ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំផ្លែប្រពាយ

11-May-2018 04:18 PM

រូបភាព


ដោយ: Uddam

១. ការដាំដុះ
១.១.ការត្រៀមដី
-ភ្ជួរដីឱ្យបានជ្រៅប្រមាណជា 25-30 សង់ទីម៉ែត្រ

-ហាលដីទុកចោលប្រមាណជា 7ថ្ងៃ ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រួយដីឱ្យល្អិត
-លើកជារងដោយមានទុកផ្លូវដើរ និងត្រៀមដាំជាស្រេច។

១.២.វិធីដាំដុះ
-ចម្ងាយពីដើមមួយទៅដើមមួយ60សង់ទីម៉ែត្រ និងចម្ងាយពីជួរមួយទៅជួរមួយ100សង់ទីម៉ែត្រ
– គេនិយមដាំប្រពាយ ដោយគ្រាប់ បន្ទាប់ពីត្រៀមដីរួចរាល់ហើយ ជីករន្ធដាក់ដាំតាមចម្ងាយដាំ ទម្លាក់គ្រាប់ពូជចូលក្នុងរន្ធនីមួយៗប្រមាណជា5គ្រាប់ ជម្រៅប្រមាណជា2សង់ទីម៉ែត្រ រោយដីគ្របពីលើស្ដើងៗ
-គ្របពីលើរងដោយចំបើងស្ងួត រួចស្រោចទឹកឱ្យសើមជោក


-បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណជា1-2សប្ដាហ៍ ដកបំបែកចេញឱ្យនៅសល់ក្នុងមួយគុម្ពតែ3ដើម។
-ការធ្វើទ្រើងប្រពាយ មានវិធីធ្វើបានច្រើនបែប ដូចជា
+ទ្រើងទោល ដោតត្រង់គុម្ពប្រពាយទុកឱ្យដើមប្រពាយវារតោងឡើង
+ទ្រើងបែបគូ គឺដោតបង្គោលទ្រើងតាមបណ្ដោយរង ហើយចាប់ចុងបង្គោលទ្រើងចងជាគូៗ រួចយកសំណាញ់មកគ្របពីលើក៏បាន តែត្រូវឧស្សាហ៍ចាប់ចុងត្រួយដើមប្រពាយឱ្យព័ទ្ធនឹងបង្គោលទ្រើង ដើម្បីឱ្យដើមប្រពាយឆាប់ឡើងពេញទ្រើង។


២. វិធីមើលថែទាំរក្សា
-ការស្រោចទឹក: ស្រោចទឹកមួយថ្ងៃ1-2ដង រៀងរាល់ថ្ងៃ។
-ការដាក់ជី: បន្ទាប់ពីដាក់ដាំបាន30ថ្ងៃរួចហើយ ដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ 100ក្រាម ក្នុង1គុម្ព រៀងរាល់15ថ្ងៃ ឬអាស្រ័យលើភាពសម្បូរជីវជាតិរបស់ដី។


ការការពារ និងការកម្ចាត់សត្រូវដំណាំ
-បាញ់ទឹកត្រាំឱសថបុរាណបណ្ដេញសត្វល្អិតដែលត្រាំពីដើមស្ដៅរៀងរាល់7ថ្ងៃម្ដង ដើម្បីការពារ និងកម្ចាត់សត្រូវដំណាំ ដូចជា ដង្កូវស៊ីត្រួយ មេរោគក្រា ដង្កូវស៊ីក្ដិប និងក្នុងករណីដែលឃើញមានការឆ្លងរាលដាលរបស់ដង្កូវស៊ីត្រួយធ្ងន់ធ្ងរនោះ អាចបាញ់ទឹកត្រាំថ្នាំឆួល លាយជាមួយកាកស្ករត្នោតបន្ថែម ដោយបាញ់ក្នុងអំឡុងម៉ោង08:00-09:00ព្រឹក រៀងរាល់ថ្ងៃរហូតទាល់តែលែងមានការឆ្លងរាលដាល

-ឧស្សាហ៍កម្ចាត់ពពួកស្មៅ ដើម្បីកុំឱ្យកើតការដណ្ដើមទឹក និងជីវជាតិពីដី ហើយថែមទាំងអាចជាកន្លែងស្នាក់នៅរបស់សត្វល្អិតសត្រូវដំណាំ។
៣. ការប្រមូលផល
-នៅពេលដើមប្រពាយមានអាយុបាន70-80ថ្ងៃ អាចប្រមូលផលបានហើយ
-គួរបេះក្នុងអំឡុងពេលដែលថ្ងៃមិនសូវក្ដៅ ចង់បេះនៅពេលព្រឹក ឬពេលល្ងាចក៏បាន ព្រោះស្រទាប់ផ្លែប្រពាយហាក់ដូចជារាងស្ដើង

-បើបេះក្នុងអំឡុងពេលដែលថ្ងៃក្ដៅខ្លាំង នឹងធ្វើឱ្យស្រទាប់ផ្លែប្រពាយឆាប់ជាំ ហើយកន្ត្រក ឬកញ្ច្រែងដែលទុកដាក់ផ្លែប្រពាយនោះ ក៏គួរទ្រាប់ដោយស្លឹកចេកផង ដើម្បីការពារភាពស្រស់ខ្ចីរបស់ផ្លែប្រពាយ៕
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត

អត្ថបទទាក់ទងល្អបន្ថែម៖ អត្ថប្រយោជន៍នៃបន្លែពពាយ
អត្ថប្រយោជន៍បន្លែប្រពាយចំពោះសុខភាព ៖
-ជួយសម្រួលដល់ចង្វាក់ បេះដូងឲ្យប្រក្រតី
-វីតាមីនB ជួយក្នុងការបង្កើនភាពចងចាំ


-សម្បូរជាតិសរសៃ ជួយពង្រឹងប្រព័ន្ធរំលាយអាហារ
-ប្រូតេអ៊ីនបានផ្ដល់ថាមពល និងជួយឲ្យមានការលូតលាស់ដល់រាងកាយ
-ពពាយបានផ្ទុកនូវវីតាមីនC ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី និងការពារកោសិកា។