ឯកសារកសិកម្ម
រូបភាព
ដោយការទទួលបាននូវស្រូវអង្ករច្រើន ហើយប្រកបទៅដោយគុណភាព មានជាប់ទាក់ទងជាមួយកត្តាជាច្រើន ឯកសារនេះបានរៀបរាប់អំពីបច្ចេកទេសសមស្របនានា ចាប់ពីការដាំដុះ រហូតដល់កិនជាអង្គរ ។
I. ការដាំដុះ និងគ្រប់គ្រងស្រូវអោយបានទិន្នផលខ្ពស់ និងមានគុណភាពល្អ
១- ភ្ជួររាស់ដីឱ្យសព្វ និងស្មើដើម្បីឱ្យស្រូវលូតលាស់ និងទុំដំណាលៗគ្នា ហើយគ្រាប់មានទំហំ និងសំណើមប្រហាក់ប្រហែលគ្នា
២- ជ្រើសរើសពេលវេលា និងអត្រាដាំដុះឱ្យសមស្រប
៣- ជ្រើសរើសកម្រិតដាំដុះឱ្យសមស្រប ព្រោះបើដើមស្រូវដុះញឹកពេក ធ្វើឱ្យវាពុំសួរមាំ(ងាយដួលរលំ) ហើយផ្តល់គ្រាប់តូចៗ ឬ ស្តើងៗ ។ ផ្ទុយទៅវិញបើដើមរង្វើលពេកធ្វើឱ្យមានដុះស្មៅចង្រៃច្រើន ឬ មានការបែកគុម្ពខ្លាំង ធ្វើឱ្យគ្រាប់ ស្រូវក្នុងគុម្ព ឬ ក្នុងកួរតែមួយមិនអាចទុំបានដំណាលៗគ្នា
៤- ដាក់ជីឱ្យស្មើ និងក្នុងពេលសមស្របដើម្បីធ្វើឱ្យដើមស្រូវលូតលាស់ និងបែកគុម្ពស្មើៗគ្នា
៥- រក្សាឱ្យមានទឹកដក់ក្នុងស្រែស្មើៗជាប្រចាំ និងបង្ហូរចេញមុនពេល ច្រូតកាត់
៦- ពិនិត្យមើលដំណាំស្រូវជា ប្រចាំហើយត្រូវកំចាត់ជម្ងឺ ឬសត្វល្អិត ពីព្រោះវាអាចធ្វើឱ្យគ្រាប់ស្រូវខូចរូបរាង ឬ មានចំណុចអុចខ្មៅៗ ។ ដង្កូវរូងដើមធ្វើឱ្យស្រូវស្កក ឬ មិនដាក់គ្រាប់ពេញ
៧- កុំឱ្យមានស្មៅចង្រៃដុះក្នុងស្រែ ព្រោះវាដណ្ដើមជីជាតិ និង ពន្លឺព្រះ អាទិត្យ ធ្វើឱ្យស្រូវដុះលូតលាស់ខ្សោយ ហើយគ្រាប់មានទំហំតូច ។ មួយវិញទៀតគ្រាប់ស្មៅទាំងនោះនឹងលាយឡំជាមួយគ្រាប់ស្រូវ
៨- ប្រមូលផលនៅពេលស្រូវទុំសមស្រប ហើយបោកបែនសម្ភាត និងសម្ងួតឱ្យឆាប់ និង ត្រឹមត្រូវ
៩- ទុកដាក់ឱ្យគត់មត់ និង ត្រឹមត្រូវ ។ គ្រាប់ស្រូវដែលយកទៅទុកដាក់ ត្រូវតែមានសភាពស្អាត និង ស្ងួតគ្រប់គ្រាន់ ហើយត្រូវការពារវាកុំឱ្យរងការបំផ្លាញពីសត្វល្អិត សត្វស្លាប កណ្តុរ ជម្ងឺផ្សិត និង ការឡើងចុះសំណើម ។ក្រមង៉ុយ៖ “កត្តិកធ្លាក់ខ្យល់ តំកល់ទឹកនៅ បើចង់បានស្រូវ ស្រេចនៅត្រឹមថែ”
II. ការច្រូតស្រូវ
គោលបំណងនៃការច្រូតស្រូវគឺដើម្បីៈ
– ទទួលបានគ្រាប់ស្រូវច្រើន និង
– ទទួលបានគ្រាប់ស្រូវមានគុណភាពល្អ
ក្រៅពីត្រូវដឹងនូវអាយុកាលរបស់វា យើងអាចច្រូត។ ក្រៅពីត្រូវដឹងនូវអាយុកាលរបស់វា យើងអាចច្រូតស្រូវបានៈ ២ ចាប់ពី ២៨ ទៅ៣៥ ថ្ងៃសម្រាប់ស្រូវប្រាំង និងចាប់ ពី ៣២ ទៅ ៣៨ ថ្ងៃ សម្រាប់ស្រូវវស្សាបន្ទាប់ពីវាចេញផ្កាបាន ៥០%
– កាលណាមានគ្រាប់ពី ៨០ ទៅ ៨៥% មានពណ៌ដូចចំបើង (លឿងទុំ)
– កាលណាគ្រាប់មានសភាពរឹង តែមិនស្រួយនៅពេលខាំ
– កាលណាគ្រាប់មានអត្រាសំណើមពី ២០ ទៅ ២៥% ។
បើក្រច្រូតគ្រាប់ស្រូវនឹងស្ងួតជ្រុល ឬ ទុំញោស ហើយជ្រុះខ្ចាត់ខ្ខាយច្រើន ព្រមទាំងធ្វើឱ្យវាងាយប្រេះស្រាំនៅពេលបោកបែន ហើយបាក់ខ្ទេចនៅពេល កិនជាអង្ករ ។ តែបើឆាប់ច្រូតពេកគ្រាប់ស្រូវជាច្រើននឹងនៅស្ទើរ ហើយធ្វើឱ្យពិបាកបោលបែន ។ គ្រាប់ស្រូវដែលនៅស្ទើរមានភាពស្តើង ហើយមានសាច់ខាងក្នុង ផុសៗដូចដីស ធ្វើឱ្យមានកន្ទក់ និង ចុងអង្ករច្រើននៅពេលកិនជាអង្ករ ។
អ្វីដែលគួរធ្វើ ?
– គួរបង្ហូរទឹកចេញពីក្នុងស្រែពី ៧ទៅ ១០ ថ្ងៃ នៅមុនពេលច្រូត ឬ នៅពេលដែលគ្រាប់ស្រូវនៅចុងកូរភាគច្រើនដាក់ម្សៅ ហើយឡើងរឹង ឬ ប្រែពណ៌ពី បៃតងទៅលឿង
– គួរលៃលកបោកបែនភ្លាម ឬ ឱ្យឆាប់តាមដែលអាចធ្វើបានបន្ទាប់ពី ច្រូតរួច ដើម្បីកុំឱ្យគ្រាប់ស្រូវឡើងសំណើមវិញ ដែលនាំឱ្យវាងាយបាក់ខ្ចេច ។ ការខកខានមិនបានហាលសម្ងួតគ្រាប់ស្រូវឱ្យបានឆាប់ធ្វើឱ្យគ្រាប់អង្ករឡើងពណ៌លឿង
– ប្រសិនបើគ្រាប់ស្រូវមានភាពទឹកសន្សើម ឬ ទឹកភ្លៀង គួររង់ចាំឱ្យវាស្ងួត ឬ ស្រស់ទឹកសិន សឹមច្រូត
– នៅពេលដាក់កណ្តាប់រាយក្នុងស្រែ គួរធ្វើឱ្យគួរស្រូវស្ងួត ដោយដាក់វា ឱ្យខ្ពស់ផុតពីទឹក ឬ ដីសើម ។
III. ការបោកបែនស្រូវ
អាស្រ័យទៅតាមទម្លាប់ និងលទ្ធភាព យើងអាចបោកបែនស្រូវតាមវិធី ផ្សេងៗដូចក្នុងរូបភាពខាងក្រោម៖
ទោះជាបោកបែនដោយវិធីណាក៏ដោយ យើងត្រូវតែប្រយ័ត្នដើម្បីចៀសវាងការធ្វើឱ្យបែក ឬ រលាត់សម្បកស្រូវ (អង្កាម) និង ប្រេះ ឬ ស្រាំគ្រាប់អង្ករ ខាងក្នុង
– កាលណាសម្បកស្រូវបែក ឬ រលាត់ វាងាយរងការបំផ្លាញពីសំណើម ការកើតផ្សិត និង សត្វល្អិត
– កាលណាគ្រាប់អង្ករខាងក្នុងមានភាពប្រេះ ឬ ស្រាំ វាងាយនឹងបាក់ខ្ទេចនៅ ពេលកិន
ការបោកបែនតាមវិធីបុរាណ ឬ ប្រពៃណី គឺជាវិធីដ៏ល្អ ប៉ុន្តែវាទាមទារ ឱ្យចំណាយពលកម្ម និង ពេលវេលាច្រើន
ប្រសិនបើយើងបោកបែនដោយម៉ាស៊ីនៈ
– គ្រាប់ស្រូវគួរមានអត្រាសំណើម ពី ២០ ទៅ ២៥% ។ ស្រូវសើមជាងនេះ ធ្វើឱ្យពិបាកបោក ឬ ប្រឡេះគ្រាប់ពីចីបើងមិនអស់ តែបើស្ងួតជាងនេះ ធ្វើឱ្យ ងាយប្រេះស្រាំគ្រាប់
– គួរប្រយ័ត្នកុំឱ្យត្បាល់ម៉ាស៊ីនបោកវិលលឿនពេក (លឿនជាង ៦០០ជុំក្នុង មួយនាទី ឬ ចុងធ្មេញត្បាល់លឿនជាង ១២ម៉ែត្រ ក្នុងមួយនាទី ) ។ កាលណា វាវិលយឺតពេក ធ្វើឱ្យបយឺត ឬ ប្រឡេះគ្រាប់ពីចំបើងមិនអស់ តែបើវាវិលលឿនពេក ធ្វើឱ្យគ្រាប់ស្រូវរងកម្លាំងវាយផ្ចប់ខ្លាំងហើយងាយបែក ឬ រលាត់សម្បក និង ប្រេះស្រាំអង្ករ ។
ចំណាំៈ
– ការខកខានមិនបានបោកបែនស្រូវ និង ហាលសម្ងួតឱ្យបានឆាប់បន្ទាប់ ពីច្រូតរូច អាចធ្វើឱ្យគ្រាប់អង្ករឡើងពណ៌ស្រអាប់ លឿង ឬ រលួយខូចតែម្តង
– ការប្រមូល និង ដឹងជញ្ជូនកណ្តាប់ស្រូវទៅកាន់ទីលានបោកបែនត្រូវតែធ្វើដោយប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើឱ្យជ្រុះខ្ចាត់ខ្ចាយច្រើន ។
IV. វិធីទុកដាក់ និង កាតពារស្រូវ
បន្ទាប់ពីច្រូតកាត់ និង បោកបែនហើយ យើងត្រូវតែទុកដាក់ស្រូវឱ្យមានសុវត្ថិភាពដើម្បី ជាស្បៀងអាហារ ឬ ជាគ្រាប់ពូជ ទម្រាំតែដល់ពេលប្រមូលផល ឬ ដាំដុះជាថ្មី ។
យើងអាចទប់ស្កាត់មិនឱ្យខ្មួតបំផ្លាញស្រូវយើងដោយៈ
១- ហាលស្រូវឱ្យស្ងួត ( អត្រាដំណើម ១៤% ឬ ទាបជាងនេះតិចតួច និង សម្ភាតវាឱ្យស្អាតកុំឱ្យមានសណ្ដី និង កំទេចកំទី មុននឹងទៅទុកដាក់)
២- ចៀសវាងកុំទុកស្រូវចាស់ជាមួយស្រូវថ្មី
៣- ប្រើប្រាស់តែសម្បកបាវស្ងួត និងស្អាត
៤- ចង ឬ ដេរភ្ជិតមាត់បាវឱ្យជាប់
៥- សំអាតកន្លែងទុកដាក់ឱ្យស្អាតជាប្រចាំ ។ ការសម្ភាត ឬ ការធ្វើឱ្យមានអនាម័យនៅក្នុងនិងជុំវិញកន្លែងទុកដាក់ស្រូវជាកិច្ចការសាមញ្ញ មានតម្លៃថោកតែមានប្រសិទ្ធភាពខ្ពស់ ។
មូលហេតុសំខាន់ៗដែលធ្វើឱ្យគ្រាប់ស្រូវថយចុះគុណភាពក្នុងពេលទុកដាក់មានៈ
១- ហាលសម្ងួតមិនគ្រប់គ្រាន់ និង មិនត្រឹមត្រូវ
២- សម្ភាតមិនបានស្អាត
៣- ខ្យល់ពុំអាចឆ្លងកាត់បានធ្វើឱ្យគ្រាប់ស្រូវឡើងកម្កៅជ្រុល និងឡើង សំណើមវិញ
៤- សត្វល្អិត និង ផ្សិតយាយីបំផ្លាញ ។
ចំណាំៈ
– គួរកុំសង់ជង្រុកនៅជិតកន្លែងដែលកខ្វក់ មានដក់ទឹក ឬ ដែលអាចមានប្រភពរាតត្បាតកត្តាចង្រៃច្រើន ។
– ដើម្បីកុំឱ្យស្រូវសើម និងឡើងកម្តៅ ជង្រុកត្រូវតែមានដំបូល និងជញ្ជាំងត្រឹមត្រូវ ប៉ុន្តែមានខ្យល់បក់ឆ្លងកាត់
– គួរការពារកុំឱ្យស្រូវ ឬបរិយាកាសនៅកន្លែងទុកដាក់ក្តៅខ្លាំងពេក
– នៅរដូវវស្សា សំណើមស្រូវដែលទុកដាក់ក្នុងបាវក្រចៅ ឬ ពាងធ្វើពីដីឥដ្ឋ អាចនឹងកើនឡើង
ការទុកដាក់ស្រូវនៅក្នុង បរិក្ខារបិតជិត ឬ ធុង (សូមមើល រូបភាព ) ធ្វើឱ្យយើងទទួលបានអង្ករ ល្អនៅពេលកិន និងមានកម្រិតកម្ទេចចុងនៃអង្ករទាប ។ បើយើងទុកគ្រាប់ពូជស្រូវវិញ អាចរក្សាគ្រាប់ឱ្យមាន ដំណុះល្អ ។ដោយសារបរិក្ខារបិតជិតនេះ អាចទប់ស្កាត់ បានល្អជាមួយនឹងការជ្រៀតចូលនៃសត្វល្អិតបំផ្លាញ់គ្រាប់ ស្រូវ និងការជ្រៀតចូលនៃខ្យល់ ដែលបណ្តាលឱ្យប្រែប្រួលសំណើមគ្រាប់ស្រូវធ្វើឱ្យខូចគុណភាព
– ចាំបាច់ត្រូវត្រួតពិនិត្យរាល់បរិក្ខារបិតជិតទាំងនោះ កុំឱ្យមានប្រេះ បែក ធ្លុះ ធ្លាយ រហែក មុនពេលយើងយកវាទៅប្រើប្រាស់ ។ ហើយស្រូវត្រូវហាលសំងួត ឱ្យស្ងួតល្អសិនមុនពេលទុកដាក់ ។ ម្យ៉ាងទៀតបរិក្ខារទុកដាក់ទាំងនោះ ត្រូវតែប្រុងប្រយ័ត្នដោយដាក់វានៅក្នុងម្លប់ ដើម្បីរក្សាឱ្យសីតុណ្ហភាពខាងក្នងបរិក្ខារមានសភាព ថេរ ជាពិសេសបរិក្ខារទុកដាក់ធ្វើពីលោហធាតុ ឬប្លាសស្ទីក ដូចជាធុងសាំង ធុងជ័រ និង ស្បោងប្លាសស្ទីក ។
V. វីធីកិនបានអង្ករមានគុណភាពខ្ពស់
ដើម្បីទទួលបានអង្ករដែលមានគុណខ្ពស់ៈ
១- ស្រូវដែលយកទៅកិនត្រូវមានគុណភាពខ្ពស់ ស្ងួតត្រឹមត្រូវ និងគ្មានសំរាម
២- ម៉ាស៊ីនកិនស្រូវត្រូវបានសម្អាត និងថែរក្សាត្រឹមត្រូវជាប្រចាំ
៣- អ្នកបញ្ជាម៉ាស៊ីនមានជំនាញ និង ប៉ិនប្រសប់
បើខ្វះតែចំណុចណាមួយខាងលើ អង្ករដែលកិនបានអាចមានកម្រិតទាប និង មានគុណភាពអន់ ។ ឧទាហរណ៍ៈ ស្រូវដែលអន់គុណភាព នឹងធ្វើឱ្យអង្ករខ្ទេច និង ភ្លាយជាកន្ទក់ច្រើនហើយមានគុណភាពអន់ទៅតាមនោះ ទោះបីជាម៉ាស៊ីនកិនស្រូវមានភាពទំនើបបែបណាក៏ដោយ ។ ដូចគ្នាដែរ ទោះបីជាស្រូវមានគុណភាពល្អ ហើយអ្នកបញ្ជាម៉ាស៊ីនមានជំនាញ និងមានភាពប៉ិនប្រសប់បែបណាក៏ដោយ ក៏អង្ករ នៅតែកិនបានតិចហើយអន់គុណភាពដដែលប្រសិនបើម៉ាស៊ីនមិនត្រូវបាន ថែរក្សាឱ្យត្រឹមត្រូវជាប្រចាំ ។ ស្រូវដែលអាចគុណភាពខ្ពស់ គឺជាស្រូវដែលមានភាពទុំ និង មានការដាក់គ្រាប់ស្មើៗគ្នាមានទំហំ និង រូបរាងគ្រាប់ប្រហាក់ប្រហែលគ្នា ពុំមានភាពប្រេះស្រាំ ពុំមានលាយឡំទៅដោយក្រួស ឬ សម្រាមផ្សេងៗ ពុំត្រូវបានបំផ្លាញដោយសត្វល្អិត និង ជម្ងឺផ្សិត ហើយមានភាពស្ងួតត្រឹមត្រូវ ។
ចំណាំៈ
– ជាមធ្យម ការកិនស្រូវធ្វើឱ្យបានអង្កាម ២០% កន្ទក់ ១០% និងអង្ករ សម្រិត ៧០% ។ នៅក្នុងអង្ករសម្រិត តែងមានអង្ករដើម និង ចុងអង្ករ
– ស្រូវមានគុណភាពអន់ ម៉ាស៊ីនមិនល្អ និង អ្នកបញ្ជាម៉ាស៊ីនមិនមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើឱ្យយើងបាត់អង្ករអស់ពី ៣ ទៅ ១០%
ការកិនមិនត្រឹមត្រូវអាចធ្វើឱ្យៈ
– ស្រូវចេញទៅជាមួយអង្កាម
– មានអង្កាមលាយឡំជាមួយកន្ទក់
– មានកន្ទក់ច្រើន និង
– អង្ករមិនសូវស្អាត ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត