ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ចង់ឱ្យកូនក្នុងផ្ទៃមានការលូតលាស់ល្អ និងកូនកើតមកឆ្លាតវៃ

06-Mar-2018 10:46 AM

រូបភាព


ដោយ: Uddam

ក្នុងពេលពរពោះ ស្ត្រីគួរមានការយកចិត្តទុកដាក់ខ្ពស់ទៅលើរបប និងប្រភេទចំណីអាហារ ពីព្រោះការបរិភោគ អាហារត្រឹមត្រូវ ធ្វើអោយកូនក្នុងផ្ទៃមានការលូតលាស់ល្អ និងកូនកើតមកឆ្លាតវៃ។ ផ្ទុយទៅវិញ បើស្រ្តីបរិភោគអាហារមិនត្រឹមត្រូវទេ អាចមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពកូនក្នុងផ្ទៃ និងសុខភាពកូនពេលកើតមក។
ដោយមានការបំរែបំរួលសរីរាង្គរបស់ស្រ្តីក្នុងពេលពរពោះ អង្គការពារខ្លួនរបស់ស្រ្តីនឹងធា្លក់ចុះ ធ្វើអោយអាហារមួយចំនួនដែលធ្លាប់បរិភោគពីមុន អាចនឹងមានផលប៉ះពាល់នៅពេលបរិភោគ ក្នុងពេលមានផ្ទៃពោះ។

ក) ទាក់ទងទៅនឹងប្រភេទ និងរបបអាហារ កំឡុងមានផ្ទៃពោះស្រ្តីគួរប្រតិបត្តិដូចតទៅ៖
– បរិភោគអាហារអោយបានគ្រប់មុខ មានទាំងបន្លែ សាច់ សុ៑ត គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ក្នុង១ថ្ងៃ ស្រ្តីគួរបរិភោគយ៉ាងហើចអោយបានបន្លែ៥មុខ និងផ្លែឈើ៥មុខ ហើយផ្លាស់ប្តូរគ្នាជារៀងរាល់ថ្ងៃ ព្រោះអាហារដែលមានពណ៌ខុសៗគ្នា ផ្ទុកនូវវីតាមីន ជាតិមីនេរាល់និងប្រូតេអីនផ្សេងៗគ្នា។
– បរិភោគអាហារដែលចំអិនឆ្អិនល្អ ទាំងសាច់ ស៊ុត និងបន្លែ។ ផ្លែឈើត្រូវលាងអោយស្អាត មុននឹងបរិភោគ។
– បរិភោគអាហារដែលមានវីតាមីន C និងអាស៊ីតហ្វូលីកអោយបានគ្រប់គ្រាន់ ក្នុងរយៈពេល ១២ សប្តាហ៍ដំបូង។


– ជ្រើសរើសអាហារណាដែលមានជាតិសរសៃច្រើនដូចជា នំបុ័ង សេរេអាល់ គ្រាប់សណ្តែក បន្លែពណ៌បៃតង។
– ត្រូវបរិភោគអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាល់ស្យូមច្រើន យ៉ាងតិចអោយបាន 1000-1300 មីលីក្រាមក្នុងមួយថ្ងៃ ក្នុងពេលមានផ្ទៃពោះ។
– ត្រូវបរិភោគអាហារណាដែលមានជាតិដែកអោយបានយ៉ាងតិច 27 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា សាច់ក្រហមសុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និងសេរេអាល់។
– ត្រូវបរិភោគអាហារដែលមានជាតិអ៊ីយ៉ូដអោយបានយ៉ាងតិច 220 មីក្រូក្រាម ដើម្បីជួយក្នុងការលូតលាស់ខួរក្បាលកូន។ អាហារទាំងនោះមានដូចជាទឹកដោះគោ ឈីស យោហ្គឺត(yogurt) និងអាហារសមុទ្រមួយចំនួនដូចជាត្រីសមុទ្រ ត្រីសាល់ម៉ុង បង្គា


– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនសេ រាល់ថ្ងៃយ៉ាងតិច 80-85មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា ក្រូច មឺឡុង ទំពាំងបាយជូ ស្តរបូរី ល្ហុង ប៉េងប៉ោះ ម្ទេសខៀវ ផ្កាខាត់ណា ប្រូកូលី ស្ពៃក្តោបពណ៌ខៀវ សាឡាត់ខៀវ និងស្ពៃខៀវ។
– ត្រូវបរិភោគអាហារដែលមានជាតិហ្វូឡាត ឬអាស៊ីតហ្វូលីក រាល់ថ្ងៃយ៉ាងតិច 0.64មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីជួយការពារ ការរបើកឆ្អឹងកងខ្នងកូនពីកំនើត ដែលអាចអោយកូនមានភាពពិការជើងទាំងសងខាង។ អាហារទាំងនោះមានដូចជា បន្លែបៃតង សាច់សុទ្ធ គ្រាប់សណ្តែកជាដើម។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនអា រាល់ថ្ងៃដូចជា ការ៉ុត ល្ពៅ ដំឡូងក្រហម ស្ពៃខៀវ ននោង ស្លឹកបន្លែដែលមានមើម និងផ្លែមឺឡុង។

ខ) អាហារដែលស្រ្តីមានផ្ទៃពោះត្រូវជៀសវាងមានដូចជា៖
– ជាតិអាល់កុល: ព្រោះវាអាចបណា្តលអោយមានការសំរាលកូនមុនខែ បាត់បង់នូវភាពឆ្លាតរបស់កូន ការលូតលាស់របស់កូនក្នុងពោះតូចជាងធម្មតា និងអាចបណា្តលអោយមានភាពខុសប្រក្រតីមួយចំនួនលើកូនក្នុងផ្ទៃ
– ជាតិកាហ្វេអីន: មិនត្រូវបរិភោគលើសពី 300 មីលីក្រាមក្នុងមួយថ្ងៃទេ

– ជាតិស្ករ រឺផ្អែម មិនត្រូវបរិភោគច្រើនពេកទេ

– ជាតិខ្លាញ់ និងកូឡេសស្តេរ៉ុល: ត្រូវកាត់បន្ថយ មកត្រឹមតែ 300 មីលីក្រាមក្នុងមួយថ្ងៃ។
– សាច់ត្រីសមុទ្រធំៗ មួយចំនួន ដូចជាត្រីឆ្លាម: ព្រោះមានផ្ទុកនូវជាតិបារ៉តដែលអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។
– ឈីសដែលមិនបានឆ្លងកាត់ការរំងាប់មេរោគ (unpasteurized) ព្រោះវាអាចផ្ទុកនូវមេរោគ listeria
– សាច់ រឺបន្លៃឆៅ ព្រោះវាអាចមានផ្ទុកនូវពពួកបាក់តេរី ឬសត្វល្អិតមួយចំនួនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។

“ដើម្បីអោយកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងគិលានុបដ្ថាកជំនាញ
សំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវចេះជ្រើសរើសអាហារបរិភោគដែលប្រកបដោយផាសុកភាពទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន។”

ប្រភព : មន្ទីរពេទ្យកាល់ម៉ែត