ឯកសារកសិកម្ម
រូបភាព
ដង្កូវបំពង់កាត់ស្លឹក ជាប្រភេទសត្វចង្រៃម្យ៉ាង ដែលបំផ្លាញដំណាំស្រូវចាប់ពីដំណាក់កាលសំណាបរហូតដល់ដំណាក់កាលស្រូវបែកគុម្ព ជាពិសេស ពេលស្រូវនៅខ្ចី។ វាជាសត្វល្អិតអាចរស់នៅបានទាំងក្នុងទឹក និងលើគោក។ ក្នុងវ័យជាដង្កូវវាស៊ីបំផ្លាញស្លឹកស្រូវខ្ចី រួចកាត់ស្លឹកស្រូវមួរខ្លួនវាជាបំបង់ទម្លាក់ចុះមកក្រោមរួចបណ្តែតខ្លួនលើផ្ទៃទឹក។ ដង្កូវប្រភេទនេះ វារស់នៅក្នុងបំបង់ស្លឹកស្រូវ ហើយបណ្តែតខ្លួនលើផ្ទៃទឹកនៅពេលថ្ងៃ ពេលយប់វាតោងឡើងដើមស្រូវទាំងបំពង់ ដើម្បីស៊ីស្លឹកស្រូវជាអាហារ។ ដង្កូវប្រភេទនេះច្រើនកើតនៅលើដីស្រែ ដែលពុំបានរៀបចំស្មើល្អ និងលើស្រៃដែលមានទឹកដក់ជាប្រចាំ។ មេអំបៅពេលថ្ងៃលាក់ខ្លួនក្នុងគុម្ពស្មៅ និងចេញទៅពងពេលយប់ ដែលអាចមានចំនួន ៥០ពង។
លក្ខណៈរូប
– ពង មានពណ៌សព្រលែត/ពណ៌លឿងខ្ចី ឬពណ៌សដូចទឹកសន្សើម (ពងរបស់វាមានរាងមូលដូចថាស មានទំហំមិនស្មើគ្នាតំរៀបជាជួរខាងក្រោមផ្ទៃស្លឹក ជិតញាស់ប្រែជាពណ៌លឿងចាស់)
– ដង្កូវមានពណ៌លឿងថ្លា ឬខៀវព្រលែត ពេលវាស៊ីចំណីអាហាររួច
– ដឹកឌឿ មានពណ៌សព្រលែត ឬពណ៌ទឹកដោះគោ (ពណ៌ត្នោត)
– មេអំបៅ មានពណ៌ដូចទឹកប្រាក់ (សស្លេករំលេចដោយដុំ ឬឆ្នូតពណ៌ត្នោតខ្ចី) ហើយមានចំណុចអុចៗនៅលើស្លាប។
វដ្តជីវិត
– មេអំបៅ មានរយៈពេល ៧ថ្ងៃ (ពងនៅលើស្លឹកស្រូវ ដែលធ្លាក់សំយ៉ាកក្បែរផ្ទៃទឹក)
– ពង មានរយៈពេល ៣-៥ថ្ងៃ
– ដង្កូវ មានរយៈពេល ២០ថ្ងៃ (ដឹកឌឿតោងជាប់គុម្ពស្រូវក្បែរផ្ទៃទឹក)
– ដឹកឌឿ មានរយៈពេល ៧ថ្ងៃ។
លក្ខណៈបំផ្លាញ
– ចាប់ពីសំណាប រហូតដល់ស្រូវបែកគុម្ព ពិសេសពេលស្រូវនៅខ្ចី (វាបំផ្លាញលើថ្នាលសំណាប ដែលមានទឹក និងសន្ទូងទើបលាស់ថ្មី)
– ស៊ីបកជាលិកាពណ៌បៃតង ដោយបន្សល់ទុកនៅភ្នាសស្តើងរាងជាថ្នាក់ៗ ដូចកាំជណ្តើរ (ដង្កូវស៊ីស្រទាប់ក្លរ៉ូហ្វឺលទុកតែស្រទាប់ជាលិកា នៅលើផ្ទៃស្លឹកដូចក្រដាស ឬស្បៃមុង ស្លឹកដែលត្រូវវាបំផ្លាញមានស្នាមកាត់ដូចមុខកន្ត្រៃ)
– កាត់ចុងស្លឹកស្រូវធ្វើជាបំពង់ បណ្តែតលើផ្ទៃទឹកនៅពេលថ្ងៃ បំផ្លាញស្លឹកស្រូវនៅពេលយប់។
**វិធានការការពារ និងកំចាត់
– សម្អាតស្រែជាប្រចាំ
– ធ្វើថ្នាលសំណាបគោក អាចជៀសវាងបានពីការបំផ្លាញ
– ធ្វើទីថ្នាលសំណាបឲ្យបានរាបស្មើល្អ និងឆ្ងាញពីវាលស្មៅដែលជាជំរករបស់វា
– ពន្លិចទឹកក្នុងស្រែ ឬថ្នាលសំណាប ហើយកៀរបំពង់ដង្កូវចោល ឬ យកទៅធ្វើចំណីទា
– បង្អូរទឹកចេញពីស្រែរយៈពេល ២-៣ថ្ងៃ (ដោយសារដង្កូវមិនអាចដកដង្ហើមបាននៅលើគោក ដូច្នេះវានឹងស្លាប់)
– ថែរក្សាសត្វមានប្រយោជន៍ដូចជាៈ ពពួគឪម៉ាល់ កន្ទុំរុយ ពីងពាង ស្រឹងទឹក ខ្ទួតដី អណ្តើកមាស…។ ល ។
វិធានការដ៏មានប្រសិទ្ធភាពបំផុត គឺការបង្ហូរទឹកចេញឱ្យអស់ពីស្រែ។ ដោយសារដង្កូវបំពង់កាត់ស្លឹកជាប្រភេទសត្វល្អិតដែលមានជីវិតពាក់កណ្តាលលើគោក និងពាក់កណ្តាលក្នុងទឹក ដូច្នេះនៅពេលគ្មានទឹកក្នុងស្រែ ដង្កូវមានការលំបាកក្នុងការដកដង្ហើមស្រូបយកអុកស៊ីសែនពីក្នុងទឹក តាមរយៈរោមញ័រនៅជុំវិញខ្លួនរបស់វា បន្ទាប់មកវានឹងស្លាប់។
(ដើម្បីសុវត្ថិភាព និងជាប្រយោជន៍របស់លោកអ្នក សូមប្រើប្រាស់តែថ្នាំកសិកម្មដែលបានចុះបញ្ជិកា និងអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំក្នុងស្លាកសញ្ញា)។
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត