ចំណេះដឹងទូទៅ
រូបភាព
ជារៀងរាល់ថ្ងៃនេះ សម្រាប់លោកអ្នកដែលជាឪពុកម្តាយតែងតែគិតអំពីសុខទុក្ខរបស់កូនៗគ្រប់រូប ជាពិសេសគឺ ការអប់រំ រៀនសូត្រ និងអាកប្បកិរិយារបស់កូនតាំងពីតូចរហូតដល់ធំ។
ការអប់រំប្រៀនប្រដៅកូនប្រៀបបីដូចជា ការដាំដើមឈើមួយដើមតាំងពីតូចរហូតដល់ធំអញ្ចឹង យើងត្រូវស្រោចទឹក ជ្រោចដី ដាក់ជីវាអោយបានល្អ។ អញ្ចឹងក៏មិនខុសអីពីការមើលថែ និងតម្រង់ផ្លូវកូនតាំងពីតូចដូចគ្នាដែល ហើយយើងមានវិធីរាប់រយ ដែលឪពុកម្តាយអាចព្យាយាមអនុវត្តន៍តាម ជាមួយកូន ដើម្បីអោយកូនក្លាយជាយុវជន យុវនារី ល្អសម្រាប់គ្រួសារ និងប្រទេសជាតិផងដែរ។
ចំណុចទាំង៥ នេះអាចជួយលោកឪពុកអ្នកម្តាយក្នុងការអប់រំកូនបាន៖
១. ការនិយាយដោយអារម្មណ៍ស្ងប់ និងភាពស្និតស្នាលជាមួយកូន
ឪពុកម្តាយទាំងឡាយត្រូវស្តាប់ហេតុផល និងប្រើអារម្មណ៍ស្ងប់និយាយជាមួយកូនតូច ទោះជាអ្នកខឹងនឹងកូនយ៉ាងណាក៏ដោយ។ ព្រោះពេលកូនធ្វើខុស គាត់មានអារម្មណ៍ភ័យ ហើយខ្លាចលោកអ្នក ហើយបាត់បង់ស្មារតីក្នុងការទទួលកំហុស និងពិបាកកែតម្រូវកំហុសរបស់ពួកគាត់។
ត្រូវប្រើស្នាមញញឹម នឹងការកាន់ដៃ ឬអោបគាត់ ហើយសួររកហេតុផលដែលបណ្តាលអោយគាត់ធ្វើខុស ហើយកុំវៃគាត់ តែយើងនឹងមានឧទាហរណ៍មកប្រាប់គាត់លាយឡំនឹងភាពកំប្លែង ដើម្បីអោយគាត់បាត់ភ័យ ហើយព្រមទទួលស្តាប់យើង។
២. ការលើកទឹកចិត្តចំពោះកូននៅពេលដែលគាត់មានឥរិយាបថល្អ
សម្រាប់ក្មេងគ្រប់រូបតែងតែចូលចិត្តស្តាប់ពាក្យសសើរ និងការលើកទឹកចិត្ត ចំពោះកាយវិការណាមួយដែលគាត់ពេញចិត្តនឹងសម្តែងអោយយើងឃើញ។ ពួកគាត់មិនចេះសសើរយើងទេ តែយើងអាចធ្វើអោយគាត់ចេះសសើរ ហើយស្តាប់តាមនូវអ្វីដែលយើងប្រាប់ ដោយធ្វើអោយគាត់សប្បាយចិត្ត និងសសើរនិងលើកទឹកចិត្តគាត់។
៣. លើកកម្ពស់ស្មារតី និងទឹកចិត្តដែលជាគោលបំណងរបស់ពួកគេ
ជំរុញ និងលើកទឹកចិត្តគាត់អោយគាត់ធ្វើអ្វីមួយ ដោយជឿជាក់លើខ្លួនឯង និងជំរុញអោយគាត់ចេះ ថែទាំសុខភាព នឹងស្រលាញ់ភាពសប្បាយរីករាយ ក្នុងការទំនាក់ទំនងជាមួយសង្គម និងមនុស្សដែលនៅជុំវិញខ្លួន។
៤. ការអោយតម្លៃក្នុងការរស់នៅរបស់អ្នក
លើកកម្ពស់ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងការរស់នៅក្នុងគ្រូសារ និងមនុស្សដ៏ទៃដោយការគោរព និងអធ្យាស្រ័យ។ រួមទាំងសន្តានចិត្តល្អ ចេះចែករំលែក ចេះជួយធុរៈអ្នកដទៃដោយអំពើល្អ។
៥. បត់បែនតាមកាលៈទេសៈ
ត្រូវផ្តល់សិទ្ធក្នុងការជ្រើសរើសអោយពួកគាត់ ទោះពួកគាត់នៅតូចក៏ដោយ ព្រោះបើជំទាស់ គាត់អាចយំ ខឹង មិនសប្បាយចិត្ត ហើយមិនព្រមធ្វើតាមនៅអ្វីដែលយើងណែនាំគាត់។
ពេលដែលលោកអ្នកឃើញកូនរបស់លោកអ្នកធ្វើអ្វីមួយដែលលោកអ្នកមិនពេញចិត្ត លោកអ្នកត្រូវនិយាយប្រាប់ខ្លួនឯងថា លោកអ្នក គឺជាអ្នកសម្របសម្រួល មិនមែនជាអ្នកបង្គាប់បញ្ជារទេ។
សម្រួលអត្ថបទដោយ៖ កូនពៅ