ឯកសារកសិកម្ម
រូបភាព
ជាទូទៅការ៉ុតមានរយៈពេលលូតលាស់ ៣ ទៅ ៣ ខែកន្លះ បើយើងដាំនៅរដូវវស្សា បើដាំនៅរដូវប្រាំង អាចមានរយៈពេលដល់៤ ខែ ទើបប្រមូលផលបាន។
ចំពោះការប្រមូលផល យើងត្រូវពិនិត្យទៅលើអាយុកាលនៃការដុះលូតលាស់ បើដល់អាយុហើយ ត្រូវពិនិត្យទៅលើលក្ខណៈដងដើម ដូចជាស្លឹកទី ១ ឬទី ២ ក្បែរគល់ ប្រែពីពណ៌បៃតងទៅជាពណ៌លឿង បើសង្កេតឃើញលក្ខណៈបែបនេះហើយ គឺយើងអាចប្រមូលផលបាន ។
ការប្រមូលផល ត្រូវធ្វើឡើងដោយដៃចាប់ដកដើមពីក្នុងថ្នាល រួចហើយប្រមូលដាក់ម្តុំ បន្ទាប់មក កាត់ឫសកែវ ឬឫសជាប់ដើមចេញខ្លះ រួចកាត់ដើម ដោយទុកចំងាយពីមើម ២ ទៅ ២ តឹកកន្លះ។
ក្រោយពីប្រមូលផល និងកាត់ដើមឫសចេញហើយ ត្រូវរៀបចែកវាជា ៣ ផ្នែក។ ផ្នែកទី ១ ជ្រើសរើសមើមធំដាក់ម្តុំ និងទី២ មើមធំល្មម និងទី ៣ មើមដែលមានខ្នែង។
ប្រសិនបើយើងដកភ្លាមយកទៅលក់ភ្លាម យើងអាចលាងទឹកមើមបាន ប៉ុន្តែការលាងទឹកមិនអាចធ្វើឱ្យយើងរក្សាទុកបានយូរទេ គឺបានត្រឹមតែ ៤ ទៅ ៥ ថ្ងៃប៉ុណ្ណោះ លើសពីនេះវាអាចខូចគុណភាពដោយធ្វើឱ្យមើមរលួយ ។ ដោយឡែកគេអាចរក្សាទុកការ៉ុតបានរយៈពេល ២០ ថ្ងៃ ដោយយកដីខ្សាច់ក្រាលនៅបាតកញ្ឆេ (យកកញ្ឆេដែលមានប្រហោងខ្យល់ចេញចូល) កំរាស់ ១ តឹក។
បន្ទាប់មកយកការ៉ុតដែលបានប្រមូលផល និងសំអាតរួចទៅតំរៀបដាក់ពីលើដីខ្សាច់កំពស់ ៤ តឹក ទើបយកក្រណាត់ដែលជក់ទឹកជ្រលក់ទឹកឱ្យសើមៗ គ្របពីលើ។ បើក្រណាត់ស្ងួតយើងត្រូវបាញ់ទឹកផ្សើមក្រណាត់ឱ្យជាប់ជានិច្ច ។ ការធ្វើបែបនេះយើងអាចរក្សាទុកបានរហូតដល់ ២០ ថ្ងៃ ដោយមិនខូចគុណភាព ។
សរុបមក ដើម្បីរក្សាការ៉ុតទុកឱ្យបានយូរថ្ងៃ ដោយមិនខូចគុណភាពត្រូវអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម :
-ពេលប្រមូលផលហើយ ត្រូវកាត់សំអាតមើមតាមរបៀបខាងលើ
-បើចង់រក្សាទុកឱ្យបានយូរ មិនត្រូវលាងទឹកសំអាតមើមទេ ក្រោយពេលប្រមូលផល
-យកស្លឹកចេក ឬរុក្ខជាតិផ្សេងៗទ្រាប់នៅបាតកញ្ឆេ បន្ទាប់មកយកដីខ្សាច់សើមកំរាស់ ១ តឹក ក្រាលពីលើ ទើបយកការ៉ុតមកតំរៀបដាក់បញ្ច្រាស់គ្នាកំពស់ ៤ តឹក
-យកក្រណាត់សើមជក់ទឹកគ្របពីលើ
-ពេលក្រណាត់ស្ងួតត្រូវប្រោះទឹកឱ្យសើមជាប់ជានិច្ចរហូតដល់ពេលប្រមូលផលលក់ ។
ចំពោះបងប្អូនកសិករដែលប្រកបរបរដាំដុះការ៉ុត ហើយមានបំណងចង់រក្សាទុកឱ្យបានយូរគួរសាកល្បងតាមបទពិសោធន៍ខាងលើ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)