ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ឯកឧត្តម អ៊ាង សុផល្លែត ទម្លាយ អាថ៍កំបាំងនៃ…

12-May-2018 12:15 PM

រូបភាព


ដោយ: Uddam

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលពិសេស គឺ វគ្គបង្វឹកលោកអ្នកអោយក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់ លើកទី ២ របស់ក្រុមហ៊ុនអចលនវត្ថុ CPL កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅអគារ CPL សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ឯកឧត្តម អ៊ាង សុផល្លែត បានទម្លាយអាថ៍កំបាំងធ្វើយ៉ាងណាទើបក្លាយខ្លួនជាអ្នកដឹកនាំដ៏ជោគជ័យ និងជាម្ចាស់ក្រុមហ៊ុនដ៏ល្អម្នាក់?

ដើម្បីក្លាយខ្លួនជាបុគ្គលអ្នកដឹកនាំដ៏ជោគជ័យ និងជាម្ចាស់ក្រុមហ៊ុនដ៏ល្អម្នាក់ មនុស្សម្នាក់ៗត្រូវមានតម្លៃសំខាន់ទាំងបីនេះ!

សូមស្វែងរកអាថ៍កំបាំងនៃតម្លៃសំខាន់ៗទាំងបីនេះខាងក្រោម៖


១. គុណតម្លៃ
ជីវិតប្រកបដោយគុណភាព មិនមែនសំដៅត្រឹមតែការមានប្រាក់កាសច្រើននោះទេ តែត្រូវមានជីវិតប្រកបដោយសប្បុរស គឺការរស់នៅប្រកបដោយសុភមង្គលជាមួយទ្រព្យដែលខ្លួនរកបានដោយសុចរិត ចេះចែករំលែកទ្រព្យសម្បត្តិ និងចំណេះដឹងរបស់ខ្លួនសម្រាប់អ្នកជំនាន់ក្រោយផង។ គុណតម្លៃ គឺជាឫទ្ធិនៃសេចក្ដីល្អបរិសុទ្ធរបស់បុគ្គលនីមួយៗ កាលដែលអ្នកបានសាងបានគុណតម្លៃនេះបានហើយ អ្នកនឹងក្លាយទៅជាបុគ្គលជាទីគោរពស្រលាញ់ មនុស្សផងទាំងពួងជឿជាក់យ៉ាងប្រត្សត្រ។

តើត្រូវធ្វើយ៉ាងណាដើម្បីសាងនូវគុណតម្លៃនេះ?
ដើម្បីទទួលបាននូវគុណតម្លៃនេះ មនុស្សយើងត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវសីលធម៌ សច្ចធម៌ និងគុណធម៌ក្នុងខ្លួន៖

-សីលធម៌ បានដល់ធម៌ក្នុងការគោរព មានកិរិយាមារយាទ ទង្វើល្អ ដល់អ្នកដទៃ មិនថាដៃគូវិនិយោគ ឬបុគ្គលិកនៃស្ថាប័នឡើយ
-សច្ចធម៌ បានដល់ធម៌ទៀងត្រង់ សេចក្តីពិត និយាយពិត ធ្វើពិត មិនមុសាដាក់អ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឡើយ។ ហ៊ានថា គឺហ៊ានធ្វើ មិនលេបសម្តី
-ចំណែកគុណធម៌សំដៅដល់ធម៌នៃសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត ប្រណី ពិសេសការចេះដឹងគុណចំពោះអ្នកដែលធ្វើគុណមកលើខ្លួន ហើយបន្តធ្វើគុណនេះដល់
អ្នកផងទាំងពួង ដូចពាក្យចាស់លោកពោលថា “ផឹកទឹកឱ្យនឹកដល់ប្រភព”ឬ “ជ្រកដើមឈើឱ្យនឹកដល់អ្នកដាំ” យ៉ាងដូច្នោះដែរ។

 ២. វិជ្ជាតម្លៃ
យើងត្រូវមានចំណេះជំនាញមួយច្បាស់លាស់ សិក្សាឱ្យប្រាកដ ដូចពាក្យចាស់ពោលថា “ចេះដប់មិនស្មើប្រសប់មួយ” និង “ចេះអ្វីចេះឱ្យប្រាកដ ប្រាក់រត់តាមហៅ”។ បន្ថែមពីលើនេះ ការសិក្សាបណ្តុះនូវចំណេះដឹងទូទៅក៏ជាផ្នែកមួយយ៉ាងសំខាន់បន្ថែមទៅលើចំណេះដែលយើងមាន ទើបយើងអាចមានការបត់បែនតាមកាលៈទេសៈបាន។ ត្រូវចេះត្រៀមខ្លួនរួចជាស្រេច។

 ៣. មនសិការតម្លៃ
តម្លៃនៃការគិតគូរមិនមែនដើម្បីតែខ្លួនឯង ឬអាត្មានិយមឡើយ ប៉ុន្តែត្រូវគិតគូរអំពីប្រទេសជាតិ គឺត្រូវគិតផលប្រយោជន៍រួម និងជាតិជាធំ។

ទាំងនេះជាបទពិសោធន៍ដ៏មានតម្លៃដែលឯកឧត្តម អ៊ាង សុផល្លែត បានចូលរួមចែករំលែកជូនដល់សិក្ខាកាមទាំងឡាយក្នុងឱកាសវគ្គបណ្តុះបណ្តាលនេះ។

អត្ថបទដោយ៖ កូនចាប