ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើពោះគោទឹកប្រហុកឆ្ងាញ់!

05-Oct-2019 01:21 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ពោះគោគ្រប់មុខ ២គីឡូ, អំបិលបន្តិច, ស្ករសបន្តិច, ស្លឹកក្រូចសើច។ គ្រឿងផ្សំទឹកប្រហុក៖ ប្រហុកចិញ្ច្រាំ ១កូនចានចង្កឹះ, ម្សៅឆា ២ស្លាបព្រាបាយ លាយជាមួយទឹក កន្លះកូនចានចង្កឹះ, ទឹក ២កូនចានចង្កឹះ, ស្ករត្នោត ៣ស្លាបព្រាបាយ, ក្រូចឆ្មារ ហាន់ជាចំនិតៗ, ខ្ទឹមស ហាន់ស្តើងៗ, សណ្តែកដីលីងបុកឲ្យម៉ត់ កន្លះកូនចានចង្កឹះ, គល់ស្លឹកគ្រៃហាន់ស្តើងៗ, ម្ទេសហាន់។ បន្លែអន្លក់ ត្រយ៉ូងចេក, ត្រសក់, ជីរ, ស្ពៃក្តោប, ចេកខ្ចី, សណ្តែកកួរ, ការ៉ុត, ត្រប់, ត្រកួន… (តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.យកពោះគោកោសឲ្យស្អាតលាងទឹកឲ្យស្អាត យកទៅដាក់ស្ងោរ ដាក់អំបិលបន្តិច, ស្ករសបន្តិច និងស្លឹកក្រូចសើច ទុករម្ងាស់រហូតពោះគោផុយល្អ ទុកមួយឡែក។

២.យកបន្លែចិត រួចរៀបដាក់ចានយកទៅដាក់ក្លាសសេឲ្យត្រជាក់ៗ។

៣.ធ្វើទឹកប្រហុក យកប្រហុកទៅជ្រុំជាមួយទឹកពុះរហូតអស់ជាតិ រួចដាក់ស្ករត្នោត និងម្សៅឆាដែលលាយជាមួយទឹកចូលកូរឲ្យសព្វ រម្ងាស់ឲ្យពុះ រួចភ្លក់មើលល្មមតាមចំណូលចិត្ត ហើយលើកចុះទុកឲ្យត្រជាក់។

៤.រួចរាល់អស់ហើយពេលញ៉ាំយកពោះគោមកហាន់ដាក់ចាន ដួសទឹកប្រហុកដាក់ចានថែមគ្រឿងជាមួយស្លឹកគ្រៃហាន់, ម្ទេសហាន់, ខ្ទឹមស, សណ្តែកដីលីង និងច្របាច់ក្រូចឆ្មារចូល ញ៉ាំជាមួយបន្លែផ្ទាប់ជាមួយពោះគោចុចទឹកប្រហុក ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។