ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ការដាំថ្នាំជក់

01-Mar-2018 04:41 PM

រូបភាព


ដោយ: Uddam

១. ការរៀបចំដី
-ព្យួរដីអោយឆ្អិន មានន័យថាបន្ទាប់ពីព្យួរហើយ ត្រូវហាលថ្ងៃអោយស្ងួតដី ឡើងដីខាងលើ ប្រែពណ៌ជាស និងស្រួយ
– រាស់ដីអោយល្អិតម៉ត់
-លើកទៅជារង ទទឹងប្រហែល ៨ តឹក កំពស់ប្រហែល ២តឹក


២. ការរៀបចំដាំ
-រោយគ្រាប់ពូជថ្នាំលើដីថ្នាលកុំអោយក្រាស់ពេក ដើម្បីអោយកូនថ្នាំដុះបានថ្លោស
-យកក្រណាត់មកប្រក់ជាដំបូលពីលើថ្នាល កុំអោយអោយក្តៅពេក ឬ ត្រូវភ្លៀងនាំអោយរលួយ
-ស្រោចទឹកស្រាលៗព្រឹកល្ងាចៗ ជារៀងរាល់ថ្ងៃ កុំអោយជោកទឹកពេក


-ទុក ១៥ ទៅ ២០ ថ្ងៃក្រោយ កូនថ្នាំបានកំពស់ប្រហែល ២ តឹក ទើបដកយកមកបានដាំ
– ពេលដកគេត្រូវប្រយត្ន័រក្សាឫសវាអោយល្អ
– តំរៀបដាក់ក្នុងជាល រួចសំរាំងយកតែកូនល្អៗទេមកដាំ

– ព្យួរដីសំរាប់ដំា ដោយហាលដីអោយស្ងួតឆ្អិនល្អ ដូចខាងលើ ហើយរាស់ ជ្រោយអោយសព្វ
– ពេលដាំ គេចាប់ខ្សែទាញដំរង់ជាជួរ បន្ទាប់មកបុករណ្តៅតាមខ្សែសំរាប់ដាំ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយប្រវែង ៦ ទៅ ៧តឹក រណ្តៅជំរៅប្រហែលជា ៦ សង់ទីម៉ែត្រ
– ដាក់កូនថ្នាំដែលបានដកមកទៅក្នុងរណ្តៅ រួចស្រោចទឹកគ្រប់រណ្តៅដែលបានដំាហើយភ្លាម ។ គេស្រោចទឹកតែម្តងនៅពេលដាំវា ព្រោះកូនថ្នាំរស់ដោយសារទឹកសន្សើម


៣. ការថែទាំ
– បន្ទាប់ពីដាំហើយបានបីទៅប្រាំថ្ងៃ គេដើរពិនិត្យមើល ព្រោះជាពេលដែលកូនថ្នាំចាប់ផ្តើមចាប់ឫស
– កូនថ្នាំដែលចាប់ឫស គេសង្កេតឃើញមានលាស់ត្រួយ
– ចំពោះរណ្តៅដែលកូនថ្នាំងាប់ គេត្រូវប្រញាប់ជួស ដើម្បីអោយកូនថ្នាំឆាប់លាស់បានដំណាលគ្នា


-ពេលកូនថ្នាំលូតលាស់បានប្រហែលកំពស់ស្មងជើង គេចាប់ជំរះឆាយដីនៅជុំវិញកូនថ្នាំដើម្បីអោយ ដើមថ្នាំលូតលាស់បានល្អ
-នៅពេលដែកកូនថ្នាំកំពស់បានត្រឹមចង្កេះ ហើយដុះចេញជាខ្នែងគេត្រូវគ្រៀវ គឺមានន័យថាត្រូវបេះខ្នែងចោលដើម្បីអោយស្លឹកវា រីកចំរើនធំ
– នៅពេលដើមថ្នាំកំពស់បានប្រហែល ១.២ ម៉ែត្រ គេគ្រៀវកាត់ត្រួយចោលដើម្បីអោយស្លឹកវាលូតលាស់ ហើយឡើងក្រាស់ និងធំ ទទឹងស្លឹកនឹងឡើងប្រហែលបួនតឹក


៤. ការប្រមូលផល
-គេប្រមូលផលនៅពេលស្លឹកក្រោមគេបំផុតឡើងចាស់ រះពីជើង ដោយកាច់ស្លឹកក្រោមមួយ ឬពី ប្រមួលយកមកបន្ទុំទុកមួយឡែក។ ស្លឹកប្រភេទរះជើងនេះជាប្រភេទមិនសូវល្អទេ។
-បន្ទាប់ពីកាច់ស្លឹករះជើងរយៈពេលបួនប្រាំថ្ងៃ សន្លឹកថ្នាំក្រោម និងចាស់ជាបន្តបន្ទាប់ (ស្លឹកថ្នាំគេកាច់ពិក្រោមឡើងទៅលើ)។ គេកាច់ជាបន្តបន្ទាប់រហូតដល់សន្លឹកចុង។ សន្លឹកថ្នាំខាងចុងជាសន្លឹកថ្នាំល្អជាងគេបំផុត វាខ្លាំងជាងសន្លឹកក្រោម។ កាលណាកាច់អស់នៅសល់ត្រចៀកថ្នាំដែលជាជាប់នឹងដើម ក៏គេប្រមូលផលមួយចំណែក
– សន្លឹកថ្នាំដែលប្រមួលបានមួយលើកៗ គេយកមករៀបលើគ្នាប្រហែលជាដប់សន្លឹក ទើបបត់ជាពីរ។ គេបន្ទំដោយរៀបស្លឹកចេកស្រស់ជាជង្រុករួចយកស្លឹកថ្នាំដែលបានបត់ជាដុំៗខាងលើទៅតំរៀបជាបន្តបន្ទាប់នៅក្នុងជង្រុក


– បន្ទំរយៈពេលប្រហែលពី បីថ្ងៃ សង្កេតមើលនៅពេលស្លឹថ្នាំប្រែពណ៌ជាលឿង ទើបគេយកវា ម្តងម្តុំៗ មកសកយកទ្រនុងចេញ ទុកតែស្លឹក
– បន្ទាប់មកទើបគេយកសន្លឹកថ្នាំនោះមកហាន់បាន។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។