផ្ទៃដី ១០ម៉ែត្រការេ


-ក្រោយសាបរួច ត្រូវព្រាចកំណាត់ចំបើងស្ងួតខ្លីៗ ឲ្យពេញលើថ្នាល
-ស្រោចទឹកឲ្យជោក
-គ្របស្លឹកចេកពីលើ
-ស្រោចទឹករាស់ថ្ងៃ មួយថ្ងៃ ២លើក ព្រឹក ល្ងាច


-រយៈពេលក្រោយសាបចំនួន ២យប់ ត្រូវបកស្លឹកចេកនោះចេញ ពេលនោះកូនស្ពៃ ចាប់ផ្តើមដុះ។
ខ.របៀបស្ទូង
-ក្រោយសាបរយៈពេល ១៤ទៅ១៦ថ្ងៃ កូនស្ពៃមានសន្លឹក ៣កម្ពស់ពី ៨ ទៅ ១០ស.ម អាចដកកូនស្ពៃទៅស្ទូងបាន -មុនពេលដកកូនស្ពៃ ត្រូវស្រោចទឹកឲ្យជោគករយៈពេល ២០ ទៅ ៣០នាទី
ចំពោះថ្នាលសម្រាប់ស្ទូង
-យកជីធម្មជាតិពុកផុយល្អចំនួន ២បង្គី ឫ៣០ គ.ក្រ ជី១៥-១៥-១៥ចំនួន ២០ក្រាមស្មើនឹង២ខាំទៅបាចលើរងប្រវែង១០ ទៅ ១៥ម

-រាស់លុបទៅក្នុងដី
-ស្រោចទឹកឲ្យជោក ទើបស្ទូងតាមក្រោយ
-គួរស្ទូងពេលថ្ងៃរសៀលត្រជាក់
-ចន្លោះគុម្ព និងចន្លោះជួរដែលត្រូវស្ទូងគឺ ២៥ X ២៥ស.ម

-ស្ទូងហើយត្រូវស្រោចទឹកឲ្យជោក
-ត្រូវព្រាស់ចំបើងស្ងួតឲ្យសព្វល្អពេញលើផ្ទៃរង ហើយស្រោចទឹក ៣ ដងក្នុង ១ថ្ងៃ ស្រោចក្នុងរយៈពេល ៣ ថ្ងៃក្រោយស្ទូង។
គ. របៀបដាំដោយសាបគ្រាប់ផ្ទាល់
ក្រោយពីការរៀបចំរងហើយ ត្រូវយកជីកំប៉ុស្ត និងជី ១៥ ១៥ ១៥ ចំនួនដូចខាងលើ មកព្រាចលើថ្នាល ហើយរោយថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រាបាយ

-រាស់លុបទៅក្នុងដី
-ស្រោចទឹកឲ្យជោក
-ព្រួសគ្រាប់ពូជឲ្យរង្វើលៗ ក្នុងកំរិតកន្លះស្លាបព្រាបាយ ស្មើនឹង ៨ ក្រាមលើផ្ទៃថ្នាល ១០ម៉ែត្រការេ
-ព្រាចកំណាត់ចំបើងស្ងួតពីលើ ហើយស្រោចទឹក

-ដើម្បីឲ្យកូនស្ពៃដុះស្មើគ្នាល្អ រយៈពេល ២ ទៅ ៣ថ្ងៃដំបូង ត្រូវស្រោចទឹក៣ ដងក្នុង១ថ្ងៃ។
-ក្រោយពេលកូនស្ពៃដុះបានរយៈពេល ៧ ទៅ ១០ ថ្ងៃ ត្រូវដករំលោះកូនស្ពៃចេញខ្លះនៅត្រង់កន្លែងដែលញឹកពេក គឺត្រូវរក្សាចំនួនដើមស្ពៃត្រឹមតែ ២០ ទៅ ២២ដើម/ម២។
៤.ការថែទាំៈ
-ស្រោចទឹកមួយថ្ងៃ ២លើក ព្រឹក និងល្ងាច
– រយៈពេលពី ៧ ទៅ ១០ថ្ងៃ ក្រោយសាប ឬស្ទូង ត្រូវដកស្មៅជ្រំជ្រួយដី ឲ្យធូរ ដើម្បីរក្សាសំណើមបានល្អ


-មួយអាយុកាលរបស់ស្ពៃ អាចដកស្មៅចំនួន ២ ទៅ ៣ លើក
-ចំពោះការជ្រំជ្រួយដីធ្វើឡើងតែមួយលើកតែប៉ុណ្ណោះ។
៦-ការប្រមូលផល
-ពេលស្ពៃអាយុក្រោម ១ខែ អាចប្រមូលផលបាន

ចំពោះការប្រមូលផលសម្រាប់ទុកពូជ គឺ
-ត្រូវច្រូតយកដើមស្ពៃមកហាលថ្ងៃឲ្យស្ងួត
-បោកបែន សំអាតគ្រាប់


-ហាលថ្ងៃអោយស្ងួតរយៈពេល ២ ទៅ ៣ថ្ងៃ
-ច្រកចូលដប កញ្ចប់ក្រដាស ឬកញ្ចប់ក្រដាសអាលុយមីញ៉ូម បិតជិតរក្សាទុកនៅកន្លែង ដែលមានអាកាសធាតុត្រជាក់ធម្មតា ហាមត្រូវកំដៅថ្ងៃនិងសើម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។