ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មាន

ភ្នំសំពៅ ! មានអ្វីពិសេសបានជាភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់? (មានវីដេអូ)

21-May-2018 12:26 PM

រូបភាព


ដោយ: Uddam

ភ្នំសំពៅ៖គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្ត្រមួយដ៏មានប្រជាប្រិយភាពបំផុតដែលស្ថិតនៅក្នុងទឹកដីភូមិភ្នំសំពៅឃុំភ្នំសំពៅស្រុកបាណន់មានកម្ពស់១៤០ម៉ែត្រនិងកាំជណ្តើរសរុបចំនួន៨០០កាំដោយប៉ែកខាងក្រោយភ្នំក៏មាន ជណ្តើរឡើងមួយផ្សេងទៀតផងដែរ។

ផ្ទាំងទស្សនីយភាពនៃហ្វូងសត្វប្រចៀវហើរចេញពីល្អាងជើងភ្នំ សំពៅនេះដែរត្រូវបានលោក មន្ទីរទេសចរណ៍ខេត្តបាត់ដំបងនិយាយប្រាប់ឲ្យដឹងទៀតថា ពួកវាបាន ហើរសម្រុកចេញពីទីជម្រកនៃល្អាងភ្នំងងឹតឈឹង ដែលមានសត្វប្រចៀវរាប់លានក្បាលបានហើរចេញមក ធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានហៅហ្វូងប្រចៀវទាំងនោះ ដែលហាក់ដូចជា«កងទ័ពប្រចៀវដ៏ក្លាហាន»។ ការ គយគន់ហ្វូងសត្វប្រចៀវនេះដែរគឺភ្ញៀវទេសចរអាចប្រើពេលប្រមាណជាជិតមួយម៉ោងឯ។ ដូច្នេះ ប្រសិនបើលោកអ្នកបានដល់ទឹកដីខេត្តបាត់ដំបងហើយនោះសូមកុំភ្លេចទៅទស្សនាហ្វូងសត្វប្រចៀវទាំងនេះកុំបីខាន។

គេឃើញមិនចេះដាច់ ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនៅពេលបានធ្វើដំណើរទៅដល់ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រភ្នំសំពៅនេះ ហើយនោះ បន្ទាប់ពីបានដើរទស្សនានូវទិដ្ឋភាពនានារួមទាំងការគយគន់សម្រស់ទេសភាពដ៏ត្រកាលនៅលើកំពូលភ្នំយ៉ាងរីករាយ ពោលគឺពួកគាត់មិនបានភ្លេចឡើយនៅការរង់ចាំផ្តិតយក រូបភាព និងទស្សនាហ្វូងសត្វប្រចៀវដែលហើរចេញនាពេលល្ងាចប្រកបដោយការ ជក់ចិត្តក្រៃលែង។

នេះពិតជាចំណីចក្ខុមួយ យ៉ាងកម្រ និងអស្ចារ្យណាស់សម្រាប់ក្រសែ ភ្នែកអ្នកទេសចរដោយបានជ្រើសរើសយកដំណើរទស្សនាចរណ៍មកកាន់ទឹកដីភ្នំប្រវត្តិសាស្ត្រ«ភ្នំសំពៅ» ដែលអាចនិយាយបានថាការមកលេងកម្សាន្តទីនេះមិនត្រឹមតែលោកអ្នកបានពើបប្រទះនូវហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញរកចំណីនាពេលល្ងាចប៉ុណ្ណោះទេ គឺយើងទាំងអស់ គ្នានឹងបានបណ្តែតអារម្មណ៍ពោរពេញទៅដោយអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោកម៉ក់ ស៊ីណារ៉ា បាននិយាយឲ្យ ដឹងថា បន្ទាប់ពីលោកអ្នកបានដើរទស្សនាលើកំពូលភ្នំមានដូចជាព្រះវិហារដំបូល ១០០ អាស្រម រូបសំណាក និងល្អាងជាច្រើនរួមមានល្អាងផ្កាស្លា ល្អាងល្ខោន និង ល្អាងអសុភ និងបានស្វែងយល់ពីព្រេងនិទានដ៏មានប្រជាប្រិយភាពរបស់ប្រជាពលរដ្ឋខ្មែរដែលនិយាយរៀបរាប់ប្រាប់ពី ចាស់ៗនៅសុំសីលលើភ្នំព្រមទាំងគយគន់ទេសភាពជុំវិញភ្នំគេឃើញមានភ្នំមួយចំនួននៅក្បែរៗនោះមានភ្នំក្រពើ ភ្នំអណ្តើក ភ្នំ ទ្រុងមាន់ ភ្នំទ្រុងទា ភ្នំក្តោង ភ្នំរំសាយសក់ ភ្នំបន្ទាយនាង។ល។ ដែលសុទ្ធសឹងជាភ្នំ មានជាប់ទាក់ទងនឹងព្រេងនិទានខ្មែរគឺរឿងព្រះចៅរាជកុល និងនាងរំសាយសក់។ ក្រោយពីចំណាយពេលពេញមួយថ្ងៃលុះនៅពេលល្ងាចចូលមកដល់គេសង្កេតឃើញថាក្រុមអ្នកទេសចរដែលបានមកលេងនៅភ្នំសំពៅពួកគាត់បានចុះមកជើងភ្នំរង់ចាំ ទស្សនាហ្វូងសត្វប្រចៀវរាប់សែនក្បាល ដែលហើរចេញពីល្អាងភ្នំក្នុងសភាពមីដេរដាសពេញផ្ទៃមេឃ។

ភ្នំសំពៅមិនត្រឹមតែជាកន្លែងកម្សាន្តមួយប្រកបដោយខ្យល់អាកាសត្រជាក់បរិសុទ្ធសម្រាប់បំពេដួងចិត្តអ្នកទេសចរប៉ុណ្ណោះទេ ពោលគឺនៅទីនេះដែរត្រូវបានលោក ម៉ក់ ស៊ីណារ៉ា បន្ថែមឲ្យដឹងទៀតថា ភ្នំសំពៅក៏នៅមានបង្កប់កម្រងអនុស្សាវរីយ៍ជាមួយនឹងបទចម្រៀងពីសម័យអតីតកាលរួមទាំងប្រវត្តិផ្សេងៗផងដែរ។ សម្រាប់ដំណើរកម្សាន្តរបស់អ្នកទេសចរមកកាន់ភ្នំសំពៅនេះទៀតសោតនឹងទទួលបាននូវចំណីចក្ខុប្លែកៗយ៉ាងសម្បូរបែបដើម្បីជម្រុះ ចោលរាល់ភាពមួហ្មង ជាពិសេសការទស្សនាហ្វូងសត្វប្រចៀវរាប់រយរាប់ពាន់ក្បាលដែលគេប្រសិទ្ធនាមថា «កងទ័ពប្រចៀវ»ដោយពួកវានឹងហោះហើរចេញជូនភ្ញៀវទេសចរគយគន់ចាប់ពីម៉ោង៥ល្ងាចនៅ ជើងភ្នំសំពៅលើទឹកដីបាត់ដំបង។(សូមមើលវីដេអូខាងក្រោម)

វិដេអូ៖

សម្រួលអត្ថបទដោយ៖ THEiCONMEDIA